អន្តរជាតិ
ជុំវិញខ្លួន ចិនមានជម្លោះជាមួយប្រទេសណាខ្លះ?
18, Sep 2020 , 8:59 am        
រូបភាព
ប្រធានាធិបតីចិនស៊ី ជិនភីង។ រូបភាព៖ Xinhua
ប្រធានាធិបតីចិនស៊ី ជិនភីង។ រូបភាព៖ Xinhua
ចិន គឺជាប្រទេសមួយ ដែលស្ថិតនៅក្នុងតំបន់អាស៊ីខាងកើត និងជាមហាអំណាចសេដ្ឋកិច្ច យោធា និងនយោបាយ។ កត្តានេះហើយ ចិនត្រូវបានចាត់ទុកថា គឺជាមហាអំណាចតំបន់មួយ ក្នុងចំណោមមហាអំណាចតំបន់ផ្សេងទៀត។ ជាមួយគ្នានេះ ឥទ្ធិពលរបស់ចិន កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អមជាមួយការកើនឡើងឥទ្ធិពល ចិនមានសត្រូវ ឬកំពុងមានជម្លោះជាមួយបណ្តាប្រទេសជាច្រើន ដែលស្ថិតនៅជុំវិញខ្លួន។


 
ផ្តើមចេញពីសមុទ្រចិនខាងត្បូង ចិន មានជម្លោះជាបណ្តាប្រទេសអាស៊ាន រហូតដល់ជម្លោះព្រំដែនភាគខាងលិចជាមួយឥណ្ឌា ខណៈពេលខ្លួនកំពុងមានបញ្ហាចម្រូងចម្រាសជាច្រើន ជាមួយអាមេរិក។ ជម្លោះរវាងចិន និងប្រទេសជិតខាង ភាគច្រើនគឺទាក់ទិននឹងបញ្ហាទឹកដី និងព្រំដែន។
 
១. សមុទ្រចិនខាងត្បូង
ដូចដែលបានដឹងស្រាប់ ជម្លោះសមុទ្រចិនខាងត្បូង នៅតែជាបញ្ហាដ៏ចម្បងមួយសម្រាប់ចិន និងសមាជិកអាស៊ាន ដែលមានដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។ ជាជម្លោះដែលកើតមានជាច្រើនទសវត្សរ៍មកហើយ សមុទ្រចិនខាងត្បូង ត្រូវបានភាគីនីមួយៗ ទាមទារមួយភាគធំនៅក្នុងតំបន់នេះ និងសុទ្ធតែអះអាងរៀងៗខ្លួនថា ជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន (EEZ)។ ចិន បានទាមទារតំបន់នេះ តាមរយៈ «បន្ទាត់ក្រហម៩ឆ្នូត» ដែលមានទំហំប្រមាណជិត ៩០ភាគរយនៃសមុទ្រចិនខាងត្បូង។ 
 
២. ជប៉ុន 
ជាប្រទេសជិតខាងគ្នា ជប៉ុនមិនមែនទើបតែមានជម្លោះថ្មីថ្មោងជាមួយចិនទេ ប៉ុន្តែប្រទេសមួយនេះ គឺជាសត្រូវប្រវត្តិសាស្រ្តរបស់ចិន។ សង្រ្គាមចិន-ជប៉ុនលើកទី១ បានផ្ទុះឡើយនៅក្នុងឆ្នាំ ១៨៩៤ និងបញ្ចប់ទៅវិញនៅក្នុងឆ្នាំ ១៨៩៥ ដោយភាគីជប៉ុនគឺជាអ្នកឈ្នះ។ សង្គ្រាមនេះ គឺជាការដណ្តើមគ្រប់គ្រងលើឧបទ្វីបកូរ៉េ និងកោះតៃវ៉ាន់។ រហូតដល់សង្រ្គាមលោកលើកទី២ ជប៉ុននៅតែបន្តឈានពាន និងគ្រប់គ្រងមួយផ្នែកធំលើប្រទេសចិន។ 
 
ក្រៅពីជាសត្រូវប្រវត្តិសាស្រ្ត ប្រទេសទាំងពីរ ក៏ឈ្លោះគ្នាដណ្តើមប្រជុំកោះSenkaku ដែលចិនហៅថា Diaoyu និងដែនទឹកជុំវិញនោះផងដែរ។ កោះនេះ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុន។ កន្លងមកប្រទេសទាំងពីរតែងតែប៉ះសម្តីគ្នា ជុំវិញការអះអាងភាពជាកម្មសិទ្ធិលើប្រជុំកោះនេះ។ 
 
៣. កូរ៉េខាងត្បូង
ជាមួយគ្នានេះ ចិនក៏មានជម្លោះជាមួយកូរ៉េខាងត្បូងផងដែរ ជុំវិញតំបន់លិចទឹកSocotra Rock ដែលស្ថិតនៅក្រោមទឹករហូតដល់ ៤,៦ម៉ែត្រឯណោះ។ តំបន់ Socotra Rock ត្រូវបានកូរ៉េខាងត្បូង និងចិនអះអាងថា គឺជាកម្មសិទ្ធិរបស់ខ្លួន ព្រោះវាស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ)។ ដែនទឹកនេះ គឺស្ថិតនៅចម្ងាយ១៤៩គីឡូម៉ែត្រ ពីកោះម៉ារ៉ាដូ (Marado) ដែលស្ថិតនៅទិសនិរតីនៃកូរ៉េខាងត្បូង និង៣៩៤គីឡូម៉ែត្រ ពីភាគខាងកើតចិន។ 

៤. ឥណ្ឌា 
ចំណែកចិន និងឥណ្ឌាវិញ ក៏មានជម្លោះព្រំដែនជាមួយគ្នាជាយូរមកហើយ ពោលគឺចាប់តាំងពីអង់គ្លេសប្រគល់ឯករាជ្យឲ្យឥណ្ឌាមកម្លេះ។ ជម្លោះនេះ បានឈានទៅដល់ការផ្ទុះអាវុធដាក់គ្នា នៅក្នុងឆ្នាំ១៩៦២ ឆ្នាំ១៩៦៧ និងចុងក្រោយគឺឆ្នាំ១៩៧៥។ ការប៉ះទង្គិចនេះ បានធ្វើឲ្យកងទ័ពភាគីទាំងសងខាង ស្លាប់ជាច្រើននាក់។ រហូតដល់ខែមិថុនា ឆ្នាំ២០២០ កងទ័ពចិន និងឥណ្ឌា បានប៉ះទង្គិចគ្នា តាមរយៈការវាយដៃ ដំបងម្តងទៀត ដែលបង្កឲ្យទាហានឥណ្ឌា បាត់បង់ជីវិតចំនួន២០នាក់ ខណៈចិនមិនបញ្ចេញរបាយការណ៍។ 
 
ចិន និងឥណ្ឌាមានប្រវែងដល់ ៣៤៨៨ គីឡូម៉ែត្រឯណោះ ប៉ុន្តែយក្សនុយក្លេអ៊ែរអាស៊ីទាំងពីរ មិនទាន់មានការកំណត់ព្រំដែនផ្លូវការជាមួយគ្នានៅឡើយទេ ពោលគឺមានត្រឹមតែខែ្សបន្ទាប់គ្រប់គ្រងជាក់ស្តែង (LAC) ប៉ុណ្ណោះ។ LAC នេះ គឺផ្អែកលើស្ថានភាពរបស់ទ័ព ដែលធ្លាប់ឈរជើងពីមុនមក។ ថ្មីៗនេះ ប្រទេសទាំងពីរបានចោទគ្នា ទៅវិញទៅមក ថាបានផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ហើយភាគីថែមទាំងពីរថែមទាំងឈានទៅដល់ការបាញ់កាំភ្លើងទៅលើអាកាស ដើម្បីព្រមានដៃគូម្ខាងៗ។ 
 
ក្រៅពីប្រទេសខាងលើ ចិន ក៏មានជម្លោះជាមួយកោះតៃវ៉ាន់ផងដែរ។ ចិន នៅតែចិញ្ចឹមចិត្តក្នុងការបង្រួបបង្រួមដែនដីមួយនេះ បន្ទាប់ពីបានបំបែកចេញនៅក្នុងឆ្នាំ១៩៤៩។ កន្លងមក ទីក្រុងប៉េកាំង បានប្រកាសជាចំហរថា អាចនឹងប្រើប្រាស់កម្លាំងទ័ពប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ៕ 
 

Tag:
 ចិន
  ឥណ្ឌា
  អាស៊ាន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com