ជាតិ
ពីនេះ ពីនោះ
«កន្លាស់»,«គន្លាស់»ខុសពី«ក្រឡាស់»ដូចម្តេច?
21, Jan 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថាពាក្យ «កន្លាស់»​មាន​ថ្នាក់ពាក្យជា​នាមសព្ទ។ ចំពោះ «គន្លាស់» និង​«ក្រឡាស់»ជា​កិរិយាសព្ទ។

 
«កន្លាស់»​ជា​នាមសព្ទ សំដៅ​លើ​ប្រដាប់មាន​មុខ​តូច​ស្រួច​សម្រាប់​ក្លាស់,​ខ្ទាស់។ ឧទាហរណ៍៖ ក្លាស់កន្លាស់ក។​ «កន្លាស់»​ក៏​សំដៅ​លើ​ស្លឹកសម្រាប់​ប្រក់,​សម្រាប់បាំងដែល​ដេរ,​ក្លាស់​ដោយ​កន្លាស់។ ឧទាហរណ៍៖ ស្លឹកកន្លាស់។ ហើ​យ​«កន្លាស់»​ក៏​សំដៅលើ​ឈ្មោះ​ឈ្លើង​មួយ​ប្រភេទ ដែលមាន​រូប​តូចល្អិត។ ឧទាហរណ៍​៖​ឈ្លើងកន្លាស់។
 
ចំពោះពាក្យ«គន្លាស់»​ជា​កិរិយាសព្ទមាន​ន័យ​ថា និយាយផ្ទុយពាក្យ ថា​ត្រឡប់មក​ឡើងវិញ ទើបមាន​ន័យ​ច្បាស់ថា ជា​នេះ​ជា​នោះ។ ឧទាហរណ៍៖ តានៅ?​(​ទៅណា?), ម៉ាពីនក?(មកពី​ណា​?), ភឹកតឹក(​ផឹកទឹក?), សាយប៊ី(​ស៊ីបាយ)​,​សាយសំបុក​(​សុខសប្បាយ)ជាដើម។ ពាក្យ​ចាស់ហាម​ថា កុំនិយាយគន្លាស់​លើ​ពាក្យ​ពុំ​សមគួរ ឬ​លើពាក្យ​អាសគ្រាម ព្រោះ​នាំឲ្យគេ​រង្កៀស។
  
ចំណែកពាក្យ​«ក្រឡាស់»​ជា​កិរិយាសព្ទ មានន័យ​ថា ប្រែពីផ្កាប់មក​ជាផ្ងារ ពីផ្ងារទៅជា​ផ្កាប់​។ បើជាពាក្យ​ប្រៀបវិញ គឺ​គេចកែសំដី។ និយាយ​ក្រឡាស់ភ្លាមៗ។ ឲ្យ​គេ​រិះគន់និន្ទាថា​ព្រហើន​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com