អន្តរជាតិ
ជាមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានតំណែង និងតួនាទីអ្វីខ្លះ?
18, Sep 2020 , 7:44 pm        
រូបភាព
លោក គីម ជុងអ៊ុនក្នុងកិច្ចប្រជុំបក្សពលករកូរ៉េខាងជើង។ រូបភាព៖ KCNA
លោក គីម ជុងអ៊ុនក្នុងកិច្ចប្រជុំបក្សពលករកូរ៉េខាងជើង។ រូបភាព៖ KCNA
ដោយ:
លោក គីម ជុងអ៊ុន ដែលជាថ្នាក់ដឹកនាំកំពូលរបស់កូរ៉េខាងជើង ស្នងតំណែង និងអំណាចពីឪពុក គឺលោក គីម ជុងអ៊ីលដែលទទួលមរណភាពកាលពីឆ្នាំ២០១១។ បច្ចុប្បន្ននេះលោក គីម ជុងអ៊ុន ត្រូវបានស្គាល់ជាទូទៅថាអ្នកដឹកនាំកូរ៉េខាងជើង។ យ៉ាងណាក្តី គេប្រហែលជាពុំបានដឹងច្បាស់ពីតួនាទី និងតំណែងរបស់លោកឡើយ។

 
 
លោកគីម ជុងអ៊ុន គឺជាកូនទី៣ និងជាកូនពៅរបស់លោក គីម ជុងអ៊ីល និងពុំសូវជាមានអ្នកស្គាល់ប៉ុន្មានឡើយ។ គេជឿថា លោកកើតនៅក្នុងឆ្នាំ១៩៨៤ ហើយលោកបានចំណាយពេលវេលារៀនសូត្រ នៅប្រទេសស្វ៊ីសនៅពេលជាកុមារ។ ក្រោយមកទៀតលោកបានចូលរៀននៅសាកលវិទ្យាល័យសង្គ្រាមគីម ជុងអ៊ីល ពីឆ្នាំ២០០២ ដល់២០០៧។
 
នៅឆ្នាំ២០០៩ ពាក្យចចាមអារ៉ាម ចាប់លេចលឺជុំវិញការស្នងតំណែងពីឪពុក បន្ទាប់ពីថ្នាក់ដឹកនាំកំពូលកូរ៉េខាងជើង លោកគីម ជុងអ៊ីលបានស្នើឈ្មោះលោកចូលបេក្ខជននៃបក្សពលករកូរ៉េខាងជើង។ ក្នុងឆ្នាំដដែលនោះ លោកត្រូវបានផ្តល់តំណែងក្នុងគណៈកម្មការការពារជាតិ ដែលជាស្ថាប័នខ្ពស់បំផុតយោងតាមរដ្ឋធម្មនុញ្ញកូរ៉េខាងជើង។ 
 
ក្នុងខែមិថុនា ឆ្នាំ២០០៩ លោកត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានសន្តិសុខជាតិ។ ក្រោយមកនៅឆ្នាំ២០១០ លោកត្រូវបានតែងតាំងជាឧត្តមសេនីយ៍ផ្កាយ៤ បើទោះបីជាគ្មានបទពិសោធក្នុងសមរភូមិក៏ដោយ។


 លោកគីម ជុងអ៊ុន និងឪពុក គីម ជុងអ៊ីល។ រូបភាព៖ Reuters
 
ក្រោយមរណភាពរបស់លោក គីម ជុងអ៊ីល នៅខែធ្នូ ឆ្នាំ២០១១ លោកត្រូវគីម ជុងអ៊ុនត្រូវបានតែងតាំងជាថ្នាក់ដឹកនាំកំពូលរបស់កូរ៉េខាងជើង។ នៅមេសាឆ្នាំ២០១២ លោកត្រូវបានតែងតាំងជាលេខាទី១នៃបក្សពលករកូរ៉េខាងជើង ប្រធានគណកម្មការយោធាមជ្ឈិមកូរ៉េខាងជើង និងជាប្រធានគណៈកម្មការការពារជាតិ។ លោក គីម ជុងអ៊ីល ដែលស្លាប់ហើយនោះ ត្រូវបានតែងតាំងជាអគ្គលេខាធិការអមតនៃបក្សពលករកូរ៉េខាងជើង។ លោក គីម អ៊ីលស៊ុង វិញ ត្រូវបានតែងតាំងជាប្រធានាធិបតីអមតផងដែរ។
 
នៅឆ្នាំ២០១៣ មួយឆ្នាំក្រោយកាន់អំណាច លោកបានដាក់ចេញនូវគោលនយោបាយជាតិ(byungjin) ដែលការអភិវឌ្ឍសេដ្ឋកិច្ចជាតិត្រូវដើរទន្ទឹមគ្នាជាមួយការអភិវឌ្ឍសមត្ថភាពយោធា។
នៅខែមិថុនា ឆ្នាំ២០១៦ សភាកូរ៉េខាងជើងបានធ្វើការកែប្រែរដ្ឋធម្មនុញ្ញដោយពង្រីកបន្ថែម និងពង្រឹងអំណាចលោកគីម ជុងអ៊ុន។ រដ្ឋធម្មនុញ្ញថ្មីនេះ បានបង្កើតស្ថាប័នថ្មី ដែលមានឈ្មោះថា គណៈកម្មការកិច្ចការរដ្ឋ ដែលជាស្ថាប័នដែលមានអំណាចខ្ពស់បំផុត និងលុបចោលគណៈកម្មការការពារជាតិ។ តំណែងនេះ ផ្តល់អំណាចឲ្យលោកក្លាយជាមេបញ្ជាការកំពូលនៃកងទ័ពប្រជាជនកូរ៉េផងដែរ។
 
ចំណែកឯក្នុងសន្និបាតទី៧ នៃបក្សពលករកូរ៉េខាងជើង បក្សបានបង្កើតតំណែងថ្មីនិងខ្ពស់បំផុតឲ្យលោក គីមជុងអ៊ុន ជាប្រធានបក្សពលករកូរ៉េខាងជើង។ ក្នុងឆ្នាំ២០១៩ លោកត្រូវបានសភាកូរ៉េខាងជើងផ្តល់តំណែងជា តំណាងកំពូលរបស់ប្រជាជនកូរ៉េទាំងអស់ និងថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋ។


លោក គីម ជុងអ៊ុន ក្នុងតំណែងជាមេបញ្ជាការកំពូលនៃកងទ័ពប្រជាជនកូរ៉េ។ រូបភាព៖ Xinhua
 
ក្នុងការប្រើប្រាស់លិខិតផ្លូវការជាមួយកូរ៉េខាងជើង ប្រមុខរដ្ឋ និងរដ្ឋាភិបាលប្រទេសដទៃបានសំដៅដល់លោក គីម ជុងអ៊ុន ដោយហៅលោកថា ប្រធានគណៈកម្មការកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com