កីឡាអន្តរជាតិ
អន្តរជាតិ
Alvaro ថា មិនបានរើសអើងពូជសាសន៍អ្វីទេ និងផ្តាំ Neymar ឲ្យរៀនពីបរាជ័យផង
× Alvaro Gonzalez ខ្សែការពារក្រុម Marseille បានឆ្លើយតបភ្លាមៗទៅកាន់ Neymar ថា ខ្លួនមិនបានរើសអើងពូជសាសន៍ដូចការចោទរបស់ខ្សែបម្រើក្រុម Paris Saint-Germain រូបនេះឡើយ។ Gonzalez ថែមទាំងប្រាប់ Neymar ឲ្យរៀនស្គាល់ពីបរាជ័យទៀតផង។
ខ្សែការពារសញ្ជាតិអេស្ប៉ាញ Alvaro Gonzalez តាមរយៈបណ្តាញសង្គម Twitter ផ្ទាល់របស់ខ្លួនបានសរសេរបដិសេធការចោទប្រកាន់របស់ Neymar ជុំវិញការរើសអើងជាតិសាសន៍ ដោយចាត់ទុកជារឿងមិនពិត។ Gonzalez បន្ថែមថា ខ្លួនគ្មានកន្លែងណាសម្រាប់ដាក់ការរើសអើងនោះទេ។
តារាឆ្នើម Neymar ស្ថិតក្នុងចំណោមកីឡាករ៣នាក់របស់ PSG ដែលទទួលបានកាតក្រហមក្នុងជំនួប Le Classique ដែលបញ្ចប់ទៅយ៉ាងច្របូកច្របល់ក្នុងកីឡដ្ឋាន Parc des Princes នៅយប់ថ្ងៃទី១៣ ខែកញ្ញា។ Marseille ដែលទទួលបានជ័យជម្នះ ១-០ ក៏មានកីឡាករ២នាក់ ត្រូវបណ្តេញចេញ នៅចុងម៉ោងផងដែរ។ អតីតសមាជិក Barcelona ត្រូវបណ្តេញចេញ ក្រោយអាជ្ញាកណ្តាលពិនិត្យមើល VAR ឃើញថា រូបគេបានយកដៃវាយក្បាល Gonzalez ពីក្រោយអំឡុងមានជម្លោះរវាងក្រុមទាំងពីរ។
ក្រោយមកតារាឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះបានចោទ Gonzalez ថាបានបង្ហាញការរើសអើងជាតិសាសន៍លើខ្លួន និងថែមទាំងសរសេរសារលើ Twitter ថារូបគេស្តាយណាស់ដែលមិនបានដាល់មុខ Gonzalez ទៀតផង។
យ៉ាងណាក៏ដោយ ខ្សែការពារក្រុម Marseille វ័យ៣០ឆ្នាំរូបនេះ បានច្រានចោលការចោទប្រកាន់នេះ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះថែមទាំងបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន ដោយរៀបរាប់ពីការប្រព្រឹត្តិល្អជាមួយក្រុមការងារ និងកីឡាករក្នុងក្រុមរបស់ខ្លួន។
មិនត្រឹមតែបដិសេធប៉ុណ្ណោះទេ Gonzalez ឆ្លៀតបញ្ចើចបញ្ចើរទៅ Neymar ឲ្យចេះទទួលស្គាល់បរាជ័យទៀតផង។ «ពេលខ្លះអ្នកត្រូវរៀនពីការចាញ់ និងទទួលយកវានៅលើទីលាន»។ នេះជាការបន្ថែមរបស់ Alvaro Gonzalez។
នេះជាបរាជ័យលើកទីពីររបស់ក្រុមម្ចាស់ការពារជើងឯក Ligue 1 សម្រាប់រដូវកាលថ្មី ២០២០-២១ នេះ ខណៈ Marseille រកបាន៦ពិន្ទុពេញពីការប្រកួត២លើកដូចគ្នា៕
Tag:
Alvaro Gonzalez
Neymar
© រក្សាសិទ្ធិដោយ thmeythmey.com