COVID-19
ជាតិ
កងទ័ព​មួក​ខៀវ​កម្ពុជា​១៣៩​នាក់ ត្រឡប់​មកពី​ម៉ាលី​
14, Sep 2020 , 4:41 pm        
រូបភាព
កងទ័ពមួកខៀវកម្ពុជា ត្រឡប់មកពីប្រទេសម៉ាលីមកដល់កម្ពុជាកាលពីយប់ថ្ងៃទី១៣កញ្ញា ២០២០។ (រូបពីទំព័រហ្វេសប៊ុករបស់ ព័ត៌មានកងកម្លាំងរក្សាសន្តិភាព)
កងទ័ពមួកខៀវកម្ពុជា ត្រឡប់មកពីប្រទេសម៉ាលីមកដល់កម្ពុជាកាលពីយប់ថ្ងៃទី១៣កញ្ញា ២០២០។ (រូបពីទំព័រហ្វេសប៊ុករបស់ ព័ត៌មានកងកម្លាំងរក្សាសន្តិភាព)
​ភ្នំពេញ​៖ កងទ័ព​មួក​ខៀវ​កម្ពុជា​១៣៩​នាក់ ក្នុងនោះ​មាន​ស្រី​១១​នាក់ បាន​មកដល់​កម្ពុជា​វិញ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ បន្ទាប់ពី​បញ្ចប់​បេសកកម្ម​រយៈពេល​មួយឆ្នាំ ក្នុងការ​រក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ាលី ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។


​លោកស្រី កុសល ម៉ា​លីន​ដា ជា​អ្នកនាំពាក្យ​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១៤​កញ្ញា​នេះ​ថា កងទ័ព​មួក​ខៀវ​ទាំង​១៣៩​នាក់ ត្រូវធ្វើ​តេស្តរ​កកូ​វីដ​-១៩​ភ្លាមៗ បន្ទាប់ពី​ចុះ​ពីលើ​យន្តហោះ ហើយ​ត្រូវបាន​បញ្ជូនទៅ​ដាក់​ច​ត្តា​ឡី​ស័ក​។ លោកស្រី បន្តថា ក្នុងចំណោម​ទ័ព​មួក​ខៀវ​ទាំង​១៣៩​នាក់​នោះ ៤៥​នាក់ ត្រូវបាន​ដាក់​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព បណ្តុះបណ្តាល​បោសសំអាត​មីន និង កាកសំណល់​សង្គ្រាម ក្នុងស្រុក​ឧដុង្គ និង​៩៤​នាក់ នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​ពហុ​សាន៍ ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។  
 
​លោកស្រី បញ្ជាក់ថា​៖«​មកដល់​ពេល យើង​មិនទាន់​ទទួល​ព័ត៌មាន​ថា​មាន​នរណាម្នាក់​មាន​ជំងឺ​កូ​វីដ​-១៩​ទេ ប៉ុន្តែ​នឹង​តាមដាន​និង​ធ្វើ​ច​ត្តា​ឡី​១៤​ថ្ងៃ​ដដែល ដើម្បី​សុវត្ថិភាព​»​។ 
 
​កាលពី​ថ្ងៃទី​១១ ខែកញ្ញា​នេះ មាន​កងទ័ព​មួក​ខៀវ​កម្ពុជា​២១៨​នាក់ ត្រូវបាន​បញ្ជូនទៅ​ប្រទេស​ម៉ាលី ដើម្បី​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។ អ្នកនាំពាក្យ​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​សន្តិភាព អះអាងថា កងទ័ព​ដែល​បញ្ជូនទៅ គឺ​សុទ្ធតែ​បាន​ពិនិត្យ​សុខភាព​និង​ហ្វឹកហាត់​វិធាន​ការពារ​កូ​វីដ​-១៩​ទាំងអស់​៕ 

Tag:
 កងទ័ព​មួយ​ខៀវ​
  ច​ត្តា​ឡី​ស័ក
© រក្សាសិទ្ធិដោយ thmeythmey.com