អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហាសេដ្ឋី ប្លុម​ប៊ើ​គ បរិច្ចាគ​លុយ​១០០​លាន​ដុល្លារ​ឲ្យ​លោក បៃ​ឌិន ធ្វើ​យុទ្ធនា​ការបោះឆ្នោត​
14, Sep 2020 , 10:59 pm        
រូបភាព
លោក ម៉ៃឃើល ប្លុមប៊ើគ  (ឆ្វេង) ថតជាមួយលោក ចូ បៃឌិន នៅការតស៊ូមតិបឋមក្នុងចំណោមបក្សប្រជាធិបតេយ្យក្នុងឆ្នាំ២០២០ (AFP)
លោក ម៉ៃឃើល ប្លុមប៊ើគ (ឆ្វេង) ថតជាមួយលោក ចូ បៃឌិន នៅការតស៊ូមតិបឋមក្នុងចំណោមបក្សប្រជាធិបតេយ្យក្នុងឆ្នាំ២០២០ (AFP)
ដោយ:
​មហាសេដ្ឋី​អាមេរិក លោក ម៉ៃ​ឃើ​ល ប្លុម​ប៊ើ​គ បាន​សន្យា​ផ្ដល់​លុយ​យ៉ាងតិច ១០០​លាន​ដុល្លារ​ឲ្យ​បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ឌិន ដើម្បី​ធ្វើ​យុទ្ធនា​ការរក​សំឡេងឆ្នោត ក្នុង​រដ្ឋ Florida ។ រដ្ឋ​ភាគ​ខាង​អាគ្នេយ៍​សហរដ្ឋអាមេរិក​នេះ គឺជា​សមរភូមិ​នយោបាយ​ក្តៅគគុក​មួយ​ដែលមាន​ចំណែក​ធំ​ក្នុង​ការជួយ​ឲ្យ​អ្នកឈ្នះ​រដ្ឋ​នេះ​អាច​ឈោង​ចាប់​តំណែង​ប្រធានាធិបតី​អាមេរិក​បាន​។​

 
 
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Kevin Sheekey ទីប្រឹក្សា​ម្នាក់​របស់ ប្លុម​ប៊ើ​គ បាន​អះអាង​ដូច្នេះ​ថា​៖«​លោក ម៉ៃ​ឃើ​ល ប្លុម​ប៊ើ​គ តាំងចិត្ត​មុតមាំ​ក្នុង​ការជួយ [​លោក បៃ​ឌិន​] បង្ក្រាប​លោក ត្រាំ ហើយ​នេះ នឹង​កើតឡើង​ក្នុង​រដ្ឋ​ដែលជា​សមរភូមិ​នយោបាយ​មួយ​នេះ​»​។ ត្រង់នេះ លោក​ចង់​សំដៅលើ​រដ្ឋ Florida ។ 
 
​បើតាម​លោក Sheekey  ការផ្ដល់ប្រាក់​១០០​លាន​ដុល្លារ​សម្រាប់​ផ្គត់ផ្គង់​យុទ្ធនាការ​បោះឆ្នោត​នៅ​រដ្ឋ Florida នេះ នឹង​ជួយ​ឲ្យ​ក្រុម​ធ្វើ​យុទ្ធនា​ការរក​សំឡេងឆ្នោត​របស់លោក បៃ​ឌិន អាចមាន​លទ្ធផល​ប្រើ​លុយ​កាន់តែច្រើន​ថែមទៀត​ក្នុង​រដ្ឋ​សំខាន់ៗ​ដទៃ ដូចជា រដ្ឋ Pennsylvania ជាដើម ដែល​ដើរតួ​សំខាន់​សម្រាប់​ជោគជ័យ​របស់លោក បៃ​ឌិន ក្នុង​ដំណើរ​ទៅកាន់​សេត​វិមាន​។ 
 
​ទោះបី​មុន​ការជួយឧបត្ថម្ភ​របស់​លោក ប្លុម​ប៊ើ​គ ក្រុម​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ទាំង​បក្ស​សាធារណរដ្ឋ​និង​បក្ស​ប្រជាធិបតេយ្យ បាន​រំពឹងទុក​ថា រដ្ឋ Florida នេះ គឺជា​រដ្ឋ​ដែល​ត្រូវ​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់​បំផុត​សម្រាប់​ការធ្វើ​យុទ្ធនា​ការរក​សំឡេងឆ្នោត​។ 
 
​រដ្ឋ​ដែលមាន​ប្រជាជន​រស់នៅ​ជាង​២១​លាន​នាក់​នេះ នឹង​ក្លាយជា​កន្លែង​ប្រជែង​ដ៏​ស្វិតស្វាញ​ចំណោម​រដ្ឋ​សំខាន់ៗ​ដទៃទៀត​ក្នុង​ថ្ងៃ​បោះឆ្នោត ពោលគឺ​រដ្ឋ​នេះ មាន​ប្រតិភូ​រហូតដល់ ២៧​នាក់​ឯណោះ ដែល​ចំនួន​នេះ ពិតជា​សំខាន់​សម្រាប់​បេក្ខជន​ប្រធានាធិបតី​អាមេរិក ក្នុងការ​ប្រមូល​សំឡេង​ប្រតិភូ​ឲ្យ ២៧០​នាក់​ដើម្បី​ឈ្នះ​។ 
 
​ទាក់ទិន​នឹង​ដំណឹង​នេះ លោក ដូ​ណា​ល់ ត្រាំ បាន​ប្រើ​បណ្ដាញ​សង្គម Twitter រិះគន់​លោក​មហាសេដ្ឋី ប្លុម​ប៊ើ​គ ដែល​បាន​ចាយលុយ​១​ពាន់​លាន​ដុល្លារ​រួចហើយ​សម្រាប់​ឈោង​ចាប់​តំណែង​បេក្ខជន​ប្រធានាធិបតី​ក្នុងចំណោម​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ តែ​ក៏​បរាជ័យ​។ ក្នុងន័យ​បែប​ចំអក លោក​បញ្ជាក់ថា លោក ប្លុម​ប៊ើ​គ បានបញ្ចប់​ការធ្វើ​នយោបាយ​ជាមួយ​បក្ស​ប្រជាធិបតេយ្យ​ហើយ ក្រោយ​ចាយលុយ​ជិត​២​ពាន់​លាន​ដុល្លារ ។ 
 
​ក្រុម​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​លោក​ត្រាំ កាលពី​សប្តាហ៍​មុន បាន​បញ្ជាក់ថា ពួកគេ​រៃអង្គាស​បាន​លុយ​សរុប ២១០​លាន​ដុល្លារ​ក្នុង​ខែសីហា ។ ចំនួន​នេះ គឺ​ទាប​ឆ្ងាយ​ពី​ក្រុម​របស់លោក បៃ​ឌិន ដែល​រកបាន ៣៦៤,៥​លាន​ដុល្លារ​សម្រាប់​ខែសីហា​ដូចគ្នា ។ 
 
​យ៉ាងណាមិញ ប្រធានាធិបតី ត្រាំ បាន​ប្រាប់​អ្នកកាសែត​កាលពី​សប្ដាហ៍​មុន​ថា លោក​នឹង​ចំណាយលុយ​ផ្ទៃ​ខ្លួន​ផ្គត់ផ្គង់​ការធ្វើ​យុទ្ធនាការ​នេះ ប្រសិនបើ​ចាំបាច់​។ កាលពី​ការបោះឆ្នោត​ឆ្នាំ​២០១៦ លោក ដូ​ណា​ល់ ត្រាំ យកជ័យ​ជម្នះ​ក្នុង​រដ្ឋ Florida៕

Tag:
 សហរដ្ឋអាមេរិក​
  ការបោះឆ្នោត​អាមេរិក​
  Michael Bloomberg
© រក្សាសិទ្ធិដោយ thmeythmey.com