សង្គមអន្តរជាតិ​
អន្តរជាតិ
តើ​អង្គការសហប្រជាជាតិ​មាន​ភាសាផ្លូវការ​ចំនួន​ប៉ុន្មាន ?
15, Sep 2020 , 8:39 am        
រូបភាព
ទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិនៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក (AFP)
ទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិនៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក (AFP)
ដោយ:
​អង្គការសហប្រជាជាតិ (UN) បាន​ប្រសូត្រ​ឡើង​ក្នុង​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​១៩៤៥ ដោយ​កាលនោះ​មាន​ប្រទេស​ជា​សមាជិក​ត្រឹម ៥០​ប៉ុណ្ណោះ​។ គិត​មកទល់​បច្ចុប្បន្ន​នេះ UN មាន​សមាជិក​សរុបរ​ហូត​ដល់​១៩៣​ប្រទេស​ហើយ​។ តើ​អង្គការ​អន្តររដ្ឋាភិបាល​មួយ​នេះ​មាន​ភាសាផ្លូវការ​ចំនួន​ប៉ុន្មាន​?

 
​ទោះ​ប្រទេស​ជា​សមាជិក UN សរុប​ទាំង​១៩៣ មាន​ប្រជាជន​និយាយ​ខុសៗ​គ្នា​មែន ភាសាផ្លូវការ​របស់​អង្គការ​មួយ​នេះ​មានតែ​៦​ប៉ុណ្ណោះ​។ យោងតាម​វេ​ប​សាយ​ផ្លូវការ​របស់ UN ភាសា​ទាំងនោះ មានដូចជា អារ៉ាប់ អង់គ្លេស  ចិន​ បារាំង រុស្ស៊ី និង​អេ​ស្ប៉ា​ញ ។ 
 
​ភាសា​ផ្លូវ​ទាំង​៦​នេះ គឺ​ត្រូវបាន​ប្រើប្រាស់​ក្នុង​កិច្ចប្រជុំ UN និង​សម្រាប់​ឯកសារ​ផ្លូវការ​។ បើតាម UN ភាសា​ទាំងនេះ គឺជា​ភាសា​ដើម ឬ​ភាសា​ទី​២​របស់​មនុស្ស​ប្រមាណ ២,៨​ពាន់​លាននាក់ ឬ​ជិត​ពាក់កណ្ដាល​នៃ​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​។ 
 
​នៅពេល​តំណាង​នៃ​ប្រទេសមួយ ឡើង​និយាយ​នៅ​អង្គការសហប្រជាជាតិ បុគ្គល​រូបនេះ ត្រូវតែ​និយាយ​ភាសា​មួយ​ក្នុងចំណោម​ភាសាផ្លូវការ​ទាំង​៦​ខាងលើ ឬ​ផ្ដល់​ការបកប្រែ​ពី​ភាសា​ដើម​ទៅកាន់​ភាសាផ្លូវការ​មួយ​ក្នុងចំណោម​ភាសា​ទាំង​៦​។ 
 
​ក្រោយមក UN នឹង​បកប្រែ​ពី​ភាសាផ្លូវការ​ដែល​ត្រូវបាន​ប្រើ​រួច​នេះ​ទៅ​ភាសាផ្លូវការ​៥​ផ្សេងទៀត​។ អង្គការសហប្រជាជាតិ ធ្វើបែបនេះ​ដូចគ្នា​ទៅនឹង​ឯកសារ​ផ្លូវការ​របស់ខ្លួន​។ 
 
​គោលដៅ​នៃ​ការប្រើ​ភាសា​ទាំង​៦​នេះ ទាំង​ក្នុង​ទម្រង់​និយាយ​និង​សរសេរ គឺមាន​សារសំខាន់​សម្រាប់​កិច្ចការងារ​របស់​អង្គការ​អន្តររដ្ឋាភិបាល​មួយ​នេះ ព្រោះថា​វា​ជួយ​សម្រួល​ដល់​ការប្រាស្រ័យ​ទាក់ទង​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​ពាក់ព័ន្ធ​បញ្ហា​ចម្បងៗ​របស់​សកលលោក​។ នេះ​បើតាម​វេ​ប​សាយ​ផ្លូវការ​របស់ UN ៕

Tag:
 ​អង្គការសហប្រជាជាតិ​
  UN
  ភាសាផ្លូវការ​
© រក្សាសិទ្ធិដោយ thmeythmey.com