ជាតិ
សុខភាព
ក្រសួងសុខាភិបាល អំពាវនាវ​ព្រះសង្ឃ និង​ពលរដ្ឋ ទប់ស្កាត់​ការចម្លង​ជំងឺ​គ្រុន​ផ្ដាសាយធំ​នៅ​រដូវ​ភ្ជុំបិណ្ឌ​
15, Sep 2020 , 11:37 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី កា​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​សម្រាប់​ទប់ស្កាត់​ការចម្លង​ជំងឺ​គ្រុន​ផ្ដាសាយធំ ក្រោយ​កើតមាន​ករណី​គ្រុន​ផ្ដាសាយធំ​នៅតាម​ខេត្ត​មួយចំនួន​នៅក្នុង​អំឡុងពេល​ភ្ជុំបិណ្ឌ​។ បើតាម​សេចក្ដី​ជូន​ចុះ​ថ្ងៃទី​១៤ កញ្ញា ក្រសួងសុខាភិបាល អំពាវនាវ និង​ក្រើនរំលឹក​ដល់​ព្រះសង្ឃ គណៈកម្មការ​វត្ត និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ និង​ថែរក្សា​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

 
​បន្ទាប់ពី​កើតមាន​ករណី​ការចម្លង​ជំងឺ​គ្រុន​ផ្ដាសាយធំ​នៅតាម​វត្ត​អារាម​មួយចំនួន នៅក្នុង​ខេត្តតាកែវ ត្បូងឃ្មុំ និង​បាត់ដំបង ដែល​កើត​លើ​ព្រះសង្ឃ ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឲ្យ​ចូលរួម​ទប់ស្កាត់​ជំងឺ​នេះ​នៅក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​។ តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល លទ្ធផល​វិភាគ​នៃ​មន្ទីរពិសោធន៍​បង្ហាញថា ព្រះសង្ឃ​ជាច្រើន​អង្គ ដែលមាន​រោគសញ្ញា ក្ដៅ​ព្រះកាយ​លើសពី ៣៧.៥ អង្សា​សេ ក្អក និង​ហៀរ​សំបោរ មាន​ជំងឺ​គ្រុន​ផ្ដាសាយធំ​។ 
 
​ក្រសួងសុខាភិបាល បញ្ជាក់ថា តាម​ការសង្កេត​របស់​ក្រសួង​ឃើញថា នៅតាម​វត្ត​អារាម​មួយចំនួន មានការ​ខ្វះចន្លោះ ក្នុងការ​អនុវត្ត​វិធានការ​តាម​ការណែនាំ​របស់​ក្រសួង នៅក្នុង​អំឡុងពេល​ភ្ជុំបិណ្ឌ​។ សេចក្ដីជូនដំណឹង​ដែល​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​រំលឹក​ឲ្យ​បន្ត​រក្សា​អនាម័យ លាង​សម្អាត​ដៃ​ឲ្យ​ញឹកញាប់ និង​ពាក់​ម៉ាស់​ក្នុងករណី​ចាំបាច់ ពិសេស​នៅពេល​ចូល​វត្ត​អារាម​។ 
 
​លោក ម៉ម ប៊ុនហេង បន្តថា ព្រះសង្ឃ និង​ប្រជាពលរដ្ឋ មិនត្រូវ​ជួបជុំគ្នា​ទ្រង់ទ្រាយ​ធំ​ឡើយ ដោយ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​។ លើសពីនេះ ព្រះសង្ឃ​អាពាធ ឬ​បុគ្គល​ឈឺ មាន​រោគសញ្ញា​ផ្ដាសាយ ឬ​មិន​ស្រួលខ្លួន ត្រូវ​សម្រាក​ក្នុង​កុដិ ឬ​កន្លែង​ដាច់ដោយឡែក​។ 
 
​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ ព្រះសង្ឃ​ចំនួន ៤៦​អង្គ ដែល​គង់នៅ​ក្នុង​វត្ត​ស្វាយដង្គំ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង មាន​ករណី​ក្តៅខ្លួន ក្អក និង​ហៀរ​សំបោរ​។  ក្រោយ​មាន​រោគសញ្ញា​សង្ស័យ​លើ​ព្រះសង្ឃ​ចំនួន ២១​អង្គ ក្រុមគ្រូពេទ្យ​ខេត្តបាត់ដំបង បាន​យក​វត្ថុ​សំណាក​ទៅធ្វើ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ហើយ​លទ្ធផល បង្ហាញថា មិនមាន​ឆ្លង​កូ​វីដ​-១៩​នោះទេ ដោយ​កើត​ជំងឺ​គ្រុន​ផ្ដាសាយធំ​តែប៉ុណ្ណោះ​៕

Tag:
 ​សុខភាព​
 ​គ្រុន​ផ្ដាសាយធំ​
© រក្សាសិទ្ធិដោយ thmeythmey.com