COVID-19
អន្តរជាតិ
ការ​ចែកចាយ​វ៉ាក់សាំង COVID-19 ត្រូវការ​យន្តហោះ​ខ្នាត​យក្ស​ដល់​ទៅ​៨​ពាន់​គ្រឿង
15, Sep 2020 , 1:59 pm        
រូបភាព
 
ដោយ៖​ កង ម៉េង​ហុង
 
ការដឹកជញ្ជូន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ COVID-19 ជុំវិញ​ពិភពលោក នឹង​ក្លាយជា​ការដឹកជញ្ជូន​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុន​មកនេះ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​សមាគម​ការដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ។ យន្ដហោះ​ប៊ូ​អ៊ី​ញ​ខ្នាត​យក្ស 747 ចំនួន​៨០០០ គ្រឿង នឹងត្រូវ​ការ​ជា​ចាំបាច់​ក្នុង​ប្រតិបត្តិការ​មួយ​នេះ​។​

 
​ទោះបីជា​មិនទាន់មាន​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 ក្ដី IATA បានធ្វើការ​រួចហើយ​ជាមួយ​ក្រុមហ៊ុន​អាកាសចរ អាកាសយានដ្ឋាន អង្គភាព​សុខភាព​ពិភពលោក និង ក្រុមហ៊ុន​ឱសថ​ស្តីពី​ផែនការ​ហោះហើរ​ជា​សកល​ដើម្បី​ចែកចាយ​វ៉ាក់សាំង​។ ក្នុង​ផែនការ​ដែល IATA បាន​ប៉ាន់ស្មាន មនុស្ស​ម្នាក់ ទទួល​វ៉ាក់សាំង​តែមួយ​ដូ​ស​ប៉ុណ្ណោះ​។ ការដឹកជញ្ជូន​វ៉ាក់សាំង នឹង​ត្រូវការ​យន្តហោះ​ប្រមាណ​៨​ពាន់​គ្រឿង សំដៅ​ធានា​ការចែក​ចាយ​ឲ្យ​មាន​ប្រសិទ្ធភាព​។​
 
​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន BBC  លោក Alexandre de Juniac ជា​នាយក​ប្រតិបត្តិ IATA អះ​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ការផ្តល់​វ៉ាក់សាំង COVID-19 ប្រកបដោយ​សុវត្ថិភាព នឹង​ក្លាយជា​បេសកកម្ម​ប្រចាំ​សតវត្សរ៍​សម្រាប់​ឧស្សាហកម្ម​ដឹកទំនិញ​តាមផ្លូវ​អាកាស​របស់​ពិភពលោក​។ លោក​បន្តថា វា​នឹងមិន​កើតឡើង​ទេ​ប្រសិនបើ​គ្មាន​ការធ្វើផែនការ​ជាមុន​ដោយ​ប្រុងប្រយ័ត្ន ហើយ​ពេលវេលា​បានមក​ដល់​ហើយ​។​
 
​តាមពិតទៅ ដោយ​សារារ​រាតត្បាត​ជំងឺ COVID-19 ការធ្វើដំណើរ​តាមផ្លូវ​ការ​អាកាស ជួប​បញ្ហា​ខ្លាំង ខណៈ​ក្រុមហ៊ុន​អាកាសចរ​បាន​ផ្លាស់ប្តូរ​ពី​ការដឹក​អ្នកដំណើរ​មក​ផ្តោតលើ​ការដឹក​ទំនិញ​វិញ​។ ទោះជា​យ៉ាងនេះ ការដឹកជញ្ជូន​វ៉ាក់សាំង នៅតែ​ជួប​ភាពស្មុគស្មាញ​ច្រើន​។ មិនមែន​យន្តហោះ​ទាំងអស់​សុទ្ធតែ​សមស្រប​សម្រាប់​ការដឹកជញ្ជូន​នេះ​ទេ​ព្រោះ​វ៉ាក់សាំង​ត្រូវការ​រក្សា​ក្នុង​កំរិត​សីតុណ្ហភាព​ធម្មតា​ចន្លោះ​ពី ២​ទៅ​៨​អង្សា​ពេល​ដឹកជញ្ជូន ឯ​វ៉ាក់សាំង​ខ្លះ​អាច​ត្រូវការ​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ទៀតផង​។​
 
​ទ្វីបអាហ្វ្រិក ទំនងជា​ជួប​បញ្ហា​ខ្លាំងជាងគេ​។ បើតាម IATA ការ​ចែកចាយ​វ៉ាក់សាំង​នៅ​ទូទាំង​ទ្វីបអាហ្វ្រិក​គឺ​មិនអាច​ទៅរួច​ទេ​នាពេល​បច្ចុប្បន្ននេះ ដោយសារ​កង្វះ​សមត្ថភាព​ដឹកទំនិញ ទំហំ​នៃ​តំបន់ និង ភាពស្មុគស្មាញ​នៃ​ការឆ្លងកាត់​ព្រំដែន​។​
 
​ទាក់ទិន​នឹង​បញ្ហា​នេះដែរ IATA បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​ចាប់ផ្តើម​រៀបចំ​ផែនការ​ដោយ​ប្រុងប្រយ័ត្ន​ពី​ឥឡូវនេះ​ដើម្បី​ធានាថា ពួកគេ​ត្រៀមខ្លួន​ពេញលេញ​នៅពេលដែល​វ៉ាក់សាំង​អាច​ចែកចាយ​បាន​។ ខណៈ​វ៉ាក់សាំង​នឹង​ក្លាយជា​ទំនិញ​ដែលមាន​តម្លៃ​ខ្ពស់ IATA ក៏បាន​ស្នើ​ឲ្យ​ភាគី​ទាំងអស់ ធានា​សុវត្ថិភាព​ដើម្បី​បញ្ចៀស​ការ​លួច ឬ​ការលួចចម្លង​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com