ជាតិ
បទសម្ភាសន៍
សង្គមជាតិ
និស្សិត​ខ្មែរ​នៅ​បរទេស នឹក​អនុស្សាវរីយ៍​ពេល​ទៅ​វត្ត​ជាមួយ​ក្រុមគ្រួសារ​នា​បុណ្យ​ភ្ជុំបិណ្ឌ​
15, Sep 2020 , 10:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ និស្សិត​ខ្មែរ​នៅ​បរទេស មិនមាន​ពេល​ឈប់សម្រាក​ឡើយ ដោយសារ​ពួកគេ​មានការ​មមាញឹក​នឹង​ការសិក្សា​។ ដូច្នេះ ពួកគេ​មាន​ក្តី​រលឹក​ដល់​គ្រួសារ​ដែល​នៅ​ស្រុកកំណើត​ជា​ពន់ពេក​។ ពេល​នឹក​ដល់​ក្រុមគ្រួសារ​ម្តងៗ ពួកគេ​បាន​ត្រឹម​វីដេអូ​ខ​ល ជាមួយនឹង​សាច់ញាតិ​តាម​ប​ណ្តោ​ញ​ទំនាក់ទំនង​សង្គម​។



​កញ្ញា ឡេង សុជាតា ដែល​កំពុង​សិក្សា​ផ្នែក​គីមី​ចំណីអាហារ នៅ​ប្រទេស​ថៃ ខាន​បាន​ទៅ​វត្ត​ប្រគេន​ចង្ហាន់​ព្រះសង្ឃ ជាមួយនឹង​ក្រុមគ្រួសារ និង​មិត្តភក្តិ​នៅ​ស្រុកកំណើត នា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ រយៈពេល​៣​ឆ្នាំ​ហើយ បើ​គិត​ទាំង​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ផងដែរ​។ ឲ្យ​តែ​ចំពេល​បុណ្យ​ភ្ជុំបិណ្ឌ​ម្តងៗ សុជាតា តែងតែ​នឹកឃើញ​ដល់​ក្រុមគ្រួសារ ដែល​ធ្លាប់តែ​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ នៅតាម​ទីវ​ត្ត​អារាម​ជានិច្ច​។​
 


កញ្ញា ឡេង សុជាតា ​និស្សិតឆ្នាំទី៣ ផ្នែកគីមីចំណីអាហារនៅប្រទេសថៃ
 
​អារម្មណ៍​នឹក​ដល់​ឪពុកម្តាយ និង​សាច់ញាតិ​នៅ​ស្រុកកំណើត​នាពេល​ទៅ​វត្ត​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ក៏​កើត​ឡើងលើ​លោក សិ​ដ្ឋ ពិសី និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ចិត្តសាស្ត្រ​នៅ​សាកលវិទ្យាល័យ Prince of Songkla University ប្រទេស​ថៃ​ដែរ​។ ជាក់ស្តែង លោក​ត្រូវ​ត្រឡប់​មកលេង​ក្រុមគ្រួសារ​ម្តង​ក្នុង​មួយឆ្នាំ​។ ប៉ុន្តែ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​លោក​ខកខាន មកលេង​ក្រុមគ្រួសារ​នៅ​ស្រុកកំណើត នា​ថ្ងៃ​វិស្សមកាល​ខែធ្នូ​ឆ្នាំ​២០១៩ រហូតដល់​ខែឧសភា​ឆ្នាំ​២០២០​។  
 
​លោក សិ​ដ្ឋ ពិសី បាន​រៀបរាប់​ដូច្នេះ​ថា​៖«​កាល​ឆ្នាំ​ដំបូង ពេល​ខ្ញុំ​ស្តាប់​បទ​ចម្រៀង​ភ្ជុំបិណ្ឌ ខ្ញុំ​រៀង​ទឹកភ្នែក​រលីងរលោង​នឹក​ពួកគាត់​ដែរ​។ ដល់ពេល​ឆ្នាំនេះ ខ្ញុំ​រៀង​ធម្មតា​វិញ​ហើយ​។ ដោយសារ​ខ្ញុំ​មាន​ក្រុម​ឈែ​ត​ជាមួយនឹង​ក្រុមគ្រួសារ​។ ពេល​គាត់​ទៅ​វត្ត ឬ​ទៅណា​ទៅ​ណី​អី​អ៊ីចឹងទៅ ពួកគាត់​តែងតែ​ផ្ញើ​រូបថត​ឲ្យ​មើល​។ ពេល​ខ្ញុំ​បានឃើញ​រូបនោះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ និង​នឹក​ដល់​ពួកគាត់​»​។ 
 


រូបទី២ លោក សិដ្ឋ ពិសី និស្សិតឆ្នាំទី៣ ផ្នែកចិត្តសាស្ត្រនៅសាកលវិទ្យាល័យ Prince of Songkla University ប្រទេសថៃ
 
​ដោយសារ​ថ្ងៃ​កាន់បិណ្ឌ រហូត​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ និស្សិត​ខ្មែរ​រៀន​នៅ​ប្រទេស​ថៃ​ទាំងពីរ​នាក់​នេះ  ត្រូវ​រវល់​រៀន និង​ចំពេល​ប្រឡង​។ អ្នក​ទាំងពីរ​នឹង​ឆ្លៀត​ថ្ងៃ​ចុង​សប្តាហ៍ ធ្វើ​ម្ហូបអាហារ ឬ​ទិញ​ម្ហូបអាហារ សម្រាប់​ប្រគេន​ដល់​ព្រះសង្ឃ​និមន្ត​បិណ្ឌបាត​នៅមុខ​ផ្ទះ ដើម្បី​ឧទ្ទិស​ដល់​សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​ផងដែរ​។  
 
​សម្រាប់​កញ្ញា សុខ ស៊ា​វ​ហុង ដែលជា​និស្សិត​ផ្នែក Diploma in Culinary Art នៅ​សកល​វិទ្យាល័យ Auckland University of Technology ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់ ក៏មាន​ក្តី​នឹករលឹក​ដល់​ក្រុមគ្រួសារ​នៅ​ស្រុកកំណើត​ដែរ​។ កញ្ញា ស៊ា​វ​ហុង​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ខ្ញុំ​នៅ​ឆ្ងាយ​ពី​គ្រួសារ​ពិតជា​នឹក​ពួកគាត់​ខ្លាំងណាស់ ហើយ​ជាពិសេស​នឹក​ដល់ពេល​វេលា​ទៅ​វត្ត​ជាមួយ​គ្រួសារ ហើយ​នឹក​ភាពសប្បាយ​រីករាយ ពេល​ជួបជុំ​បងប្អូន​។ ឲ្យ​តែ​ដល់​ថ្ងៃ​មានបុណ្យ​ទាន​ម្តងៗ​ខ្ញុំ​តែងតែមាន​អារម្មណ៍​ស្រណោះ​ស្រងោច នឹក​ដល់​ពួកគាត់ មិន​ថា​ពេល​ភ្ជុំបិណ្ឌ ឬក៏​ពេល​ចូលឆ្នាំ​នោះទេ​»​។​
 

កញ្ញា សុខ ស៊ាវហុង ជានិស្សិតផ្នែកDiploma in Culinary Art នៅសកលវិទ្យាល័យ Auckland University of Technology ក្នុងប្រទេសនូវែលសេឡង់
 
​អំឡុង​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះ កញ្ញា ស៊ា​វ​ហុង មិនមាន​គម្រោង​ទៅ​វត្ត​អារាម ឬ​ទៅ​ដំណើរ​កម្សាន្ត​ឡើយ ព្រោះ​ចំពេល​ដែល​ស៊ា​វ​ហុង ត្រូវ​បន្ត​ការសិក្សា​។ កញ្ញា ស៊ា​វ​ហុង​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ប្រហែលជា​អត់​ទេ ព្រោះ​ខ្ញុំ​ជាប់​រៀន ហើយ​ណាមួយ​ទីក្រុង​ដែល​ខ្ញុំ​នៅ​កំពុង​បាន​ផ្ទុះ​កូ​វីដ​-១៩​ជា​លើក​ទី​ពីរ​។ អ៊ីចឹង​រដ្ឋាភិបាល​បានដាក់​ទីក្រុង​នេះ​ស្ថិតក្នុង​ភាពអាសន្ន​កម្រិត​២ ហើយ​គេ​បានកំណត់​ការជួបជុំ​មនុស្ស​មិនអោយ​លើសពី​១០​នាក់​ទេ​»​។ 
 
​សម្រាប់​លោក ឡាយ វ​ឌ្ឍ​នា ដែល​បច្ចុប្បន្នកំពុង​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​នៅ​ប្រទេស​បែ​ល​ហ្ស៉ិ​ក​អស់​រយៈពេល​២​ឆ្នាំ​មកហើយ ដោយ​កាលពី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំមុន​លោក​អាច​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​បាន​រហូតដល់​ខែមករា ឆ្នាំ​២០១៩ ទើប​លោក​អាច​ត្រឡប់​ទៅវិញ​។ ប៉ុន្តែ​ដោយសារតែ​ឆ្នាំនេះ​ត្រូវ​ពន្យារ​ជើងយន្តហោះ​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ លោក​មិនអាច​វិល​មកជួបជុំ​ក្រុមគ្រួសារ​ឲ្យ​ទាន់​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ឡើយ​។ 
 

 លោក ឡាយ វឌ្ឍនា និស្សិតបណ្ឌិតផ្នែកព័ត៌មានវិទ្យានៅប្រទេសបែលហ្ស៉ិក
 
​លោក វ​ឌ្ឍ​នា ដែល​ត្រូវ​ត្រឡប់​មកលេង​ស្រុកកំណើត​ក្នុង​ខែមិថុនា​កន្លងទៅ តែ​ត្រូវ​ពន្យារ​វិញ បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាមរយៈ​កា​រខ​លតា​ម​តេ​ឡេ​ក្រាម​ដូច្នេះ​ថា​៖«​ដំបូង​គេ​ពន្យារ​ឲ្យ​យើង​ទៅ​ត្រឹមតែ​ខែសីហា​ទេ តែ​មែនទែនទៅ​គេ​ពន្យារ​ដល់​ចុងខែ​កញ្ញា​ទៀត​។ អ៊ីចឹង​ខ្ញុំ​អត់​សប្បាយ​ចិត្តនឹង​នៅទីនេះ​ដែរ​។ អ៊ីចឹង​ខ្ញុំ​ពិតជា​នឹក​អ្នកផ្ទះ​ណាស់​។ បើ​ខ្ញុំ​នៅ​នេះ​ខ្ញុំ​ក៏​មិនអាច​បាន​ដើរ​កម្សាន្ត​នៅទីណា​ដែរ ដោយសារតែ​ត្រូវ​នៅក្នុង​បន្ទប់ ដើម្បី​ទប់ស្កាត់​ពី​ជំងឺ​កូ​វីដ​-១៩»​។​
 
​ដើម្បី​កាត់បន្ថយ​ការ​នឹករលឹក​ដល់​ក្រុមគ្រួសារ និង​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយនឹង​ក្រុមគ្រួសារ​និស្សិត​ខ្មែរ​នៅ​បរទេស​ទាំងអស់នេះ តែងតែ​វីដេអូ​ខ​ល​ទៅ​ក្រុមគ្រួសារ​ដើម្បី​សួរនាំ​សុខទុក្ខ​ដល់​សាច់ញាតិ​ម្តង ឬ​ច្រើនដង​ក្នុង​មួយ​សប្តាហ៍​៕ 
 
 

Tag:
 និស្សិត​ខ្មែរ​
 ​ភ្ជុំបិណ្ឌ​
 ​វត្ត​
 ​ស្រុកកំណើត
© រក្សាសិទ្ធិដោយ thmeythmey.com