ជាតិ
សង្គមជាតិ
សិល្បះ
ហេតុអ្វីខ្មែរពូតបាយបិណ្ឌពីអង្ករដំណើប? លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ(រូបផ្ដល់ឱ្យ)
×
ភ្នំពេញ៖ ទំនៀមទម្លាប់បោះបាយបិណ្ឌនៅកម្ពុជា ត្រូវបានរងឥទ្ធិពលពីអរិយធម៌ឥណ្ឌា។ ក្នុងអរិយធម៌ឥណ្ឌាខាងព្រហ្មញ្ញសាសនា គេជឿថាក្រោយពីសពត្រូវបានបូជា ព្រលឹងរបស់បុគ្គលដែលបានស្លាប់ទៅនោះ មិនមានរូបរាង ហើយនៅតែលតោល មិនអាចទទួលផលបុណ្យពីញាតិបាន ទើបគេពូតបាយបិណ្ឌដើម្បីបង្កើតរូបរាងថ្មីឱ្យព្រលឹង។ ទាំងនេះគឺជាការលើកឡើងរបស់លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលធ្លាប់បានអានឯកសារមួយចំនួន ពាក់ព័ន្ធនឹងជំនឿនៃការបោះបាយបិណ្ឌ បានប្រាប់សារព័ត៌មានថ្មីៗថា ប្រពៃណីបោះបាយបិណ្ឌ ខ្មែរទទួលឥទ្ធិពលពីប្រទេសឥណ្ឌា។ លោកបន្ថែមទៀតថា នៅប្រទេសឥណ្ឌាគេមិនប្រើអង្ករដំណើប ដើម្បីពូតបាយបិណ្ឌឡើយ គឺគេពូតពីម្សៅអង្ករ។ ដោយឡែកនៅកម្ពុជាគេប្រើអង្ករដំណើប ព្រោះអង្ករនេះមានជាតិស្អិត។
ដើម្បីស្វែងយល់បន្ថែម សូមអញ្ជើញអស់លោក លោកស្រី ស្ដាប់ការបកស្រាយរបស់លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខាងក្រោមដោយមេត្រីភាព៖
លោក ស៊ីយ៉ុន សុភារិទ្ធ បញ្ជាក់បន្ថែមថាជំនឿបោះបាយនៅប្រទេសឥណ្ឌាគឺជាអរិយធម៌ធំធេង។ គេជឿថាការធ្វើបាយបិណ្ឌ ដើម្បីបង្កើតរូបរាងថ្មីឱ្យព្រលឹងដែលនៅតែលតោល។ បើសិនជាមិនមានបាយបិណ្ឌ ព្រលឹងនោះ នឹងនៅវិលវល់មិនអាចធ្វើដំណើរទៅរកភពថ្មីបាន ហើយក៏មិនអាចទទួលផលបុណ្យដែលញាតិបញ្ជូនទៅឱ្យបានដែរ។ នៅរៀងរាល់ឆ្នាំ ក្នុងខែភទ្របទ អ្នកកាន់ព្រហ្មញ្ញសាសនា ក្នុងប្រទេសឥណ្ឌាគេតែងធ្វើបុណ្យនេះឱ្យដូនតារបស់គេ។
ការពូតបាយបិណ្ឌនោះទៀតសោត ក្នុងប្រពៃណីឥណ្ឌា នៅថ្ងៃទី១គេពូតតែ១ដុំប៉ុណ្ណោះ ហើយនៅថ្ងៃទី២គេពូត២ដុំ ដោយបាយបិណ្ឌគេត្រូវពូតឡើងចំនួនទៅតាមចំនួនថ្ងៃ រហូតដល់ថ្ងៃទី១០។ ការពូតបាយបិណ្ឌនេះ ឥណ្ឌាជឿថាជាការបង្កើតរូបរាងថ្មីឱ្យព្រលឹង។
ចំណែកនៅក្នុងជំនឿរបស់ខ្មែរ ដែលបានទទួលឥទ្ធិពលពីឥណ្ឌា បើតាមការបកស្រាយរបស់លោក ស៊ីយ៉ុន សុភារិទ្ធ ខ្មែរបោះបាយបិណ្ឌមាន២ផ្លូវ គឺគេធ្វើដើម្បីឧទ្ធិសបុណ្យកុសលឱ្យសាច់ញាតិរបស់គេ ឱ្យបានទៅចាប់កំណើតថ្មី និងធ្វើសំដៅឧទ្ធិសទៅឋានព្រះបិតរ(ឋានដូនតា)៕
Tag:
ជុំបិណ្ឌ
បាយបិណ្ឌ
អង្ករដំណើប
ប្រពៃណី
ទំនៀមទម្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com