ជាតិ
សង្គមជាតិ
មន្ទីរ បដិសេធថា មិនមានជនជាតិវៀតណាម ជីកត្បូងនិងរ៉ែ នៅមណ្ឌលគិរីឡើយ
× ភ្នំពេញ៖ មន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរី អះអាងថា គ្មានបុរសជនជាតិវៀតណាម ជីករុករករ៉ែនិងត្បូង នៅខេត្តមណ្ឌលគិរីនោះទេ។ ការចេញមកបំភ្លឺរបស់មន្ទីរ គឺបន្ទាប់ពីមានការបង្ហោះរូបភាពលើបណ្តាញសង្គមហ្វេសប៊ុក ដោយមើលទៅដូចជាការរុករកអ្វីមួយ ហើយបង្ហាញទីតាំង (Check in) នៅក្នុងខេត្តមណ្ឌលគិរី។
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ មានបុរសម្នាក់ដែលជាជនជាតិវៀតណាមបានបង្ហោះរូបភាព និងសកម្មភាពជីកត្បូងនិងរ៉ែ ដោយបានភ្ជាប់ទីតាំងនៅខេត្តមណ្ឌលគិរី ហើយសរសេរជាអក្សរវៀតណាម ដែលមានន័យ «ដំណើរឆ្ពោះទៅរកត្បូងស្អាតៗ ជីវិតមិនមែនជាក្តីសុបិនទេ ហើយវាមិនសាមញ្ញ និងងាយស្រួលឡើយ»។
តាមរយៈសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរ បដិសេធដូច្នេះថា៖«ចំពោះការជីកកកាយរ៉ែត្បូងថ្មនៅក្នុងរូបភាពខាងលើនេះ មិនមែនស្ថិតនៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរីឡើយ សូមសាធារណជនកុំមានការយល់ច្រឡំ។ ខ្លឹមសារដែលបានចុះផ្សាយទាំងនេះ គឺមានចរិតលក្ខណៈមូលបង្កាច់ខុសពីការពិត ក្នុងន័យបំភ័ន្តសាធារណមតិឲ្យមានការយល់ច្រឡំដែលធ្វើឲ្យប៉ះពាល់កិត្តិយសសា្ថប័ន ក្រសួង មន្ទីរវិស័យជំនាញពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី»។
មន្ទីររ៉ែនិងថាមពល កំពុងតែសហការជាមួយនឹងសមត្ថកិច្ច ដើម្បីស្វែងរកជន ដែលចុះផ្សាយព័ត៌មានមិនពិតខាងលើ យកទៅផ្តន្ទាទោសតាមច្បាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com