ជាតិ
ការសម្អាត​ចង្ក្រាន​បាយ​ក្នុង​វត្ត​ឱ្យ​ស្អាត ក៏​ជា​ផ្នែក​មួយ​ជួយ​លើក​សោភ័ណ​វត្ត​ដែរ​
17, Sep 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ សោភ័ណភាព​របស់​វត្ត​អារាម មិន​មែនមាន​ត្រឹមតែ​ព្រះវិហារ​ស្អាត ទីធ្លារ​ធំ​ទូលាយ​មាន​ដាំ​ផ្កា​លម្អ​ស្រស់បំព្រង ឬ​មាន​ដើមឈើ​ម្លប់​ត្រសុំត្រសាយ​ត្រជាក់​នោះទេ​។ ប៉ុន្តែ​អនាម័យ​ចង្ក្រាន​បាយ​ក្នុង​វត្ត ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយ ជួយ​លើក​សម្រស់​របស់​ទី​អារាម​ដែរ​។​


​វត្ត​អារាម​មួយចំនួន​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត ត្រូវបាន​គេ​មើលឃើញថា នៅមាន​ការឆកល្វែង​ចំពោះ​សោភ័ណភាព​ចង្ក្រាន​បាយ ក៏ដូចជា​កន្លែង​ទុកដាក់​ចង្ហាន់​ដែល​ពុទ្ធបរិស័ទ​យកទៅ​ប្រគេន​ព្រះសង្ឃ​។ តាម​ការសង្កេត​ជាទូទៅ​នៅក្នុង​វត្ត​ខ្លះ បើទោះបី​ជាមាន​អ្នក​នៅ​មើល​ការខុសត្រូវ​ផ្នែក​ចង្ក្រាន​ក្ដី ក៏​ចង្ក្រាន​នោះ​មិនសូវ​ជាមាន​អនាម័យ​ដែរ​។  
 
​ការ​ទុកដាក់​ចង្ហាន់​ដែល​ពុទ្ធបរិស័ទ​យកទៅ​ប្រគេន​ព្រះសង្ឃ ក៏​ជា​រឿង​គួរ​យកចិត្តទុកដាក់​ផងដែរ​។ ជាការ​កត់សម្គាល់ នៅ​រដូវ​ភ្ជុំបិណ្ឌ ឬ​ចូលឆ្នាំថ្មី​ជាដើម វត្ត​អារាម​នានា ទទួលបាន​ចង្ហាន់​ពោរ​ពាស ហើយ​វត្ត​ខ្លះ​បាន​តម្រៀប​ចង្ហាន់​ទាំងនោះ នៅ​ជ្រុង​ម្ខាង​នៃ​សាលាឆាន់ ក្បែរផ្លូវ​ពុទ្ធបរិស័ទ​ដើរទៅ​អុជ​ធូប​នៅខាងមុខ​ព្រះភ័ក្ត្រ​ព្រះពុទ្ធ​រូប ដោយ​មិនមាន​អ្វី​គ្រប​ការពារ​សត្វ​រុយ ឬ​ធូលី​ដី​។ ទិដ្ឋភាព​នេះ ហាក់​មិនគួរ​ជាទី​គាប់​ភ្នែក​។ 
 
​ទោះជា​យ៉ាងណា ក៏មាន​វត្ត​មួយចំនួនធំ បានគិត​គូរ​ពី​អនាម័យ​នៃ​ការ​ទុកដាក់​ចង្ហាន់​របស់​ពុទ្ធ​បរិស័ទ ដែល​នាំយកទៅ​ប្រគេន​ព្រះសង្ឃ​ដែរ ជាពិសេស​វត្ត​នៅតាម​ជនបទ ដោយនៅ​រក្សាបាន​សាជី​គ្រប​អាហារ ដែល​ធ្វើ​ពី​ក្រដាស​ក្រាស់ៗ​។ អាហារ​ទាំងឡាយ​ត្រូវបាន​រៀប​ជា​ជួរ​នៅលើ​គ្រែ​រនាបឈើ ឬ​រនាបឫស្សី ខ្ពស់​ផុតពី​ផ្ទៃ​ការ៉ូ​នៃ​សាលាឆាន់​។ ចង្ក្រាន​បាយ​នោះ​ទៀតសោត ត្រូវបាន​រៀបចំ​យ៉ាង​មាន​របៀបរៀបរយ ដោយ​មិន​ប​ន្យ​ល់​ទុក​កាកសំណល់​ផ្សេងៗ​ឡើយ​៕
 


Tag:
 ភ្ជុំបិណ្ឌ​
 ​វត្ត​
  បុណ្យ​
  កាន់បិណ្ឌ​
 ​ប្រពៃណី​
 ​សាសនា​
  អាហារ​
 ​ចង្ក្រាន​
 ​ចង្ហាន់​
 
© រក្សាសិទ្ធិដោយ thmeythmey.com