កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Liverpool ព្រមាន Chelsea ថា ការទិញ​កីឡាករ​ច្រើន​មិន​ប្រាកដ​ជោគជ័យ​ឡើយ​
17, Sep 2020 , 11:59 am        
រូបភាព
អ្នកចាត់ការ​ទូទៅ Liverpool លោក Jurgen Klopp ព្រមាន Chelsea ថាបើ​គ្រាន់តែ​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការទិញ​កីឡាករ​នោះ នឹងមិន​ធានា​ទទួលបាន​ជោគជ័យ​ទេ​។ ប៉ុន្តែ​អ្វីដែល​សំខាន់ អាស្រ័យ​លើ​កីឡាករ​ថ្មី​របស់​ពួកគេ​«​យល់ចិត្ត​គ្នា​»​បាន​ឆាប់​កម្រិតណា​។​


​ក្លិប​រហស្សនាម​តោ​ខៀវ​ដែលមាន​មហាសេដ្ឋី​រុស្ស៊ី​លោក Roman Abramovich ជា​ម្ចាស់ បាន​ចំណាយ​ប្រា​ក់ជាង ២០០ លាន​ផោន (​ជិត​៣០០​លាន​ដុល្លារ​អាមេរិក​)​រួចហើយ​អំឡុងពេល​ទីផ្សារ​ដោះដូរ​រដូវ​កាល​នេះ ដើម្បី​ទិញ​ចូល​កីឡាករ​៤​រូប​ដែល​រួមមាន Timo Werner, Kai Havertz, Hakim Ziyech និង Ben Chilwell ។ ដោយឡែក Thiago Silva និង Malang Sarr បាន​ផ្លាស់​ទៅកាន់ Stamford Bridge ដោយ​គ្មាន​តម្លៃ​ខ្លួន​។​
 
​ការចំណាយ​របស់ Chelsea រដូវ​កាល​នេះ គឺមាន​ភាពខុសគ្នា​ឆ្ងាយ​នឹង​ក្រុម​ម្ចាស់​ជើងឯក Premier League រដូវ​កាល​មុន​។ Liverpool ទើបតែ​បាន​ចុះហត្ថលេខា​នាំយក​កីឡាករ Kostas Tsimikas ក្នុងតម្លៃ ១១.៧ លាន​ផោន (១៥​លាន​ដុល្លារ​) ប៉ុ​ណ្នោះ​។​
 
​លោក Klopp ដែល​បាន​ដឹកនាំ​ហង្ស​ក្រហម ឈ្នះ​ពាន Champions League, Fifa Club World Cup និង Premier League ក្នុង​រយៈពេល ២ រដូវ​កាល​ចុងក្រោយ​នេះ ជឿជាក់ថា​ការខិតខំ​ប្រឹងប្រែង​លើ​ទីលាន​ហ្វឹកហាត់​គឺ​សំខាន់​ជាង​ការចំណាយ​ច្រើន​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​។​
 
​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ បាន​ប្រាប់ BBC ថា​៖« យើង​បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ពី​ឆ្នាំ​ជាប់​គ្នា និង​ក្លាយជា​ម្ចាស់​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​មុន​។ យើង​មិនអាច​ផ្លាស់ប្តូរ​អ្វីមួយ​ត្រឹម​តែមួយ​យប់​នោះទេ ហើយ​ខ្ញុំ​ក៏​ចង់​និយាយថា យើង​មិន​អាចធ្វើ​ដូច Chelsea ពេលនេះ​ឡើយ​។ ពួកគេ​កំពុងតែ​ទិញ​ចូល​កីឡាករ​ថ្លៃៗ​ជាច្រើន​។ អ្នក​មិនអាច​ធ្វើ​ឲ្យ​កីឡាករ​ឆ្នើម​ទាំង​១១​នាក់ អាច​លេង​ជាមួយគ្នា​បានល្អ​ត្រឹម​មួយ​សប្តាហ៍​នោះទេ​។ អ្វី​ដែ​ល្អ​បំផុត​នោះ គឺ​ធ្វើការ​រួមគ្នា​នៅលើ​ទីលាន​ហ្វឹកហាត់​»​។​
 
Klopp បន្ថែមថា ក្លិប​ស្ថិតក្នុង​ស្ថាន​ភាពខុសៗ​គ្នា ខណៈ Liverpool ត្រូវការ​ពេល​៥​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់លោក ដើម្បី​ឈ្នះ​ពាន​លី​គ​កំពូល​អង់គ្លេស​ជា​លើកដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ​។ ដូច្នេះ ការទិញចូល​កីឡាករ​ច្រើន​ដូច Chelsea មិន​ប្រាកដថា​នឹង​បានទទួល​លទ្ធផល​ល្អ​ឆាប់ៗ​នោះទេ​។​
 
Liverpool ចាប់ផ្តើម​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​រដូវ​កាល ២០២០-២១​នេះ ដោយ​ត្រូវ​តទល់​ជាមួយ Leeds United ដែលជា​ម្ចាស់​ពាន​ក្របខណ្ឌ​ទី​២ Championship នៅ​ថ្ងៃទី​១២ ខែកញ្ញា​នេះ ខណៈ Chelsea ត្រូវ​ប៉ះ Brighton & Hove Albion នៅ​រាត្រី​ថ្ងៃទី​១៤ ខែកញ្ញា​៕
 
 

Tag:
 Jurgen Klopp
  Chelsea
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com