អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ស៊ូហ្កា ជាប់ឆ្នោតក្នុងសភាក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន
16, Sep 2020 , 1:15 pm        
រូបភាព
ដោយ:
លោក យូស៊ីហ៊ីដេ ស៊ូហ្កា  នៅថ្ងៃទី ១៦ ខែកញ្ញា ត្រូវបានបោះឆ្នោតឲ្យក្លាយជានាយករដ្ឋមន្ត្រីដោយសភាជាន់ទាបជប៉ុន ។ ជ័យជម្នះនេះ គឺ ប្រទេសជប៉ុនទទួលបានមេដឹកនាំថ្មីក្នុងពេលជិត៨ឆ្នាំចុងក្រោយ។ 

 
អត្ថបទទាក់ទង

លោក ស៊ូហ្កា ដែលមនុស្សជំនិតរបស់អតីតនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ បានទទួលសំឡេងបោះឆ្នោតគាំទ្រចំនួន៣១៣សំឡេង ក្នុងចំណោមសន្លឹកឆ្នោតសរុប ៤៦២សំឡេង ពីសំណាក់សមាជិកសភាជាន់ទាបជប៉ុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
 
ក្រោយប្រកាសលទ្ធផលរួច សភាជាន់ទាបនឹងរុញការបោះឆ្នោតរើសលោក ស៊ូហ្កាទៅកាន់សភាជាន់ខ្ពស់អនុវត្តបន្ត ដែលក៏រំពឹងរើសយកលោក ស៊ូហ្កាផងដែរ ព្រោះថាសមាជិកបក្សកាន់អំណាចមានសំឡេងគ្រប់គ្រាន់នៅទីនោះ។
 
កាលពីថ្ងៃទី ១៤ ខែកញ្ញា លោក ស៊ូហ្កា បានជាប់ឆ្នោតក្លាយជាប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាច ដោយឈ្នះលើគូប្រជែង២នាក់ រួមមាន អតីតរដ្ឋមន្ត្រីការពារជាតិ ស៊ីហ្កេរូ អ៊ីស៊ីបា និងអតីតរដ្ឋមន្ត្រីការបរទេស ហ្វូមីអ៊ូ គីស៊ីដា ។
 
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន ស្ទើរពាក់កណ្ដាលនៃគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ស៊ូហ្កា នឹងតែងតាំងមនុស្សពីគណៈរដ្ឋមន្ត្រីរបស់លោកអាបេ ហើយក្នុងនោះនឹងមានស្ត្រីតែ២នាក់ប៉ុណ្ណោះ ហើយអាយុជាមធ្យម ស្មើនឹង ៦០ឆ្នាំ។ 
 
ក្នុងចំណោមអ្នកដែលរំពឹងនឹងរក្សាកៅអីក្នុងគណៈរដ្ឋមន្ត្រីជប៉ុនថ្មីនេះ គឺមាន រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Taro Aso និងរដ្ឋមន្ត្រីការបរទេសលោក Toshimitsu Motegi រួមទាំង រដ្ឋមន្ត្រីអូឡាំពិក លោក Seiko Hashimoto និងរដ្ឋមន្ត្រីបរិស្ថានវ័យក្មេង Shinjiro Koizumi អាយុ៣៩ឆ្នាំ។ 
 
លោក Yasutoshi Nishimura មនុស្សដែលលោកអាបេទុកចិត្តឲ្យកាន់កិច្ចការឆ្លើយតប COVID-19 នឹងរក្សាកៅអីជារដ្ឋមន្ត្រីសេដ្ឋកិច្ចដដែល ខណៈរដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន Hiroshi Kajiyama ក៏នឹងរក្សាតំណែងនេះបានផងដែរ។ ចំណែកលោក Katsunobu Katō ដែលជារដ្ឋមន្ត្រីសុខាភិបាលអាណត្តិលោកអាបេ រំពឹងនឹងកាន់តំណែងជាប្រធានលេខាធិការគណៈរដ្ឋមន្ត្រី ជំនួសលោក ស៊ូហ្កា ។ 
 
ក្រោយឆ្លងផុតសភាជាន់ខ្ពស់រួច លោក ស៊ូហ្កា នឹងបន្តដឹកនាំជប៉ុនក្នុងនាមជានាយករដ្ឋមន្ត្រីរហូតដល់ខែកញ្ញា ឆ្នាំ២០២១ ។ លោក អាបេ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេរបស់ជប៉ុន បានបញ្ជាក់កាលពីខែមុនថា លោកនឹងចុះចេញពីតំណែងដោយលើកមូលហេតុសុខភាព។
 
លោក ស៊ូហ្កា ធ្លាប់បានអះអាងថា លោកនឹងបន្តដឹកនាំយុទ្ធសាស្រ្តសេដ្ឋកិច្ច «Abenomics» របស់លោកនាយករដ្ឋមន្ត្រី អាបេ និងគោលនយោបាយសំខាន់ៗរបស់រដ្ឋបាលលោកផងដែរ។ ទន្ទឹមនេះ លោកក៏បានប្តេជ្ញាទប់ទល់បញ្ហាប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19 ដោះស្រាយវិបត្តិសេដ្ឋកិច្ចជប៉ុន ព្រមទាំងបញ្ហាយូរឆ្នាំរបស់ប្រទេសនេះ ដូចជា វិបត្តិចាស់ជរា និងអត្រាកំណើតទាប ជាដើម។ 
 
មានបទពិសោធតិចតួចខាងផ្នែកការទូត លោក ស៊ូហ្កា នឹងប្រឈមនឹងបញ្ហាភូមិសាស្រ្តនយោបាយ ដូចជា ការកសាងចំណងទាក់ទងជាមួយអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្ងៃទី ៣ ខែវិច្ឆិកា និងបញ្ហាសន្តិសុខលំហសមុទ្រដែលបង្កឡើងដោយចិនជាដើម។ 
 
សូមបញ្ជាក់ថា លោក ស៊ូហ្កា កើតក្នុងត្រកូលកសិករដាំផ្លែឈើមួយក្នុងភាគខាងជើងនៃប្រទេសជប៉ុន ។ លោកបានចាប់ផ្ដើមប្រលូកក្នុងជីវិតនយោបាយជាតំណាងរាស្រ្ត ។ ចាប់តាំងពីឆ្នាំ២០១២ លោក ស៊ូហ្កា ទទួលទំនុកចិត្តពីលោកអាបេ ហើយតែងតាំងឲ្យកាន់តំណែងជាប្រធានលេខាធិការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាល៕
 

Tag:
 ជប៉ុន
  យូស៊ីហ៊ីដេ ស៊ូហ្កា
© រក្សាសិទ្ធិដោយ thmeythmey.com