ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ក្រើនរម្លឹកពលរដ្ឋ ឲ្យប្រយ័ត្នក្នុងការបើកបរ នារដូវបុណ្យភ្ជុំបិណ្ឌ
16, Sep 2020 , 5:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាស់តឿនពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើត ទៅវត្តអារាម ឬទៅកម្សាន្តលេងនៅតាមរមណីយដ្ឋាននានា នាពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបើកបរដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យរងគ្រោះ និងអាចបាត់បង់ជីវិត ។ 

អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរត្រូវពាក់មួកសុវត្ថិភាព។ អ្នកបើកបរត្រូវបើកបរតាមល្បឿនកំណត់ នៅតាមទីប្រជុំជន សាលារៀន ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ឬផ្លូវរអិល។ មុននឹងវ៉ាជែង អ្នកបើកបរ ត្រូវច្បាស់ថា ផ្លូវនៅខាងមុខគ្មានម៉ូតូ និងឡាន។ ពេលបើកបរដោយផ្លូវប្រសព្វ ត្រូវទុកសិទ្ធិឲ្យអ្នកបើកបរលើផ្លូវធំ និងត្រង់ទៅមុខ។ ទាំងនេះ គឺជាការណែនាំរបស់សម្តេច ស ខេង។ 
 
សម្តេចរដ្ឋមន្រ្តី ក៏អំពាវនាវដល់អ្នកបើកបរថយន្តគ្រប់ធុន កុំផ្ទុកមនុស្ស ឬទំនិញលើសទម្ងន់ ហើយមិនត្រូវទុកឲ្យមនុស្សជិះ ឬទុកទំនិញនៅលើដំបូលឡើយ។ សម្តេច បន្តថា គ្រប់រថយន្តឈ្នួលទាំងអស់មិនត្រូវដំឡើងថ្លៃសំបុត្រផងដែរ ហើយគ្រប់អ្នកបើកបរ និងអ្នកធ្វើដំណើរក្នុងរថយន្តគឺត្រូវតែនាំគ្នាពាក់ខ្សែក្រវ៉ាត់។ 
 
សម្តេច បន្ថែមថា រាល់អ្នកបើកបរទាំងអស់គឺមិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងឡើយ និងត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងមានការយោគយល់ ចេះអធ្យាស្រ័យគ្នា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នាពិធីបុណ្យភ្ជុំបិណ្ឌនេះ៕
 

Tag:
 ភ្ជុំបិណ្ឌ
  បើកបរ
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com