COVID-19
អន្តរជាតិ
ឥណ្ឌា​ខ្វះ​អុកស៊ីសែន​សម្រាប់​អ្នកជំងឺ​COVID-19 ខណៈ​ករណី​ឆ្លង​កើន​លើស​៥​លាន​នាក់​
17, Sep 2020 , 5:19 pm        
រូបភាព
ក្រុមគ្រូពេទ្យ_ឥណ្ឌា។_រូបភាព៖_AFP
ក្រុមគ្រូពេទ្យ_ឥណ្ឌា។_រូបភាព៖_AFP
ដោយ:
​មន្ត្រី​មន្ទីរពេទ្យ​ឥណ្ឌា  នៅ​ថ្ងៃទី​១៦ កញ្ញា​បាន​អះអាងថា​ការផ្គត់ផ្គង់​អុកស៊ីសែន​សម្រាប់​ព្យាបាល​អ្នកជំងឺ​COVID-19  មានការ​ខ្វះខាត​ខ្លាំង​នៅ​តំបន់​ដែលមាន​ចំនួន​អ្នក​ឆ្លង​ច្រើន ។ ចំណែក ឯ​ក្រសួងសុខាភិបាល​ឥណ្ឌា​វិញ​បាន​អះអាងថា​ចំនួន​អ្នក​ឆ្លង​COVID-19 បាន​កើនឡើង​លើស​៥​លាន​ករណី​ហើយ​។ នេះ​យោងតាម ទៅ​ភ្នាក់ងារ​ព័ត៌មាន AFP​។​


​មន្ត្រី​រដ្ឋាភិបាល ក៏ដូចជា​អ្នកជំនាញ​សុខភាព​ឥណ្ឌា​បាន​និយាយថា ការឆ្លង​យ៉ាង​រហ័ស​នូវ​ជំងឺ​COVID-19 គឺ​បណ្តាលមកពី​ការបើក​ចរន្ត​សេដ្ឋកិច្ច​ឡើងវិញ ពិធីបុណ្យ​តាម​តំបន់ ក៏ដូចជា​ការធុញទ្រាន​នឹង​ការ​បង្ខាំង​ឲ្យ​នៅផ្ទះ​។​ក្នុងអំឡុងពេល​បិទ​ប្រទេស​ដែលជា​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង សេដ្ឋកិច្ច​ឥណ្ឌា​បាន​ដាំ​ក្បាល​ប្រមាណ​២៤​ភាគរយ ចន្លោះ​ពី​ខែមេសា ដល់​ខែមិថុនា​។​
​ដោយសារតែ​ការឆ្លង​យ៉ាង​ឆាប់រហ័ស​នេះហើយ ទើប​បណ្តាល​ឲ្យ​ឥណ្ឌា​ជួប​បញ្ហា​ខ្វះ​អុកស៊ីសែន​។ យោងតាម​លោក​វេជ្ជបណ្ឌិត​Amit Thadhani នៅ​មន្ទីរពេទ្យ​ជាយ​ទីក្រុង ម៉ុម​បៃ ការខ្វះខាត​អុកស៊ីសែន​ក្នុង​តំបន់​របស់​លោកមា​នស​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​។​
 
​លោក​អះអាងថា បញ្ហា​ដែល​យើង​កំពុងមាន គឺ​មន្ទីរពេទ្យ​មិន​បានទទួល​អុកស៊ីសែន​ពី​អ្នក​ផលិត​ឲ្យ​បាន​គ្រប់គ្រាន់ ដោយសារតែ​ការផ្គត់ផ្គង់​មាន​កម្រិត​។ លោក​បន្ថែមថា បើសិនជា​យើង​ស្នើ​អុក​ស៊ី​សែក ៥០​ធុង គេ​បាន​យ៉ាងច្រើន​ពី​៥ ទៅ​៧​ធុង ប៉ុណ្ណោះ​។​
 
​ចំណែក​មន្ត្រី​ក្នុង​ទីក្រុង​ម៉ុម​បៃ​វិញ ក៏​ទទួលស្គាល់​ផងដែរ​ពី​កង្វះខាត​អុកស៊ីសែន ដោយបាន​ធ្វើសំណើ​ទៅកាន់​អាជ្ញាធរ​រដ្ឋ​។ មន្ត្រី​រូបនេះ អះអាងថា​ត្រូវការ​អុកស៊ីសែន​មានការ​កើនឡើង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដោយសារ​ករណី​ឆ្លង​មានការ​លើ​ន​ឡើង​។​
 
​នៅ​ឥណ្ឌា បើទោះបីជា​អាជ្ញាធរ​អាចធ្វើ​តេស្ត​មនុស្ស​ជា​១០​លាន ក្នុង​មួយថ្ងៃ​ក៏ដោយ​ក្តី អ្នកជំនាញ​ជាច្រើន​និយាយថា​ការធ្វើ​តេស្ត​នៅ​ពុំទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ដោយ​បន្ថែមថា​ចំនួន​អ្នក​ឆ្លង​ពិតប្រាកដ​មាន​ច្រើនជាង​នេះ​។ ក្នុង​ការស្ទង់មតិ​មួយ​កាលពី​សប្តាហ៍​មុន ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​ឥណ្ឌា​បាន​សន្និដ្ឋានថា គេ​មាន​ចំនួន​អ្នក​ឆ្លង​ដល់​ទៅ​៦,៥ លាន​នាក់​បាត់ទៅហើយ​កាលពី​ខែឧសភា​។ ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ឥណ្ឌា ក៏បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​គ្រប់រូប​ធ្វើតេស្ត ដោយ​ពុំ​ចាំបាច់​មាន​លិខិត​ពី​គ្រូពេទ្យ​ឡើយ​។​
 
​យោងតាម​ក្រសួងសុខាភិបាល​ឥណ្ឌា រដ្ឋ​Maharashtra ក្លាយជា​តំបន់​ដែលមាន​ករណី​ឆ្លង​ខ្ពស់​។ យោងតាម​ទិន្ន័យ​ផ្លូវការ ចំនួន​អ្នក​ឆ្លង​មាន​ដល់​ទៅ​ជាង​១​លាន​នាក់ ខណៈ​អ្នក​ស្លាប់មាន​ចំនួន​ជាង​៣​ម៉ឺន​នាក់​
 
​អំឡុងពេល​បិទ​ប្រទេស ឥណ្ឌា​ត្រូវបាន​ចាត់ទុកថា ជា​ប្រទេស​ទប់ទល់​នឹង​ជំងឺឆ្លង​បាន​យ៉ាង​ប្រសើរ ដោយមាន​ចំនួន​អ្នក​ឆ្លង​តិច​ធៀប​នឹង​ចំនួន​ប្រជាជន​។ 
 
​កាលពី​ថ្ងៃទី​៧ ខែកញ្ញា​កន្លងទៅ ឥណ្ឌា​បាន​ក្លាយជា​ប្រទេស​ដែលមាន​ចំនួន​អ្នក​ឆ្លង COVID-19 ច្រើន​លំដាប់​ទី​២ តាម​ពីក្រោយ​អាមេរិក ហើយ​ឈរ​ពីលើ​ប្រេ​ស៊ី​ល​។​ឥណ្ឌា​ដែលមាន​ប្រជាជន ១,៣​ពាន់​លាន​នាក់ ក៏ត្រូវ​បាន​ព្រមាន​ផងដែរ​ថា អាច​នឹងមាន​ចំនួន​អ្នក​ឆ្លង​COVID-19 លើស​អាមេរិក​នៅពេល​ខាងមុខ​៕

© រក្សាសិទ្ធិដោយ thmeythmey.com