អន្តរជាតិ
អង់គ្លេស ប្តេជ្ញាជំរុញសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ខណៈពាណិជ្ជកម្មទ្វេភាគីជាង១ប៊ីលានដុល្លារ
× កម្ពុជា បាននាំចេញទៅអង់គ្លេសលើផលិតផលសម្លៀកបំពាក់ កង់ និងស្បែកជើង ក្នុងទំហំទឹកប្រាក់ជាង ៩៧៨ លានដុល្លារអាម៉េរិកនៅឆ្នាំ២០១៩។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អង់គ្លេស មានទឹកប្រាក់សរុបប្រមាណ ១,០៥ ប៊ីលានដុល្លារអាមេរិក។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញជំហររបស់កម្ពុជាក្នុងការគាំទ្រប្រព័ន្ធពហុភាគីនិយម ក្នុងពាណិជ្ជកម្មអន្តរជាតិ គាំទ្រកិច្ចកំណែរទម្រង់អង្គការពាណិជ្ជកម្មពិភពលោកសំដៅធានាតម្លាភាពនិងភាពស្មើគ្នារវាងសមាជិក ព្រមទាំងជំរុញប្រទេសអភិវឌ្ឍន៍ រួមទាំងអង់គ្លេស ឱ្យបន្តគាំទ្រសកម្មភាពពាណិជ្ជកម្មរបស់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានការអភិវឌ្ឍតិចតួច តាមរយៈការផ្តល់ប្រព្រឹត្តកម្មដោយឡែកនិងពិសេស (S&DT) ក្នុងការធ្វើពាណិជ្ជកម្ម។
ជាមួយគ្នានេះ លោក Marc Thayre អនុប្រធានបេសកកម្មនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ លើកឡើងពីដំណើរការវិវត្តនៃការជ្រើសរើសអគ្គនាយកថ្មីរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះមានបេក្ខភាពមកពីអង់គ្លេសផងដែរ។
លោក Marc Thayre បានបង្ហាញសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសក្នុងវិស័យពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលបានប៉ះពាល់ដោយមេរោគរាតត្បាតកូវីដ-១៩។
របាយការណ៍នៅឆ្នាំ២០១៨ បង្ហាញថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានទឹកប្រាក់១,០៨៣លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសមានចំនួន១,០១៨លានដុល្លារ ចំណែកអង់គ្លេសនាំមកកម្ពុជា មានតែ៦៥លានដុល្លារប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com