ភ្នំពេញ៖ វិបត្តិកូវីដ-១៩ ធ្វើឲ្យនិស្សិតខ្មែរដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស មិនទាន់អាចចាកចេញទៅបន្តការសិក្សានៅបរទេសបាន ខណៈសកលលោកកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ និស្សិតខ្មែរខ្លះទៀត នៅទន្ទឹងរង់ចាំការប្រកាសផ្តល់អាហារូបករណ៍ ពីបណ្តាប្រទេសផ្សេងៗដែរ ដើម្បីឲ្យពួកគេអាចសម្រេចបំណងប្រឡងប្រជែងយកអាហារូករណ៍ទៅសិក្សាជំនាញក្នុងក្តីស្រមៃរបស់ខ្លួននៅឯក្រៅប្រទេសនោះ។
ការសិក្សានៅបរទេស គឺជាក្តីប្រាថ្នារបស់សិស្សនិស្សិតកម្ពុជាមួយចំនួនធំ។ ដូច្នេះហើយទើបពួកគេឥតបោះបង់ឱកាសប្រឡងប្រជែងយកអាហារូបករណ៍ដើម្បីទៅសិក្សានៅបរទេស បើទោះស្ថិតក្នុងទេសៈកាលៈកូវីដ-១៩ ក៏ដោយ។ មិនបោះបង់ព្រោះតែពួកគេយល់ថា ក្នុងវិបត្តិនេះ គឺអាចឲ្យពួកគេមានឱកាសទទួលបានអាហាររូបករណ៍ខ្ពស់ទៀតផង។
និស្សិត ឆុន សំណាង គឺជានិស្សិតខ្មែររមួយរូប ដែលទើបទទួលបានលទ្ធផលវិជ្ជមានថា រូបគេត្រូវបានជ្រើសរើស ឲ្យទៅសិក្សាអាហារូបករណ៍ផ្នែកវិស្វករ រយៈពេល៥ឆ្នាំនៅប្រទេសវៀតណាម។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ និស្សិត ឆុន សំណាង បានរៀបរាប់ថារូបគេសប្បាយចិត្តខ្លាំងណាស់ ព្រោះរូបគេទន្ទឹងរង់ចាំការផ្តល់អាហារូបករណ៍នេះ តាំងតែពីដើមឆ្នាំ២០២០មក។ រហូតខែកក្កដា ទើបរដ្ឋាភិបាលវៀតណាមប្រកាសផ្តល់អាហារូបករណ៍នេះដល់និស្សិតកម្ពុជា ហើយរូបគេក៏មិនបង្អង់យូរក្នុងការដាក់ពាក្យប្រឡងអាហារូករណ៍នេះដែរ។
និស្សិត ឆុន សំណាង
ក្រោយទទួលបានអាហារូបករណ៍នេះ សំណាង ក៏សម្រេចចិត្តផ្អាកការសិក្សារបស់នៅកម្ពុជា ដោយចាប់ផ្តើមសិក្សាអក្សរ និងភាសាវៀតណាម មុននឹងចាកចេញទៅសិក្សាផ្ទាល់នៅទីនោះ នៅក្នុងខែតុលាខាងមុខនេះ ប្រសិនបើស្ថានភាពកូវីដ-១៩ នៅប្រទេសវៀតណាមស្រាកស្រាន្ត។ និស្សិត ឆុត សំណាង រៀបរាប់ដូច្នេះថា៖«បើខ្ញុំរៀននៅនេះ វារាងលំបាកបន្តិច ដោយសារខ្ញុំត្រូវរៀនបណ្តើរ និងធ្វើការបណ្តើរ។ នៅទីនេះ ខ្ញុំអត់សូវបានរៀនច្រើនទេ ដោយសារពេលខ្លះខ្ញុំអស់កម្លាំង។ បើខ្ញុំទៅរៀននៅវៀតណាម ខ្ញុំអាចនឹងផ្តោតលើការរៀនខ្លាំងជាងហ្នឹង»។
ជំងឺកូវីដ-១៩ បានធ្វើឲ្យដំណើរចាកចេញរបស់និស្សិតខ្មែរទៅបន្តការសិក្សានៅបរទេស ត្រូវបានពន្យារ។ លោក ប៉ាន់ បូនី ដែលតាមពិតត្រូវចាកចេញទៅសិក្សាផ្នែកផលិតភាពយន្ត នៅប្រទេសថៃ នាពាក់កណ្តាលឆ្នាំ២០២០នេះ កំពុងស្ថិតនៅប្រទេសកម្ពុជានៅឡើយ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទនៃការនោះ ត្រូវបានលើកពេលទៅសិក្សានៅឆ្នាំ២០២១វិញ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
ទោះបីជាការពន្យារពេលទៅសិក្សានៅប្រទេសថៃ មានរយៈពេលយូរក៏ដោយ លោក ប៉ាន់ បូនី ក៏នៅតែរង់ចាំការសិក្សាការផលិតភាពយន្តនៅប្រទេសជិតខាងមួយនេះដែរ។ លោក ប៉ាន់ បូនី ពន្យល់ដូច្នេះ៖«ដោយសារខ្ញុំគិតថា វិស័យកុននៅប្រទេសថៃ រាងរីកចម្រើនជាងនៅកម្ពុជា។ អ៊ីចឹងបានខ្ញុំ ចង់ទៅរៀនដកបទពិសោធន៍ ពីវិស័យថតកុននៅប្រទេសថៃ ដើម្បីយកមកបណ្តុះបណ្តាល និងចែករំលែកដល់កូនខ្មែរ អំពីអ្វីដែលយើងរៀនចប់ ពីប្រទេសថៃមក និងយកមកអភិវឌ្ឍវិស័យថតកុន នៅប្រទេសកម្ពុជា»។
លោក ប៉ាន់ បូនី
ការចាកចេញទៅប្រទេសថៃ ស្ថិតក្នុងភាពមិនច្បាស់លាស់ព្រោះវិបត្តិកូវីដ-១៩ ក៏ដោយ ប៉ុន្តែ បូនី បានឆ្លៀតសិក្សាភាសាថៃតាមអនឡាញជាមួយគ្រូជនជាតិថៃ មុននឹងការសិក្សារបស់ខ្លួនចាប់ផ្តើម ដែលតាមការកំណត់គឺនៅអំឡុងដើមឆ្នាំ២០២១។
និស្សិតខ្មែរម្នាក់ទៀត ក៏មានគោលដៅឥតងាករេ ចំពោះការសិក្សាផ្នែកធុរកិច្ច នៅប្រទេសថៃដែរ នោះគឺយុវតី ឃុន ហេងលី។ ដ្បិតបច្ចុប្បន្ន ហេងលី កំពុងសិក្សាអក្សរសាស្ត្រអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេសមែន ប៉ុន្តែនាងតែងតែទន្ទឹងចាំអាហារូបករណ៍ពីរដ្ឋាភិបាលថៃ មកឲ្យនិស្សិតកម្ពុជា។
និស្សិត ហេងលី បានរៀបរាប់ប្រាប់ពីមូលហេតុដែលនាងចង់ទៅរៀននៅប្រទេសថៃដូច្នេះថា៖«ខ្ញុំដឹងថា ប្រទេសថៃ សម្បូរសាកលវិទ្យាល័យ ដែលមានជំនាញដែលខ្ញុំចង់រៀនច្រើន។ ណាមួយខ្ញុំគិតថា បើខ្ញុំទៅថៃ ហើយរៀនភាសាថៃចេះហើយ ពេលត្រឡប់មកខ្មែរវិញ ភាសាថៃ ក៏ត្រូវប៉ាន់នឹងទីផ្សារនៅកម្ពុជា ក៏រាងគ្រាន់បើដែរ។ អាចយើងប្រើប្រាស់វា ដើម្បីជាផលប្រយោជន៍ ព្រោះវាជាក្តីស្រមៃរបស់ប៉ាខ្ញុំ ដែលគាត់ចង់ឲ្យខ្ញុំរៀននៅថៃ និងចេះភាសាថៃ ដូចគាត់ដែរ»។
និស្សិត ឃុន ហេងលី
យ៉ាងណាក៏ដោយ អំឡុងពេលរង់ចាំសេចក្តីប្រកាសអាហារូបករណ៍ ទៅសិក្សានៅប្រទេសថៃ និស្សិត ហេងលី បានសាកល្បងប្រឡងអាហារូបករណ៍វៀតណាម និងជប៉ុនផងដែរ ដោយលទ្ធផលគឺ ហេងលី បានជាប់អាហារូបករណ៍វៀតណាម។ ប៉ុន្តែនាងបោះបង់ឱកាសទៅរៀននៅវៀតណាមវិញ ដោយសារ ហេងលី គ្រាន់តែចង់ទទួលបានបទពិសោធន៍ប្រឡងអាហារូបករណ៍បរទេសប៉ុណ្ណោះ។ កញ្ញា ឃុន ហេងលី បានរៀបរាប់ដូច្នេះថា៖«ការពិតខ្ញុំចង់បានបទពិសោធន៍ទៅប្រឡងនៅប្រទេសវៀតណាម និងជប៉ុន ដោយសារខ្ញុំចង់បានបទពិសោធន៍ដើម្បីឲ្យខ្ញុំមានគ្រឹះ និងស្ពានឆ្លងឲ្យខ្ញុំអាចប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ»៕