COVID-19
អន្តរជាតិ
Oxfam៖ ប្រទេស​អ្នក​មានបាន​ទិញ​កក់​ចំនួន​ពាក់កណ្តាល វ៉ាក់សាំង COVID-19​ដែល​នឹងត្រូវ​ផលិត​នាពេល​អនាគត​
17, Sep 2020 , 2:59 pm        
រូបភាព
វ៉ាក់សាំងជំងឺ COVID-19។រូបតំណាង។ រូបភាព៖ Reuters
វ៉ាក់សាំងជំងឺ COVID-19។រូបតំណាង។ រូបភាព៖ Reuters
ដោយ:
​ក្រុម​ប្រទេស​អ្នកមាន ដែល​តំណាង​ឲ្យ​ត្រឹមតែ​១៣​ភាគរយ​នៃ​ប្រជាជន​ទូទាំង​ពិភពលោក បាន​ទិញ​កក់​វ៉ាក់សាំង​COVID-19​ចំនួន​ពាក់កណ្តាល ដែល​នឹងត្រូវ​ផលិត​នៅពេល​អនាគត​។ ការ​សម្រុក​ទិញ​កក់​បែបនេះ នឹង​បណ្តាល​ឲ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍ ពិបាក​ទទួលបាន​វ៉ាក់សាំង​នៅពេលដែល​គេ​ផលិត​បាន​។ នេះ​យោងតាម​របាយការណ៍រ​បស់​អង្គការ Oxfam នៅ​ថ្ងៃទី​១៦ ខែកញ្ញា​។​


Oxfam ដែលជា​អង្គការ​មនុ​ស្សធ​ម៍ មិនមែន​រដ្ឋាភិបាល បាន​បញ្ចេញ​របាយការណ៍​នេះ ដោយ​ផ្អែកទៅលើ​ការវិភាគ​លើ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​រដ្ឋាភិបាល ទៅលើ​វ៉ាក់សាំង​ចំនួន​៥ ដែល​កំពុង​ស្ថិតនៅក្នុង​ការធ្វើ​តេស្ត​តំណាក់កាល​ចុងក្រោយ​។​វ៉ាក់សាំង​ទាំង​៥ ដែល​កំពុង​ធ្វើតេស្ត​នៅមាន​AstraZeneca  Gamaleya/Sputnik  Moderna  Pfizer និង Sinovac​។​
 
Oxfam គណនា​ថា សមត្ថភាព​ផលិត​របស់​ក្រុមហ៊ុន​វ៉ាក់សាំង​ទាំង​៥​បញ្ចូល​គ្នា អាច​ផលិត​បាន​វ៉ាក់សាំង​៥, ៩​ពាន់​លាន​ដប ដែល​គ្រប​គ្រាប់​សម្រាប់​មនុស្ស​៣​ពាន់​លាន​នាក់ ដែល​ក្នុងនោះ​វ៉ាក់សាំង​ខ្លះ​អាច​តម្រូវ​ឲ្យ​ចាក់​២​ដង ទើប​មាន​ប្រសិទ្ធិភាព​។ ដោយ​គិត​មកដល់ពេលនេះ ប្រទេស​ទាំងអស់​បាននាំគ្នា​កក់​ទិញ​ទុក​វ៉ាក់សាំង​ទាំង​៥​នោះ ចំនួន ៥,៣​ពាន់​លាន​ដប ធៀប​ទៅនឹង​៥,៩​ពាន់​លាន​ដប​ដែល​អាច​ផលិត​បាន​។​

​ប្រទេស​អ្នកមាន​ដូចជា អាមេរិក អង់គ្លេស សហភាព​អឺរ៉ុប អូស្ត្រាលី ហុងកុង និង​ម៉ា​កាវ ស្វី​ស និង​អ៊ីស្រាអែល បាន​កក់​ទិញ​វ៉ាក់សាំង​ដែល​នឹងត្រូវ​ផលិត​នាពេល​អនាគត​ចំនួន​ពាក់កណ្តាល ពោលគឺ​២,៦​ពាន់​លាន​ដប​។ ខណៈ​ចំនួន​សេសសល់ ត្រូវបាន​ក្រុមហ៊ុន សន្យា​លក់​ឲ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​ចិន ប្រ​ស៊ី​ល ឥណ្ឌូនេស៊ី និង​ប្រទេស​ផ្សេងៗ​ទៀត​។​
 
​លោក Robert Silverman តំណាង​Oxfam នៅ​អាមេរិក បាន​លើកឡើងថា​៖« ការទទួលបាន​វ៉ាក់សាំង​ដើម្បី​រស់ មិនគួរណា​អាស្រ័យ​ទៅនឹង​ទីកន្លែង​ដែល​មនុស្ស​រស់នៅ ឬ​ទឹកប្រាក់​ដែល​គេ​មាន​នោះ​ឡើង​»​។​លោក បន្តថា​ការផលិត និង​ការអនុញ្ញាត​សម្រាប់​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធិភាព និង​សុវត្ថិភាព​មាន​សារៈសំខាន់ ប៉ុន្តែ​ការចែក​ចាយ​វ៉ាក់សាំង​COVID-19 ទៅ​មនុស្ស​គ្រប់រូប និង​គ្រប់​ទីកន្លែង​ក៏​សំខាន់​ដូចគ្នា​។​
 
Oxfam ក៏ដូចជា​អង្គការ​អន្តរជាតិ​ដទៃទៀត បាន​អំពាវនាវ​ឲ្យ​មាន​«​វ៉ាក់សាំង​សម្រាប់​ប្រជាជន​» ដែល​មិន​គិតថ្លៃ និង​ចែកចាយ​តាម​សេចក្តីត្រូវការ​។ របាយការណ៍ Oxfam និយាយថា គេ​អាចធ្វើ​បែបនេះ​បាន ដរាបណា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អនុញ្ញាត​ឲ្យ​ផលិត​វ៉ាក់សាំង​ឲ្យ​បាន​ទូលំទូលាយ ដោយ​ចែករំលែក​ចំណេះដឹង​ពី​វ៉ាក់សាំង មិន​គិតពី​ប៉ាតង់ ជៀស​ជាង​ការពារ​ផលប្រយោជន៍​ផ្តាច់មុខ និង​លក់​ទៅអោយ​អ្នក​ដែល​ផ្តល់​លុយ​ឲ្យ​ខ្ពស់​។​
 
​របាយការណ៍​នេះ ក៏​បង្ហាញ​ផងដែរ​ថា ដើម្បី​ចែកចាយ​វ៉ាក់សាំង​ទៅ​មនុស្ស​គ្រប់រូប​ដោយ​មិន​គិតថ្លៃ គេ​ត្រូវចំ​នាយ​តិចជាង​១​ភាគរយ នៃ​ផលប៉ះពាល់​COVID-19 ទៅលើ​សេដ្ឋកិច្ចពិភពលោក​។​
 
​ចំណែក អង្គការសហប្រជាជាតិ​វិញ បាន​ប៉ាន់​ស្មានថា​គេ​ត្រូវការ​ទឹកប្រាក់​ចំនួន​៣៨​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ក្នុង​ករ​ចែកចាយ​វ៉ាក់សាំង​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com