សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិក ចេញ​ផែនការ​ពង្រីក​កងទ័ព​ជើង​ទឹក ដើម្បី​ទប់​នឹង​បញ្ហា​ប្រឈម​ពី​ចិន​
17, Sep 2020 , 5:59 pm        
រូបភាព
លោក Mark Esper រដ្ឋមន្ត្រីការពារជាតិអាមេរិក។រូបភាព៖_AFP
លោក Mark Esper រដ្ឋមន្ត្រីការពារជាតិអាមេរិក។រូបភាព៖_AFP
ដោយ:
​លោក Mark Esper រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក នៅ​ថ្ងៃទី​១៦ ខែកញ្ញា​បានប្រកាស​ពី​ផែនការ​ពង្រីក​កងទ័ព​ជើង​ទឹក ដែល​ក្នុងនោះ​រួមមាន នាវាចម្បាំង​ស្វ័យប្រវត្តិ និង​គ្មាន​មនុស្ស​បើក នាវាមុជទឹក ក៏ដូចជា​នាវា​ផ្ទុក​យន្តហោះ ដើម្បី​ទប់​នឹង​បញ្ហា​ប្រឈម​សន្តិសុខ​បណ្តាលមកពី​កងទ័ពជើងទឹក​ចិន​។ នេះ​យោង តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​


​រដ្ឋមន្ត្រី​ការពារជាតិ លោក Mark Esper ក្នុងពេល​ពិនិត្យ​ផែនការ​ពង្រីក​កងទ័ព​ជើង​ទឹក ដែលមាន​ឈ្មោះថា​« Future Forward» បាន​លើកឡើងថា អាមេរិក នឹង​ពង្រីក​ចំនួន​នាវា​របស់ខ្លួន​ពី​ចំនួន ២៩៣ នាពេល​បច្ចុប្បន្ន ឲ្យ​កើន​ដល់​ច្រើនជាង​៣៥៥​នាវា នាពេល​អនាគត​។​
 
​ផែនការ​ពង្រីក​កងទ័ព​ជើង​ទឹក​នេះ តម្រូវ​ឲ្យ​អាមេរិក​ចាយលុយ​១០​ពាន់​លាន​ដុល្លារ រៀងរាល់ឆ្នាំ​ពី​ឆ្នាំ​២០២០ ដល់​២០៤៥ ដើម្បី​ធានាថា កងទ័ពជើងទឹក​អាមេរិក នឹង​បន្ត​មានប្រៀប​លើ​កងទ័ពជើងទឹក​ចិន​។ កងទ័ពជើងទឹក​ចិន ដែល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បានធ្វើ​ទំនើបកម្ម​យ៉ាង​រហ័ស ដែល​បណ្តាល​ឲ្យ​អាមេរិក​ចាត់ទុក​ជាការ​គំរាម​ចម្បង​មកលើ​អាមេរិក​។​
«​នាវា នៅពេល​អនាគត និង​មាន​សមត្ថភាព​ជាង​មុន ក្នុងការ​វាយប្រហារ​តាមរយៈ​អាកាស ពី​ផ្ទៃ​ទឹក និង​ពីក្រោម​ទឹក​» នេះ​ជាការ​ថ្លែង​របស់លោក Esper នៅ​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ Rand Corp ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​
 
​ការពង្រីក​កងទ័ពជើងទឹក​នេះ នឹង​បន្ថែម​នាវា​ប្រយុទ្ធ នាវាមុជទឹក នាវា​ដែល​មិនចាំបាច់​មាន​មនុស្ស​បើក នាវា​ដែល​បើកបរ​ស្វ័យប្រវត្តិ និង​គ្មាន​មនុស្ស​បើក ក៏ដូចជា​នាវា​ផ្ទុក​យន្តហោះ​ដែល​គ្មាន​មនុស្ស​បើក ដែល​តូច​ជាង​មុន​។​បន្ថែម​ពីនេះ កង​នាវា​ខាងលើ នឹងត្រូវ​បង្កើន​សមត្ថភាព​ក្នុងការ​ប្រយុទ្ធ​ដែលមាន​ស្ថានការណ៍​គ្រោះថ្នាក់​ខ្លាំង ក៏ដូចជា​វាយប្រហារ​ពី​ចំងាយ​ឆ្ងាយ​ដែលមាន​សុក្រឹត្យភាព​ខ្ពស់ជាង​មុន​។​
 
​លោ​កថា​នាពេលនេះ អាមេរិក​កំពុង​ធ្វើតេស្ត​មី​ស៊ី​ល ក៏ដូចជា​ដ្រូ​ន​ក្នុង​ទឹក​ដែលមាន​សមត្ថភាព​ស្វ័យប្រវត្តិ​ក្នុងការ​ស្វែងរក​នាវាមុជទឹក​របស់​សត្រូវ​ក្នុង​បាតសមុទ្រ និង​ដែល​អាច​ស្ថិតនៅក្រោម​ទឹក​ជាង​២​ខែ​។​
 
​លោក Esper ក៏បាន​បន្ថែមថា ចិន គឺជា​ការ​គំរាម​ចម្បង​លើ​សន្តិសុខ​អាមេរិក ហើយ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ជាទី​តាំង​គំរាម​ចម្បង​ដល់​កងទ័ព​អាមេរិក​។​លោក​ថា តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក មិន​ត្រឹមតែ​ជា​បណ្តុំ​នៃ​ជំនួញ​និង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កន្លែង​ប្រឈមមុខគ្នា​រវាង​មហាអំណាច​ផងដែរ​។​
 
​កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅ របាយការណ៍​របស់​ម​ន្ទីរ​បញ្ច​កោណ​អាមេរិក បានបង្ហាញ​ថា​ចិន ជា​ប្រទេស​ដែលមាន​កម្លាំង​កងទ័ព​ជើង​ទឹក​ច្រើន​បំផុត ដោយមាន​នាវា និង​នាវាមុជទឹក​សរុប​ចំនួន​៣៥០​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ក៏បាន​លើកឡើង​ដែរ​ថា បើទោះបីជា​អាមេរិក មិន​សង់​នាវា​បន្ថែម ក៏​ចិន​ត្រូវការ​ពេលវេលា​ជាច្រើន​ឆ្នាំ​ដើម្បី​តាម​ទាន់​សមត្ថភាព​អាមេរិក នៅក្នុង​សមុទ្រ​អន្តរជាតិ​។ លោក​សង្កត់​បន្ថែមថា កងទ័ពជើងទឹក​ចិន ខ្វះ​ទាំង​កម្លាំង និង​សមត្ថភាព​។​
 
​ការពង្រីក​កងទ័ពជើងទឹក​ដែលមាន​នាវា​រហូតដល់​ទៅ ៣៥៥​នេះ តម្រូវ​ឲ្យ​មន្ទីរ​បញ្ជ​កោណ​អាមេរិក​ចំណាយ​ប្រាក់​មួយ​ភាគ​ធំ​ក្នុង​វិស័យ​កងទ័ពជើងទឹក មិនតែប៉ុណ្ណោះ​អាមេរិក​ត្រូវ​ចំណាយ​ប្រាក់​បន្ថែម​ដើម្បី​ពង្រីក និង​ធ្វើ​ទំនើបកម្ម​កន្លែង​សង់​នាវា ដើម្បី​តាម​ឲ្យ​ទាន់​ចិន​ដែលមាន​ប្រៀប​ក្នុងការ​សាងសង់​៕

Tag:
 អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com