សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន តវ៉ា​នឹង​ដំណើរ​ទស្សនកិច្ច​របស់​អនុរដ្ឋលេខាធិការ​អាមេរិក ទៅ​តៃវ៉ាន់​
17, Sep 2020 , 11:29 pm        
រូបភាព
លោក_Keith_Krach_អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក។_រូបភាព៖_AFP
លោក_Keith_Krach_អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក។_រូបភាព៖_AFP
ដោយ:
​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​១៧ កញ្ញា​នេះ បាន​តវ៉ា​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់ លោក​Keith Krach អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក ដែល​ធ្វើដំណើរ​ទៅ​តៃវ៉ាន់ ដើម្បី​ចូលរួម​ពិធី​រំលឹក​សព​អតីត​ប្រធានាធិបតី​តៃវ៉ាន់​លោក​Lee Teng-hui​។ លោក Keith Krach គឺជា​មន្ត្រីការទូត​ជាន់ខ្ពស់​អាម​រិ​ក ដែល​មក​បំពេញ​ទស្សនកិច្ច នៅ​តៃវ៉ាន់​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។​


​លោក Keith Krach អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក ទទួលបន្ទុក​កំណើនសេដ្ឋកិច្ច ថាមពល និង​បរិស្ថាន នឹង​បំពេញ​ដំណើរ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ នៅ​ថ្ងៃទី​១៩ ខែកញ្ញា ដើម្បី​ចូលរួម​ពិធី​រំលឹក​សព​អតីត​ប្រធានាធិបតី​តៃវ៉ាន់​លោក​Lee Teng-hui អតីត​ប្រធានាធិបតី​តៃវ៉ាន់ ដែល​ឡើងកាន់​អំណាច​ដោយ​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៨៨ ដល់​ឆ្នាំ ២០០០​។​
 
​យោងតាម​រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​របស់លោក Krach អមដំណើរ​ដោយ​លោក Robert Destro ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស  នឹង​ពិភាក្សា​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេភាគី​។​លោក ក៏​បញ្ជាក់​ផងដែរ​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អាមេរិក ចាប់តាំងពី​ការ​ផ្តាច់ទំនាក់ទំនង​ការទូត​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៧៩​។​
 
​ចំណែកឯ ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់ បាន​បន្ថែមថា​ភាគី​ទាំងពីរ​សង្ឃឹមថា​នឹងមាន​ការពិភាក្សា ក៏ដូចជា​ផ្តោះ​ប្តូរ​បន្ថែមទៀត​ដើម្បី​ពង្រឹង​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ ដែល​រួមមាន​សេដ្ឋកិច្ច ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អនុរដ្ឋលេខាធិការ​អាមេរិក​រូបនេះ​។​
 
​ពី​ខាង​អាមេរិក​វិញ លោកស្រី​Morgan Ortagus  អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក និយាយ​ក្នុង​សេចក្តី​ថ្លែង​ការ​ថា អាមេរិក​ផ្តល់​កិត្តិ​យក​ដល់​មរតក លោក Lee អតីត​ប្រធានាធិបតី​តៃវ៉ាន់ ដោយ​បន្ត​នូវ​ទំនាក់ទំនង​យ៉ាង​រឹង​ម៉ាំ​ជាមួយ​តៃវ៉ាន់ និង​របប​ប្រជាធិបតេយ្យ​យ៉ាង​រស់​រវើក​តាមរយៈ​តម្លៃ​សេដ្ឋកិច្ច និង​នយោបាយ​រួមគ្នា​។​
 
​លោក Lee អតីត​ប្រធានាធិបតី​តៃវ៉ាន់ គឺជា​បិតា​ប្រជាធិបតេយ្យ​តៃវ៉ាន់ ដែល​ទាញ​កោះ​នេះ​ចេញពី​របប​ផ្តាច់ការ និង​ធ្វើ​ឲ្យ​ចិន​ក្តៅក្រហាយ ដោយសារ​គោលនយោបាយ​ការបរទេស​របស់លោក ដែល​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ទទួលស្គាល់​តៃវ៉ាន់​ជា​រដ្ឋ​អធិបតេយ្យ​។​
 
​ចិន ដែល​កំពុង​តែមាន​ទំនាក់ទំនង​អាប់អួរ​ជាមួយ​អាមេរិក តែងតែ​ប្រឆាំង និង​ព្រមាន​អាមេរិក​ចំពោះ​ដំណើរ​ទស្ស​និ​កិច្ច​ផ្លូវការ​រវាង​តៃវ៉ាន់ និង​អាមេរិក​។ ចិន តែងតែ​ចាត់ទុក​តៃវ៉ាន់​ជា​ទឹកដី​របស់ខ្លួន និង​គំរាម​ជា​រឿង​ថា​នឹង​ប្រើ​កម្លាំងយោធា​ដើម្បី​កាន់កាប់​វិញ​បើសិនជា​ចាំបាច់​។ ការប្រឆាំង​ទៅនឹង​ទស្សនកិច្ច​នេះ មានបំណង​កុំ​ឲ្យ​ប្រទេស​ដទៃទៀត ជាពិសេស​អាមេរិក​ទទួល​ស្គាល់​តៃវ៉ាន់ ក៏ដូចជា​ទុក​ឲ្យ​កូន​កោះ​នេះ​កាន់តែ​ឯកោ​ជាង​មុន​។​
 
​កាលពី​ថ្ងៃទី​១០ ខែសីហា អាមេរិក​បាន​បញ្ជូន​លោក Alex Azar រដ្ឋមន្ត្រី​សុខាភិបាល និង​សេវាកម្ម​ប្រជាជន​អាមេរិក ដោយ​ដឹកនាំ​គណៈប្រតិភូ​ក្នុង​ទស្សនកិច្ច​កម្រិត​ខ្ពស់​មួយ​នេះ​កោះ​តៃវ៉ាន់​។​លោក Azar ជា​រដ្ឋមន្ត្រី​អាមេរិក​ទីមួយ​ទៅ​តៃវ៉ាន់​តាំងពី​ឆ្នាំ​២០០០​មក​។​ឆ្នាំ​នោះ រដ្ឋមន្ត្រី​ដឹកជញ្ជូន ក្រោម​អាណត្តិ​របស់​អតីត​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន បាន​ទៅ​តៃវ៉ាន់​។ 
​នៅ​ឆ្នាំ​២០១៤ ក្រោម​រដ្ឋបាល​របស់លោក​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា អាមេរិក​បាន​បញ្ជូន​ប្រធាន​ភ្នាក់ងារ​ការពារ​បរិស្ថាន​ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ទៅធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​ដែរ​។​
 
 

Tag:
 ចិន​
 ​អាមេរិក​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com