COVID-19
អន្តរជាតិ
លោក ស៊ូហ្កា ប្តេជ្ញាអនុវត្តគម្រោង និងដោះស្រាយបញ្ហាដែលបន្សល់ទុកពីលោកអាបេ
18, Sep 2020 , 11:50 am        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក យូស៊ីហ៊ីដេ ស៊ូហ្កា  (Yoshihide Suga) បានប្តេជ្ញាដោះស្រាយបញ្ហាជាច្រើនបន្តពីលោកស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តី ដែលទើបចុះចេញពីតំណែងដោយសារតែជំងឺដំបៅក្រពះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្រ្តី ដែលបានចេញផ្សាយលើវេបសាយរបស់គណរដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី១៦ ខែកញ្ញា។

 
 
បន្ទាប់ពីសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មី លោកYoshihide Suga បានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសពីការតែងតាំងតំណែងថ្មីរបស់ខ្លួន និងរៀបរាប់ពីបញ្ហាមួយចំនួន ដែលបានដោះស្រាយនាពេលកន្លងមក ជាមួយលោក អាបេ។ បញ្ហាទាំងនោះរួមមាន ការស្តារសេដ្ឋកិច្ច ការភ្ជាប់ទំនាក់ទំនងការទូត បញ្ហាសន្តិសុខជាតិ និងសន្តិសុខសង្គមជាដើម។ យ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាមួយចំនួន ដូចជាCOVID-19 និងការស្តាសេដ្ឋកិច្ចនៅតែមិនទាន់ដោះស្រាយចប់ផងដែរ។
 
ទាក់ទិននឹងបញ្ហានេះ លោក Suga ប្តេជ្ញាអនុវត្តគម្រោងដែល បន្សល់ទុកពីលោកអាបេ ដើម្បីដោះស្រាយបញ្ហាទាំងឡាយ ដែលជប៉ុនកំពុងជួបប្រទះ។ «ខ្ញុំនឹងអនុវត្តគម្រោងដែលបន្សល់ទុកពីរដ្ឋបាលរបស់លោកអាបេ និងអភិវឌ្ឍគម្រោងទាំងនោះបន្ថែមទៀត ដើម្បីជម្នះស្ថានភាពបច្ចុប្បន្ន និងត្រលប់ទៅរកស្ថានភាពធម្មតាដូចពីមុនវិញ»។ លោកនាយករដ្ឋមន្រ្តីជប៉ុនថ្មីបានបញ្ជាក់បែបនេះ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល ប្រមុខរដ្ឋាភិបាលជប៉ុន បានអំពាវនាវឲ្យមានការចូលរួមពីសំណាក់ប្រជាជន ដើម្បីចូលរួមកាត់បន្ថយអត្រាកំណើតទាប ការធ្លាក់ចុះនៃចំនួនប្រជាជន និងបញ្ហាមួយចំនួន ក្នុងគោលបំណងបង្កើតអនុភាពជប៉ុនជាថ្មីឡើងវិញ។ 
លោក Suga បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុន បន្ទាប់ពីទទួលបានការបោះឆ្នោតគាំទ្រក្នុងចំនួន ៣១៣សំឡេង ក្នុងចំណោមសន្លឹកឆ្នោតសរុប ៤៦២សំឡេង ពីសំណាក់សមាជិកសភាជាន់ទាបជប៉ុន កាលពីថ្ងៃទី១៦ ខែកញ្ញា។ 
សូមបញ្ជាក់ថា លោក ស៊ូហ្កា កើតក្នុងត្រកូលកសិករដាំផ្លែឈើមួយក្នុងភាគខាងជើងនៃប្រទេសជប៉ុន ។ លោកបានចាប់ផ្ដើមប្រលូកក្នុងជីវិតនយោបាយជាតំណាងរាស្រ្ត ។ ចាប់តាំងពីឆ្នាំ២០១២ លោក ស៊ូហ្កា ទទួលទំនុកចិត្តពីលោកអាបេ ហើយតែងតាំងឲ្យកាន់តំណែងជាប្រធានលេខាធិការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាល៕
 

Tag:
 ជប៉ុន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com