ជាតិ
ឯកអគ្គរាជទូតអូស្ត្រាលីសុំទោសក្រោយបង្ហោះម្ហូបអាហារពីសត្វគន្ធាយ…
18, Sep 2020 , 5:15 pm        
រូបភាព
ដោយ: ថ្មីៗ
លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានសម្រេចចិត្តលុបសារ Twitter របស់ខ្លួនចេញវិញ ក្រោយរងការរិះគន់ជាបន្តបន្ទាប់។ សារព័ត៌មានថ្មីៗ មិនបានឃើញសារ Twitter នោះដោយផ្ទាល់ឡើយ តែ​បើតាមក្រុមអ្នកអភិរក្ស អាហារដែលលោក Pablo បានបង្ហោះនោះ គឺគន្ធាយក្បាលកង្កែប (រមិច) ដែលជាប្រភេទសត្វប្រឈមនឹងការផុតពូជ។ ក្រោយលុបសារ លោក Pablo Kang បានសរសេរសុំទោស និងសន្យាប្រុងប្រយ័ត្នចំពោះសកម្មភាពខ្លួននាពេលអនាគត។



«គោលបំណងរបស់ខ្ញុំ គឺមិនមែនផ្សព្វផ្សាយម្ហូបទាំងនេះឡើយ ប៉ុន្តែចង់ណែនាំពីម្ហូបមួយចំនួនដែលគេរៀបចំសម្រាប់ខ្ញុំ នាដំណើរទស្សនកិច្ចរបស់ខ្ញុំទៅតាមខេត្ត»។ នេះជាការអះអាងរបស់លោក Pablo Kang ក្នុងសារសុំអភ័យទោសចំពោះកំហុសឆ្គងរបស់ខ្លួន។

លោកឯកអគ្គរាជទូតអូស្ត្រាលី បានសរសេរបន្ថែមលើ Twitter នាថ្ងៃទី១៥ ខែកញ្ញាថា៖ «ខ្ញុំពិតជាមិនគាំទ្រឡើយចំពោះការយកប្រភេទសត្វរងគ្រោះថ្នាក់ទៅធ្វើជាម្ហូបអាហារ ឬក្នុងគោលបំណងផ្សេងទៀត។ ខ្ញុំនឹងប្រុងប្រយ័ត្នបន្ថែមអំពីសកម្មភាពរបស់ខ្ញុំនាពេលអនាគត»។

ក្រោយការបង្ហោះរូប អ្នកតាមដាន Twitter ជាពិសេសក្រុមអ្នកអភិរក្ស បានរិះគន់លោក Pablo Kang ដោយអ្នកខ្លះសម្តែងនូវការភ្ញាក់ផ្អើលដែលមន្ត្រីទូតបានបរិភោគអាហារពីសត្វដ៏រងគ្រោះថ្នាក់។ សារព័ត៌មានមួយចំនួន ដូចជា Daily Mail Australia ជាដើម ក៏បានយកករណីទៅសរសេរផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com