ជាតិ
បុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ៖ ភ្ញៀវទេសចរជាង១លាននាក់ បានដើរកម្សាន្តនៅទូទាំងប្រទេស
19, Sep 2020 , 2:10 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែកញ្ញា ឆ្នាំ២០២០ ភ្ញៀវទេសចរជាង១.១លាននាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិជិត ៧ពាន់នាក់។ នេះបើតាមរបាយការណ៍ស្ថិតិភ្ញៀវទេសចរបឋម របស់ក្រសួងទេសចរណ៍។


 
ក្នុងរបាយការណ៍ខាងលើ បញ្ជាក់ថា ភ្ញៀវទេសចរសរុបចំនួន ១ ១០៥ ៦១១ នាក់ បានធ្វើដំណើរនៅតាមរមណីយដ្ឋាននានានៅក្នុងប្រទេសកម្ពុជា។ បើតាមរបាយការណ៍ដដែល ខេត្តចំនួន ៥ ដែលស្រូបទាញទេសចរច្រើនជាងគេ រួមមាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពត ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ 
 
ខេត្តបាត់ដំបង បានឈរនៅលំដាប់លេខ១ ជាខេត្តដែលមានភ្ញៀវទេសចរច្រើនជាងគេ រហូតដល់ជាង ១៣ម៉ឺននាក់, ខេត្តសៀមរាប ស្ថិតនៅលំដាប់លេខ២ មានទេសចរជាង១២ម៉ឺននាក់ និងខេត្តកំពត លំដាប់លេខ៣ មានអ្នកទៅកម្សាន្តជាង ៩ម៉ឺននាក់។ ក្រសួងទេសចរណ៍ លើកឡើងថា តាមការកត់សម្គាល់ ទោះបីជាខេត្តមួយចំនួនមានភ្លៀងធ្លាក់យ៉ាងណាក្ដី ក៏តាមតំបន់ទេសចរណ៍ នៅតែមានភ្ញៀវទេសចរទៅកម្សាន្តយ៉ាងច្រើនកុះករ។ 
 
ទាក់ទងនឹងចំបញ្ហាសណ្ដាប់ធ្នាប់ ក្រសួងទេសចរណ៍ អះអាងថា មិនមានជួបបញ្ហាប្រឈមគួឲ្យកត់សម្គាល់នោះទេ។ ដោយឡែក បញ្ហាសំរាម និងការគ្រប់គ្រងតម្លៃសេវាកម្មទេសចរណ៍ ត្រូវបានដោះស្រាយដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ជាហេតុធ្វើឲ្យមានភាពប្រសើរឡើងជាងពេលឈប់សម្រាកជំនួសពេលចូលឆ្នាំកន្លងទៅ។ 
សូមបញ្ជាក់ថា ទោះបីជាមានចំនួនភ្ញៀវទេសចរច្រើន តែវិធានសុវត្ថិភាពទប់ស្កាត់ជំងឺកូវីដ-១៩ នៅតែត្រូវបានអនុវត្តន៍នៅតាមតំបន់ទេសចរណ៍ផងដែរ៕
 
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍៖









Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com