អន្តរជាតិ
ក្រុមសភាអឺរ៉ុប ព្យួរងារ «ម្ចាស់ពានរង្វាន់សិទ្ធិមនុស្ស Sakharov » ពីលោកស្រី ស៊ូជី
19, Sep 2020 , 8:59 pm        
រូបភាព
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ។ រូបភាព Xinhua
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ។ រូបភាព Xinhua
ដោយ:
មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានបាត់បង់ងារជាម្ចាស់ពានរង្វាន់អ្នកការពារសិទ្ធិ មនុស្សមួយទៀត បន្ទាប់ពីសហគមន៍អ្នកតំណាងរាស្ត្ររបស់អឺរ៉ុប បានសម្រេចព្យួរពាន Sakharov Prize និង ដកលោកស្រីចេញសហគមន៍អ្នការពារសិទ្ធិមនុស្ស Sakharov Prize ជាផ្លូវការ។

 
សន្និបាតសភារបស់សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានសម្រេចជាផ្លូវការក្នុងការព្យួរងារជាម្ចាស់ពានរង្វាន់ Sakharov Prize ពីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងជាប្រមុខបក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យលោកស្រីអ៊ុងសាន ស៊ូជី ពីសហគមន៍ម្ចាស់រង្វាន់ Sakharov Prize។ នេះបើ យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់សភាអឺរ៉ុបចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។
 
តាមរយៈសេចក្តីសម្រេចដដែលនោះ ការណ៍ដែល លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានព្យួរងារ និងមិនត្រូវរាប់បញ្ចូលរាល់គ្រប់កម្មវិធី និងសកម្មភាពទាំងអស់របស់សហគមន៍ម្ចាស់ពានរង្វាន់ Sakharov Prize ក៏ដោយសារតែលោកស្រី បានបរាជ័យក្នុងការអនុវត្តចំណាត់ការ និងដោះស្រាយបទឧក្រិដ្ឋប្រឆាំងនឹងសហគមន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា។ 
 
គួរជម្រាបបន្តិចថា សហគមន៍ ម្ចាស់ពានរង្វាន់ Sakharov Prize គឺជាក្រុមអ្នកនយោបាយនៅក្នុងសភាអឺរ៉ុប ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៨ ដើម្បីជាវេទិកាមួយផ្សារភ្ជាប់ សមាជិកសភាអឺរ៉ុប ជាមួយនឹងម្ចាស់ពានរង្វាន់ និងសង្គមស៊ីវិលក្នុងការគោលដៅបង្កើនកិច្ចសហប្រតិបត្តិការលើសកម្មភាពសិទ្ធិមនុស្ស។ វា ជាវេទិកាសម្រាប់សភា និងម្ចាស់ពានរង្វាន់ ដោះស្រាយការបំពាន និងបញ្ហាសិទ្ធិមនុស្សរួមគ្នា។
 
កន្លងមកសភាសហភាពអឺរ៉ុប បានផ្តល់ពានរង្វាន់ Sakharov Prize ទៅកាន់បុគ្គល ឬអង្គការទាំងឡាយណា ដែលបានចូលរួមទាមទារ និងការពារសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន។ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានសភាអឺរ៉ុប ផ្តល់ពាននេះ នៅឆ្នាំ១៩៩០ នៅពេលលោកស្រី នៅជាមេដឹកបក្សប្រឆាំងមីយ៉ាន់ម៉ា ដែលពេលនោះ លោកស្រី គឺជាអ្នកតស៊ូមតិដើម្បីប្រជាធិបតេយ្យមីយ៉ាន់ម៉ាដ៏មុះមុតបំផុត។
 
គិតចាប់ពីវិបត្តិរ៉ូហ៊ីងយ៉ាផ្ទុះឡើងនៅចុងឆ្នាំ២០១៧មក លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានស្គាល់ថាជាមេដឹកនាំកំពូលពីក្រោយនៃរដ្ឋាភិបាលស៊ីវិលបច្ចុប្បន្ន បានបាត់បង់កេរ្តិ៍ឈ្មោះក្នុងឆាកអន្តរជាតិដោយសារតែបញ្ហាសិទ្ធិមនុស្សដ៏ស្មុគស្មាញក្នុងប្រទេស។ លោកស្រី ត្រូវបានអង្គការសិទ្ធិមនុស្សមួយចំនួន បានដក និងបញ្ចប់សុពលភាពងារ ក៏ដូចជាពានរង្វាន់សិទ្ធិមនុស្ស ដែលធ្លាប់ផ្តល់ឲ្យលោកស្រី ជាបន្តបន្ទាប់៕ 
 

Tag:
 មីយ៉ាន់ម៉ា
  អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com