ជាតិ
អ្នកស្រី យ៉ាង ស្រីមុំ ចំណាយពេលជាង៥ឆ្នាំ មកលក់អាហារឲ្យភ្ញៀវទេសចរនៅតំបន់ដាច់ស្រយាលអូរសោម
19, Sep 2020 , 9:29 pm        
រូបភាព
អ្នកលក់ម្ហូបនៅអូរសោម
អ្នកលក់ម្ហូបនៅអូរសោម
ពោធិ៍សាត់៖ រយៈពេលជាង ៥ឆ្នាំមកហើយ ដែលអ្នកស្រី យ៉ាង ស្រីមុំ ប្រកបរបរបម្រើសេវាកម្មម្ហូបអាហារដល់ភ្ញៀវទេសចរនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ «អាហារដ្ឋានអូរសោម ហេងហេង» ជាអាហារដ្ឋានរបស់អ្នកស្រី យ៉ាង ស្រីមុំ ដែលបើកលក់ជារៀងរាល់ថ្ងៃ។ បើតាមអ្នកស្រី យ៉ាង ស្រីមុំ របរលក់ម្ហូបអាហារនេះ បានជួយដល់គ្រួសារអ្នកស្រីឲ្យមានជីវភាពល្អប្រសើរ។


តំបន់អេកូទេសចរណ៍អូរសោម ស្ថិតក្នុងភូមិអូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ១៧០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់។ ដើម្បីទៅដល់តំបន់អូរសោមនេះ គេត្រូវជិះឆ្លងកាត់ដងព្រៃ ភ្នំ និងបឹងធម្មជាតិដ៏ស្រស់ត្រកាល ដែលអ្នកទេសចរចូលចិត្តបែបផ្សងព្រេងមិនគួរមើលរំលងនោះឡើយ។ ភ្ញៀវទេសចរ អាចជ្រើសរើសទីតាំងសម្រាកក្នុងផ្ទះសហគមន៍ ឬក៏អាចបោះតង់ដោយខ្លួនឯងបាន ក្នុងតំបន់ទេសចរណ៍អូរសោមនេះ។
 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយអ្នកស្រី យ៉ាង ស្រីមុំ ម្ចាស់អាហារដ្ឋានអូរសោមហេងហេង នៅឃុំអូរសោម ខេត្តពោធិ៍សាត់ដូចតទៅ៖  

 
ចុងសប្ដាហ៍ និងរដូវបុណ្យទាន ជាពេលដែលភ្ញៀវទេសចរមួយចំនួន បានមកកម្សាន្តនៅតំបន់អូរសោម នៃស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទោះស្ថិតនៅក្នុងតំបន់ដាច់ស្រយាល ប៉ុន្តែតំបន់អូរសោម មានសេវាកម្មម្ហូបអាហារដល់ភ្ញៀវទេសចរ ដែលមកកម្សាន្ត ដោយមិនបាច់ព្រួយបារម្ភរឿងអាហារ។ បើតាមអ្នកស្រី ស្រីមុំ អាហារដ្ឋានមួយនេះ បម្រើសេវាកម្មបីពេល ទាំងពេលព្រលឹម រសៀល និងពេលយប់។ 
 
ទេសភាព និងអាកាសធាតុអំណោយផល បានធ្វើឲ្យតំបន់អូរសោម ក្លាយទីទេសចរណ៍បែបផ្សងព្រេងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ។ អ្នកស្រី យ៉ាង ស្រីមុំ បញ្ជាក់ថា៖ «មុនកូវីដ១៩ មានភ្ញៀវទេសចរមកលេងតំបន់អូរសោមនេះ។ ហើយពួកគាត់និយមដើរលេងនៅតំបន់ទឹកជ្រោះ និងទេសភាពនៅឃុំអូរសោមនេះ»។ 
 
មិនមែនជាការងាយស្រួលទេ អ្នកស្រី ស្រីមុំ ត្រូវបញ្ជាទិញបន្លែ ត្រី សាច់ ពីក្រុងពោធិ៍សាត់មក ដែលឆ្លងកាត់ផ្លូវរាប់រយគីឡូម៉ែត្រ។ អ្នកស្រី ស្រីមុំ រៀបរាប់យ៉ាងដូច្នេះ៖ «មានផលលំបាក ពេលមានផ្លូវដាច់ ម្ហូបក្រមកដល់ ហើយត្រូវចំណាយពេលវេលាច្រើន និងខកម៉ោង»។ 
 
ម្ចាស់អាហារដ្ឋានរូបនេះ សំណូមពរឲ្យភ្ញៀវទេសចរមកកម្សាន្តនៅតំបន់អូរសោមកាន់តែច្រើន ដើម្បីជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅតំបន់នោះ៕

Tag:
 អូរសោម
© រក្សាសិទ្ធិដោយ thmeythmey.com