អន្តរជាតិ
បាតុករថៃជួបជុំជាថ្មី ទាមទារឲ្យលោក ប្រាយុទ្ធ លាលែង, រំលាយសភា និងកែទម្រង់រាជានិយម
19, Sep 2020 , 9:59 pm        
រូបភាព
បាតុកថៃជួបជុំគ្នានៅសាកលវិទ្យាល័យ Thammasat ។ រូបភាព AFP
បាតុកថៃជួបជុំគ្នានៅសាកលវិទ្យាល័យ Thammasat ។ រូបភាព AFP
ក្រុមបាតុករថៃ នៅថ្ងៃទី១៩ ខែកញ្ញា បានជួបជុំគ្នាជាថ្មីដើម្បីទាមទារឲ្យនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា លាលែងពីតំណែង រំលាយសភា និងកែទម្រង់ស្ថាប័នមហាក្សត្រដ៏មានឥទ្ធិពល។ អ្នករៀបចំបាតុកម្មរំពឹងថា នឹងមានអ្នកចូលរួមច្រើនជាង៥ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតក្នុងពេលប៉ុន្មានឆ្នាំមកនេះ។ អាជ្ញាធរថៃ ក៏បានពង្រាយប៉ូលិសដើម្បីគ្រប់គ្រងស្ថានការណ៍ផងដែរ។

 
ទីធ្លាសាកលវិទ្យាល័យ Thammasat ជាទីជួបជុំដំបូងរបស់ក្រុមបាតករវ័យក្មេងនៅថ្ងៃទី១៩ ខែកញ្ញា ក្នុងគម្រោងតវ៉ាដ៏ធំក្នុងពេលជាច្រើនឆ្នាំមកនេះ។ បាតុកររាប់រយបានប្រមូលផ្ដុំនៅក្នុងសាកលវិទ្យាល័យនៅ Tha Prachan ទាំងមានភ្លៀងកំពុងធ្លាក់ក្ដី។ Thammasat ជាទីតាំងនិមិត្តរូបនៃការប្រឆាំងរដ្ឋាភិបាលថៃជាច្រើនជំនាន់មកហើយ។ ក្រុមបាតុករ រំពឹងជួបជុំគ្នាទ្រង់ទ្រាយធំនៅទីលាន Sanam Luang ក្បែររាជវាំងថៃ ហើយទំនងជាស្ថិតនៅទីនោះមួយយប់ មុនដង្ហែរក្បួនទៅវិមានរដ្ឋាភិបាល។
 
មិនមានការផ្លាស់ប្ដូរគោលបំណងនៃការជួបជុំនេះឡើយ គឺនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ត្រូវតែលាលែង សភាត្រូវតែរំលាយ រដ្ឋធម្មនុញ្ញត្រូវតែសរសេរឡើងវិញ ហើយស្ថាប័នមហាក្សត្រ ត្រូវតែកែទម្រង់ឲ្យសមស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ 
 
អ្នករៀបចំបាតុកម្មដែលជានិស្សិតមកពីសាកលវិទ្យាល័យ Thammasat រំពឹងថា នឹងមានអ្នកចូលរួមក្នុងការតវ៉ាពេលចំនួន៥ម៉ឺននាក់ឯណោះ ដែលមានចំនួនច្រើនជាងការជួបជុំកាលពីខែសីហាទៅទៀត។ ប៉ូលិសថៃប្រមាណមួយម៉ឺននាក់ នឹងត្រូវពង្រាយនៅជុំវិញតំបន់ដែលមានបាតុកម្ម។ នៅវិមានរដ្ឋាភិបាលវិញ ឡានទឹកចំនួន៤គ្រឿង ត្រូវបានដាក់ប្រចាំការក្រែងលោមានសភាពការណ៍អាសន្ន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Nation។
 
បាតុកម្មលើកនេះ ត្រូវបានមើលឃើញថា ជាការសាកល្បងមួយសម្រាប់បាតុករផង និងសម្រាប់រដ្ឋាភិបាលលោក ប្រាយុទ្ធ ផង។ សម្រាប់បាតុករ នេះជាការវិញ្ញាសាមួយថាពួកគេមានកម្លាំងតស៊ូមោះមុតកម្រិតណា ខណៈការជួបជុំកន្លងមក មិនមានមេដឹកនាំច្បាស់លាស់ឡើយ ដោយការតវ៉ានានា មានអ្នករៀបចំផ្សេងគ្នាដែរ។ វាក៏ជាការធ្វើតេស្តការអត់ធ្មត់របស់រដ្ឋាភិបាល ដែលរងសម្ពាធកាន់តែខ្លាំងពីប្រជាជនដែលមិសប្បាយចិត្តនឹងអ្នកដឹកនាំបច្ចុប្បុន្ន។
 
លោក ប្រាយុទ្ធ ធ្លាប់ព្រមានហើយថា បាតុកម្ម នឹងនាំឲ្យថៃធ្លាក់ក្នុងភ្នក់ភ្លើង។ ប៉ុន្តែលោកក៏បានបញ្ជាឲ្យអាជ្ញាធរប្រើវិធានការទន់ភ្លន់ដើម្បីដោះស្រាយស្ថានការណ៍ ព្រោះបាតុករជាមនុស្សក្មេងប៉ុណ្ណោះ៕ 
 

Tag:
 ថៃ
 ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com