ជាតិ
កម្ពុជានាំចេញម្ទេសស្រស់,ម្ទេសក្រៀម,ដំឡូងជ្វា និងក្រូចថ្លុង ជាង៧ម៉ឺនតោន ទៅថៃ
19, Sep 2020 , 10:29 pm        
រូបភាព
ដោយ៖ ប៉ូ សុភា 
 
ភ្នំពេញ៖ កម្ពុជាបាននាំចេញម្ទេសស្រស់ ម្ទេសក្រៀម  ដំឡូងជ្វា និងផ្លែក្រូចថ្លុង សរុបចំនួន ៧០,៦៣៦តោន ទៅកាន់ប្រទេសថៃ ក្នុងរយៈពេលជាង៨ខែដើមឆ្នាំ២០២០នេះ។ ក្រៅពីកសិផលទាំង៤មុខនេះ ថៃក៏នាំចូលផលិតផលដំឡូងមី,អង្ករ,គ្រាប់ពោត,ផ្លែស្វាយ និងដំណាប់ស្វាយពីកម្ពុជាដែរ។

 
គិតពីដើមឆ្នាំ២០២០ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបាននាំចេញម្ទេសស្រស់ ម្ទេសក្រៀម  ដំឡូងជ្វា និងផ្លែក្រូចថ្លុង សរុបចំនួន ៧០,៦៣៦តោន ទៅកាន់ប្រទេសថៃ។ នេះបើយោងតាម លទ្ធផលនៃការនាំចេញកសិផលឆ្នាំ២០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
 
បើតាមរបាយការណ៍ដដែលនេះ ម្ទេសស្រស់ដែលកម្ពុជាបាននាំចេញទៅថៃមានជាង ៥ម៉ឺនតោន,ម្ទេសក្រៀមមានចំនួន ១,៥០០តោន,ដំឡូងជ្វា ចំនួន ២,៨៦៥តោន និងផ្លែក្រូចថ្លុងជាង ១,៥ម៉ឺនតោន។ ក្រៅពីកសិផលទាំង៤មុខនេះ កម្ពុជាក៏បាននាំចេញចំណិតដំឡូងមីក្រៀម,ដំឡូងមីស្រស់,អង្ករ,គ្រាប់ពោត,ផ្លែស្វាយ និងដំណាប់ស្វាយមួយចំនួនផងដែរ ទៅកាន់ប្រទេសថៃ។ 
 
សូមជម្រាបថា ក្នុងរយៈពេលជាង៨ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកសិផលទាំងផ្លូវការ និងក្រៅផ្លូវការសរុបជាង ៤,៣លានតោន ក្នុងនោះមានផលិតផលស្រូវ,អង្ករ,ដំឡូងមី,ស្វាយ,ចេក,ក្រូចថ្លុង,ដូងប្រេង,ម្ទេស,បន្លែ និងថ្នាំជក់ និងកសិផលមួយចំនួនទៀត។ បណ្តាប្រទេសដែលនាំចូលកសិផលពីកម្ពុជា រួមមានប្រទេសចិន,អឺរ៉ុប,ប្រទេសអាស៊ាន, ជប៉ុន, កូរ៉េខាងត្បូង,ហុងកុង, រុស្សី, អាមេរិក,ឥណ្ឌា, អូស្ត្រាលី និងបណ្តាប្រទេសមួយចំនួនទៀត៕
 

Tag:
 ដំឡូងជ្វា
  នាំចេញ
  កសិករ
© រក្សាសិទ្ធិដោយ thmeythmey.com