កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី ថា កីឡាការិនីនៅតាមខេត្ត ក៏អាចក្លាយជាជម្រើសជាតិ ឲ្យតែមានសមត្ថភាព
20, Sep 2020 , 11:29 am        
រូបភាព
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាធ្វើជាអធិបតីក្នុងពិធីបិទការប្រកួតអន្តរក្លិប
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាធ្វើជាអធិបតីក្នុងពិធីបិទការប្រកួតអន្តរក្លិប
ដោយ:
កីឡាការិនីនៅតាមក្លិបសមាគមរាជធានីខេត្តដែលពុំទាន់មានឱកាសជាប់ជម្រើសជាតិ ក៏អាចក្លាយជាកីឡាការិនីជម្រើសជាតិឲ្យតែមានសមត្ថភាព និងទេពកោសល្យគ្រប់គ្រាន់។ នេះបើតាមការលើកឡើងរបស់លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលជំរុញឲ្យកីឡាការិនីនៅតាមខេត្តបង្កើនការហ្វឹកហាត់ ដើម្បីចាប់យកឱកាសមួយនេះ។

 
សហព័ន្ធកីឡាតេក្វាន់ដូ ITF កាលពីថ្ងៃសុក្រសប្តាហ៍មុន បានរៀបចំការប្រកួតពានរង្វាន់អន្តរក្លិបលើវិញ្ញាសាសម្តែងមេគុនផ្នែកនារី ដើម្បីផ្តល់បទពិសោធនិងឱកាសឲ្យកីឡាការិនីតាមបណ្តាក្លិបបានចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាពរបស់ពួកគេ។ ការប្រកួតនេះ ក៏ធ្វើឡើងដើម្បីចម្រាញ់រកធនធានកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ 
 
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាចាត់ទុកការប្រកួតនេះ ជាឱកាសសម្រាប់កីឡាការិនីនៅតាមបណ្តាខេត្ត ដ្បិតពួកគេសុទ្ធតែមានឱកាសអាចក្លាយជាកីឡាការិនីជម្រើសជាតិ ឲ្យតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងដណ្តើមកៅអីមួយនេះ។ ទន្ទឹមនឹងកោតសរសើរសមត្ថភាពកីឡាការិនីមកពីបណ្តាខេត្តអាចប្រកួតប្រជែងជាមួយកីឡាការិនីជម្រើសជាតិឆ្នាំ២០១៩ ប្រធានសហព័ន្ធរូបនេះ ជំរុញឲ្យកីឡាការិនីតាមបណ្តាខេត្តបង្កើនការហ្វឹកហាត់ ដើម្បីចាប់យកឱកាសមួយនេះ។ 


សកម្មភាពប្រកួតក្នុងពានរង្វាន់អន្តរក្លិប
 
ជាមួយគ្នានេះ លោក ក៏បានកោតសរសើរគ្រូបង្វឹកនៅតាមក្លិបសមាគមរាជធានីខេត្តផងដែរ ដែលបានបណ្តុះបណ្តាលកីឡាការិនីពោរពេញដោយសមត្ថភាពនិងក្រមសីលធម៌។ លោកកត់សម្គាល់ឃើញថា កីឡាការិនីមកពីតាមខេត្តមានសមត្ថភាពមិនចាញ់កីឡាការិនីជម្រើសជាតិនោះទេ។  
 
បើតាមលោក ប៉ាល់ ជីវ័ន គ្រូបង្វឹកក្រុមជម្រើសជាតិថ្នាល ការប្រកួតពានរង្វាន់អន្តរក្លិបនេះធ្វើឡើងតែលើវិញ្ញាសាសម្តែងផ្នែកនារីតែប៉ុណ្ណោះ ព្រោះសហព័ន្ធចង់បង្កើនចំនួនកីឡាការិនីឲ្យកាន់តែច្រើន។ «ការប្រកួតពានរង្វាន់អន្តរក្លិប ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងរកកីឡាការិនីល្អៗនៅតាមបណ្តាខេត្តនីមួយៗ សម្រាប់ត្រៀមការប្រកួត និងចង់លើកកម្ពស់ខាងផ្នែកកីឡាការិនី និងចង់ស្វែងរកធនធានកីឡាការិនីថ្មីៗ»។ នេះជការលើកឡើងរបស់លោក ប៉ាល់ ជីវ័ន។ 
 
ក្រោយប្រកួត១ថ្ងៃពេញនៅទីលានតេក្វាន់ដូ ITF ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ សហព័ន្ធចម្រាញ់បានកីឡាការិនីមានសមត្ថភាពខ្លាំងចំនួន១៥រូប។ កីឡាការិនីទាំងនេះ ត្រូវប្រកួតប្រជែងជាមួយកីឡាការិនីមកពីតាមតំបន់ផ្សេងៗទៀត ដែលសុទ្ធសឹងជាកីឡាការិនីជើងខ្លាំងប្រចាំពានរង្វាន់អន្តរក្លិប។ 
 
សហព័ន្ធបានរៀបចំការប្រកួតពានរង្វាន់អន្តរក្លិបនេះ ម្តងរួចមកហើយនៅខេត្តកំពង់ស្ពឹកាលពីពេលកន្លងទៅដោយចម្រាញ់បានកីឡាការិនីជាច្រើនរូបផងដែរ។ សម្រាប់យុទ្ធនាការបន្ទាប់ សហព័ន្ធគ្រោងធ្វើនៅខេត្តកណ្តាល និងខេត្តផ្សេងៗទៀត។ ការប្រកួតពានរង្វាន់អន្តរក្លិបកាលពីថ្ងៃសុក្រសប្តាហ៍មុន មានកីឡាការិនីមកពី៦ក្លិបសមាគមចូលរួម៕     



Tag:
 តេក្វាន់ដូ ITF
  កែវ រ៉េមី
  ប៉ាល់ ជីវ័ន
© រក្សាសិទ្ធិដោយ thmeythmey.com