អន្តរជាតិ
TikTok ឈានដល់កិច្ចព្រមព្រៀងជាមួយ Oracle និង Walmart ដើម្បីបន្តប្រតិបត្តិការនៅអាមេរិក
20, Sep 2020 , 12:29 pm        
រូបភាព
កម្មវិធីវីដេអូកម្សាន្ត TikTok នៅថ្ងៃទី១៩ ខែកញ្ញា បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិក Oracle និង Walmart ដើម្បីបន្តប្រតិបត្តិការនៅទឹកដីអាមេរិក បន្ទាប់ពីត្រូវបានរដ្ឋាភិបាលអាមេរិក គំរាមបិទនោះ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគាំទ្រកិច្ចព្រមព្រៀងនេះ ខណៈក្រសួងពាណិជ្ជកម្មអាមេរិក ក៏បានប្រកាសពន្យារពេលអនុវត្តបម្រាមលើការទាញយក TikTok មួយសប្ដាហ៍ផងដែរ។

 
ក្នុងការប្រកាសថ្ងៃទី១៩ ខែកញ្ញា TikTok បានសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Oracle និង Walmart ក្នុងការបង្កើតក្រុមហ៊ុនថ្មីឈ្មោះ TikTok Global ដែលនឹងគ្រប់គ្រងលើប្រតិបត្តិការរបស់ TikTok នៅអាមេរិក។ កិច្ចព្រមព្រៀងនេះ នឹងដោះស្រាយក្ដីបារម្ភរបស់អាមេរិកទាក់ទងសន្តិសុខជាតិ។
 
«យើងរីករាយដែលកិច្ចព្រមព្រៀងដែលស្នើដោយ TikTok, Oracle និង Walmart នឹងដោះស្រាយបញ្ហាសន្តិសុខជាតិដែលលើកឡើងដោយរដ្ឋបាលអាមេរិក និងបានផ្ដល់ចម្លើយពីអនាគតរបស់ TikTok នៅអាមេរិក។» នេះបើតាមការប្រកាសរបស់ប្រព័ន្ធបណ្ដាញសង្គមកំពុងល្បីឈ្មោះរបស់ចិនមួយនេះ។ ក្រោមកិច្ចព្រមព្រៀងនេះ Oracle នឹងក្លាយជាអ្នកផ្ដល់បច្ចេកវិទ្យាឲ្យ TikTok ហើយ Walmart នឹងធ្វើការលើផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនថ្មី។
 
លើសពីនោះ TikTok ក៏យល់ព្រមលើកការពារទិន្នន័យអ្នកប្រើប្រាស់ ដោយក្នុងនោះ Oracle នឹងទទួលខុសត្រូវលើការផ្ទុកទិន្នន័យទាំងអស់ ហើយក៏ទទួលបានសិទ្ធិត្រួតពិនិត្យប្រភពកូដរបស់ TikTook ផងដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters អ្នកវិនិយោគអាមេរិក នឹងកាន់កាប់ភាគហ៊ុនភាគច្រើនក្នុង TikTok Global ហើយអ្នកវិនិយោគចិនកាន់កាប់ប្រមាណ៣៦ភាគរយ។ 
 
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគាំទ្រសេចក្ដីស្នើកិច្ចព្រមព្រៀងនេះ និងថា ក្រុមហ៊ុនថ្មី ត្រូវបានគ្រប់គ្រងទាំងស្រុងដោយ Oracle និង Walmart ។ លោកអះអាងថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតការងារ២៥០០០កន្លែងសម្រាប់ប្រជាជនអាមេរិកផងដែរ ជាមួយនឹងទីស្នាក់ការថ្មីដែលអាចនៅរដ្ឋតិចសាស់។ លើសពីនោះ ទឹកប្រាក់ចំនួន៥ពាន់លានដុល្លារដែលបានមកពីកិច្ចព្រមព្រៀងនេះ នឹងត្រូវដល់ឲ្យមូលនិធិសម្រាប់វិស័យអប់រំទៀតផង។ 
 
ក្រោយការប្រកាសកិច្ចព្រមព្រៀងខាងលើ ក្រសួងពាណិជ្ជកម្មអាមេរិក ក៏ប្រកាសលើកពេលអនុវត្តបញ្ជាហាមឃាត់ការទាញយក TikTok ពី App Store និង Play Store ដែលគ្រោងអនុវត្តនៅថ្ងៃទី២០ ខែកញ្ញានេះ។ ក្រសួងដដែលបញ្ជាក់ថា ការពន្យារពេលនេះ គឺដោយសារមានការវិវត្តវិជ្ជមាន។ កាលបរិច្ឆេទថ្មីនៃការអនុវត្តបញ្ជានេះ គឺថ្ងៃទី២៧ ខែកញ្ញាខាងមុខ៕
 

Tag:
 អាមេរិក
  TikTok
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com