អន្តរជាតិ
«រូបសំណាកសេរីភាព» នៅទីក្រុងញូវយ៉កកសាងដើម្បីអ្វី?
20, Sep 2020 , 9:59 pm        
រូបភាព
នៅពីក្រោយរូបសំណាកអ្វីមួយ តែងមានបង្កប់ព្រឹត្តិការណ៍ និងរឿងរ៉ាវជាច្រើនដែលបានកើតឡើងដហើយទាមទារឲ្យមានចងចាំទុក ដោយមនុស្សជំនាន់ក្រោយ។ រូបសំណាក គឺជាផ្នែកមួយនៃសិល្បៈរបស់មនុស្ស ដែលមានអាយុកាលយូរលង់ណាស់ហើយ ពោលគឺតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។ គេបានរកឃើញរូបសំណាកនានាដែលធ្វើចេញមកពីដីឥដ្ឋ ថ្ម ដែក ឬឈើជាដើម ដែលបង្ហាញពីបុគ្គលណាម្នាក់ ឬក្រុមមនុស្សណាមួយ ជាមួយនឹងសកម្មភាពដ៏មានសារៈសំខាន់របស់ពួកគាត់។

 
រូបសំណាកសេរីភាព ដែលឈរយ៉ាងត្រដែតនៅទីក្រុងញូវយ៉ក ជារូបសំណាកមួយដែលមានអាយុកាលជាង១០០ឆ្នាំមកហើយ គឺជារូបសំណាកដែលមានប្រជាប្រិយភាពខ្លាំង និងត្រូវបានមនុស្សជាច្រើនស្គាល់ ឬធ្លាប់ឃើញ។ គេឃើញរូបសំណាកនេះក្នុងភាពយន្ត រូបភាព និងសៀវភៅ។ នេះជារូបសំណាកដែលបង្ហាញពីស្រ្តីម្នាក់ ដៃមួយខាងកាន់សៀវភៅ និងដៃម្ខាងទៀតលើកកាន់អង្គប់ភ្លើង។ ខាងក្រោម គឺជាមូលហេតុ និងប្រវត្តិនៃការសាងសង់ «រូបសំណាកនៃសេរីភាព» ឬជាភាសាអង់គ្លេស «Statue of Liberty» ។
 
បើតាមគេហទំព័រ History.com  រូបសំណាកនេះជារួម ត្រូវបានសាងសង់ឡើងក្នុងនាមជាចំណងមិត្តភាពរវាងអាមេរិក និងបារាំង។ វាត្រូវបានគេសាងសង់នៅពីលើកោះ Liberty នាតំបន់ឆ្នេរនៃទីក្រុងញ៉ូវយក។ រូបសំណាកមួយនេះត្រូវបានគេបញ្ឈរយ៉ាងខ្ពស់ នៅចំពីមុខប្រជាជនចំណាកស្រុករាប់លាននាក់ទាំងឡាយ នៅពេលដែលធ្វើដំណើរមកទឹកដីនៃសហរដ្ឋអាមេរិក ក្នុងការកសាងជីវភាពថ្មី តាមកប៉ាល់ ឬតាមនាវា ជាពិសេសនៅក្នុងសម័យសង្គ្រាមលោកលើកទីមួយ។ 
 
ដើមកំណើតនៃការសាងសង់៖ 
 
នៅពេលដែលសង្គ្រាមស៊ីវិលនៃសហរដ្ឋអាមេរិកត្រូវបានបញ្ចប់ ពោលនៅក្នុងអំឡុងឆ្នាំ១៨៦៥ ប្រវត្តិវិទូជនជាតិបារាំងម្នាក់ លោក Edouard de Laboulaye បានផ្តល់គំនិតថា អាមេរិកគួរតែសាងសង់រូបសំណាកអ្វីមួយ ដើម្បីរំលឹកទៅដល់ភាពជោគជ័យនៃការបង្កើតរបបប្រជាធិបតេយ្យឡើង។ ក្នុងនោះលោក Frederic Auguste Bartholdi ត្រូវទទួលបន្ទុកក្នុងការរចនារូបសំណាកនេះឡើង ឲ្យបានទាន់ពេលវេលានៃខួប១០០ឆ្នាំ របស់សហរដ្ឋអាមេរិកក្នុងការប្រកាសឯករាជ្យរបស់ខ្លួនកាលពីឆ្នាំ១៧៧៦។ រវាងប្រទេសទាំងពីរ អាមេរិកមានតួនាទីក្នុងការសាងសង់គ្រឹះទម្រនៅពីក្រោម ចំណែកឯប្រទេសបារាំងវិញមានតួនាទីក្នុងការផ្គុំរូបសំណាកដោយផ្នែកផ្សេងៗចូលគ្នា។ 
 
ចំពោះមុខរបស់រូបសំណាកនៃសេរីភាព លោក Bartholdi បានលើកឡើងថា លោកបានយកទម្រង់តាមមុខម្តាយគាត់ ជាមួយនឹងលោហៈទង់ដែងជាច្រើន ដែលត្រូវបានគេពត់ និងបិទបញ្ចូលគ្នា។ ឆ្អឹងទម្ររបស់រូបសំណាក ជាតួនាទីសាងសង់របស់លោក Alexandre Gustave Eiffle ដែលជាវិស្វករមួយរូបធ្វើការលើសំណង់តួអេហ្វែលនៅទីក្រុងប៉ារីសដែរ។ ចំណែកគ្រឹះនៃរូបសំណាកនេះវិញត្រូវបានសាងសង់ដោយវិស្វករជនជាតិអាមេរិកម្នាក់គឺលោក Richard Morries ។ កាលពីដើម មុនពេលដែលគ្រឹះនេះត្រូវបានគេកសាងឡើង ទីនេះជាតំបន់ប៉មទាហាននៅក្នុងឆ្នាំ១៨១២។ 
 
នៅពេលដែលរូបសំណាកត្រូវបានគេផលិតរួចរាល់ ផ្នែកផ្សេងៗទាំងនោះត្រូវបានគេវេចខ្ចប់ និងដឹកតាមនាវាពីប្រទេសបារាំង មកកាន់ទីក្រុងញ៉ូវយក។ ក្នុងរយៈពេលប្រមាណជា៤ខៃ កម្មករបានផ្គុំរូបសំណាកទាំងនោះ រហូតទៅដល់កម្ពស់ ៩៣ម៉ែត្រ (ជាមួយនឹងគ្រឹះទម្រ) ។ ក្នុងឆ្នាំ១៨៨៦ ប្រធានាធិបតីអាមេរិក Grover Cleveland បានប្រកាសសម្ពោធរូបសំណាក់នេះឡើង ដោយមានប្រជាជនរាប់ពាន់នាក់បានចូលរួម។ 
 
ដោយសារតែប្រតិកម្មគីមីរវាងលោហៈទង់ដែងជាមួយនឹងអុកស៊ីសែនក្នុងបរិយាកាស ក្នុងលំនាំមួយដែលគេហៅថា អុកស៊ីតកម្ម ទើបរូបសំណាកនេះមានពណ៌រាងបៃតងចាស់។ អង្គការសហប្រជាជាតិបានចាត់ទីតាំងប្រវត្តិសាស្រ្តមួយនេះជាតំបន់បេតិកភ័ណ្ឋពិភពលោក៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com