ផ្ទះពលរដ្ឋជិត ២ពាន់ខ្នងនៅស្រុកព្រៃនប់ជន់លិច ដោយសារជំនន់ទឹកភ្លៀង
ជាតិ
ផ្ទះពលរដ្ឋជិត ២ពាន់ខ្នងនៅស្រុកព្រៃនប់ជន់លិច ដោយសារជំនន់ទឹកភ្លៀង
20, Sep 2020 , 4:59 pm        
រូបភាព
រុបភាពពី​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ
រុបភាពពី​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ
ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៧-១៩ កញ្ញា ជំនន់ទឹកភ្លៀងបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ១៩៥៥ខ្នង នៅស្រុកព្រៃនប់ឲ្យជន់លិច និងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១៩៥៨គ្រួសារ ស្មើនឹង ៧៩៥៤នាក់ និងស្លាប់ក្មេងស្រីម្នាក់។ នេះបើតាមរបាយការណ៍បឋមស្ដីពីគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង។


 
ជំនន់ទឹកភ្លៀងនេះ បានគ្របដណ្ដប់នៅឃុំចំនួន ១១នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមមាន ឃុំអូរជ្រៅ, ព្រៃនប់, ទួលទទឹង, អណ្ដូងថ្ម, សំរុង, សាមគ្គី, ទឹកល្អក់, ទឹកថ្លា, ជើងគោ, វាលរេញ និងឃុំរាម ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៧៩៥៤នាក់ និងផ្ទះចំនួន ១៩៥៥ខ្នង។ របាយការណ៍ខាងលើ បន្ថែមថា គ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀងនេះ ក៏បានបណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់ និងមនុស្សចំនួន ៤៧៥នាក់ ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។
 
បើតាមរបាយការណ៍ដដែល សាលារៀនមួយចំនួន ត្រូវបានជន់លិច និងផ្លូវប្រវែង ២១៧០ម៉ែត្រ ត្រូវបានខូចខាត ដោយសារជំនន់ទឹកភ្លៀង។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ កញ្ញា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពព្យុះនូល ដែលធ្វើឲ្យតំបន់មួយចំនួន មានភ្លៀងធ្លាក់ ពិសេសតំបន់សមុទ្រ ប្រឈមនឹងជំនន់ទឹកភ្លៀង៕ 

Tag:
 អាកាសធាតុ
  ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com