អន្តរជាតិ
លោក ប្រាយុទ្ធ អរគុណគ្រប់ភាគីដែលសហការ ក្រោយបាតុកម្មដ៏ធំបញ្ចប់ដោយគ្មានហិង្សា
20, Sep 2020 , 10:59 pm        
រូបភាព
ប៉ូលិសថៃអង្គុយទល់បាតុករអំឡុងពេលបាតុកម្មនៅក្បែររាជវាំង។ ​រូបភាព AFP
ប៉ូលិសថៃអង្គុយទល់បាតុករអំឡុងពេលបាតុកម្មនៅក្បែររាជវាំង។ ​រូបភាព AFP
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានអរគុណគ្រប់ភាគីទាំងអស់ទាំងក្រុមបាតុករ និងក្រុមប៉ូលិសសម្រាប់កិច្ចសហការទៅមកអំឡុងពេលបាតុកម្មពីរថ្ងៃ ដែលបញ្ចប់នៅថ្ងៃទី២០ ខែកញ្ញានេះ។ បាតុកម្មដែលមានអ្នកចូលរួមប្រមាណ៥ម៉ឺននាក់នេះ បានទាមទារឲ្យលោក ប្រាយុទ្ធ លាលែងពីតំណែង រំលសាយសភា និងកែទម្រង់រាជានិយមឲ្យស្របតាមគោលការណ៍រដ្ឋធម្មនុញ្ញ។ បាតុកម្មថ្មីមួយទៀត គ្រោងធ្វើនៅសប្ដាហ៍ក្រោយ។

 
បាតុកម្មដ៏ធំគិតតាំងពីរដ្ឋប្រហារឆ្នាំ២០១៤ បានបញ្ចប់ទៅវិញហើយនៅថ្ងៃទី២០ ខែកញ្ញា បន្ទាប់ពីបាតុករប្រមាណ៥ម៉ឺននាក់ ជួបជុំគ្នាមួយយប់ពីរថ្ងៃដើម្បីទាមទារឲ្យលោក ប្រាយុទ្ធ ចន្ទអូចា ចុះចេញពីតំណែងនាយករដ្ឋមន្រ្តី។ បាតុករ បានបំបែកគ្នានៅពេលព្រឹកបន្ទាប់ពីប្រគល់លិខិតទាមទាររបស់ខ្លួនឲ្យមហាក្សត្រតាមរយៈប៉ូលិសថៃ។
 
អ្នកនាំពាក្យរដ្ឋាភិបាលថៃ Anucha Burapachaisri និយាយថា លោក ប្រាយុទ្ធ បានអរគុណអាជ្ញាធរ និងប្រជាជនសម្រាប់កិច្ចសហប្រតិបត្តិការអំឡុងពេលបាតុកម្មដែលបញ្ចប់ទៅដោយគ្មានហិង្សា។ បើតាមអ្នកនាំពាក្យរូបនេះ លោក ប្រាយុទ្ធ បានកោតសរសើរប៉ូលិសដែលបានផ្ដល់សន្តិសុខសម្រាប់ក្រុមបាតុករផងដែរ។ 
 
លើសពីនោះ នាយករដ្ឋមន្រ្តីថៃរូបនេះ ក៏បានសរសើរទាំងអាជ្ញាធរ និងបាតុករដែលបញ្ចៀសការប្រឈមមុខគ្នា គោរពតាមគោលការណ៍របស់រដ្ឋាភិបាលដែលអនុញ្ញាតឲ្យបាតុករបញ្ចេញមតិរបស់ពួកគេទៅតាមគោលការណ៍ប្រជាធិបតេយ្យ និងការកំណត់របស់ច្បាប់។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ លោក Anucha បន្ថែមថា លោកនាយករដ្ឋមន្រ្តីក៏ស្នើឲ្យប្រជាជនថៃបន្តសហការណ៍ដើម្បីជម្នះបញ្ហាប្រឈមមុខក្នុងសង្គម។
 
នេះជាបាតុកម្មទ្រង់ទ្រាយធំមួយក្នុងចំណោមបាតុកម្មដែលកើតមានសឹតងមិនលស់នៅថ្ងៃនៅរាជធានីបាងកក។ បាតុករដែលភាគច្រើនជាយុវជន នៅតែរក្សាជំហររបស់ខ្លួនក្នុងការទាមទារឲ្យលោក ប្រាយុទ្ធ លាលែង សរសេររដ្ឋធម្មនុញ្ញថ្មី និងកាត់បន្ថយអំណាចមហាក្សត្រដែលត្រូវបានមើលឃើញថា កើនឡើងខ្លាំង។ 
 
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រុមបាតុករក៏បានដាំស្លាកថ្មីមួយនៅទីលាន Sanam Luang ក្បែររាជវាំង ដែលរំឭកដល់ការបញ្ចប់រាជាធិបតេយ្យផ្ដាច់ការកាលពីឆ្នាំ១៩៣២ ផងដែរ ខណស្លាកចាស់ត្រូវនានដកចេញពីកន្លែងចាស់ក្រោយស្ដេច មហា វជិរាលង្ករណ៍ សោយរាជ្យ។ ការដាំស្លាកនេះ ជាការតទល់ដោយមិនរអានឹងអំណាចរបស់ស្ដេចថៃដែលការពារយ៉ាងតឹងរ៉ឹងដោយច្បាប់ស្ដីពីការដាក់ទោសអ្នកប្រមាថស្ដេច។ ទាក់ទងរឿងដាំស្លាកនេះ ប៉ូលិស កំពុងពិនិត្យមើលថា តើវាខុសច្បាប់ឬយ៉ាងណា៕

Tag:
 ថៃ
  ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com