ជាតិ
អ្នកកើតផ្តាសាយធំ ចំនួន៥១៨ អង្គ/នាក់ហើយ បានជាសះស្បើយ
20, Sep 2020 , 5:29 pm        
រូបភាព
ដោយ៖ ប៉ូ សុភា
 
អំឡុងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានការឆ្លងបន្តគ្នានូវជំងឺគ្រុនផ្តាសាយធំ នៅក្នុងចំណោមព្រះសង្ឃ អ្នកទោស និងពលរដ្ឋនៅស្រុកអូរយ៉ាអាវ ខេត្តរតនគិរី ចំនួន៥៧៥នាក់ គិតត្រឹមថ្ងៃទី១៩ កញ្ញា។ នេះបើតាមអត្ថបទ ស្តីពីស្ថានភាពជំងឺគ្រុនផ្តាសាយធំ របស់លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅចុះនៅថ្ងៃទី១៩ កញ្ញា ដែលបន្តថា ក្នុងចំណោមអ្នកឆ្លងគ្រុនផ្តាសាយធំ ទាំង៥៧៥អង្គ/នាក់ មានអ្នកជំងឺ ចំនួន៥១៨អង្គ/នាក់ហើយ បានជាសះស្បើយ ពោលគឺនៅសល់តែ៥៧នាក់ទៀតប៉ុណ្ណោះ ដែលកំពុងទទួលការព្យាបាល។

 
ក្រសួងសុខាភិបាលកម្ពុជាបានសង្កេតឃើញថា មានការចម្លងនូវជំងឺផ្តាសាយធំ (Influenza A) នៅក្នុងចំណោមព្រសង្ឃ អ្នកទោសនិងពលរដ្ឋនៅក្នុងខេត្តចំនួន៨ កាលពីពេលអំឡុងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ។  បើគិតត្រឹម ថ្ងៃទី១៩ កញ្ញា អ្នកដែលបានឆ្លងជំងឺគ្រុនផ្តាសាយធំ មានចំនួន៥៧៥នាក់ ហើយភាគច្រើនបានសះស្បើយហើយ ពោលគឺនៅសល់អ្នកឈឺតែ៥៧នាក់ប៉ុណ្ណោះ។ 
 
ក្នុងចំណោមអ្នកឆ្លងផ្តាសាយធំទាំងអស់ មានព្រះសង្ឃ១២៥អង្គ  គង់នៅខេត្តតាកែវ បាត់ដំបង ត្បូងឃ្មុំ និងបន្ទាយមានជ័យ ហើយព្រះសង្ឃដែលអាពាធទាំងអស់ បានជាសះស្បើយហើយ។ ការចម្លងជំងឺគ្រុនផ្តាសាយធំចំនួន ៦៧ករណីទៀត កើតឡើងលើពលរដ្ឋ ដែលរស់នៅក្នុងតំបន់គ្របដណ្តប់ នៃមណ្ឌលសុខភាពសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីចំនួន។ លោក ស្រី ឱ វណ្ឌឌីន ពលរដ្ឋទាំង ៦៧នាក់នោះ ក៏បានសះស្បើយពីគ្រុនផ្តាសាយធំអស់ហើយដែរ។ 
 
ដោយឡែក ជំងឺគ្រុនផ្តាសាយធំនេះ ក៏បានរាតត្បាតលើក្រុមអ្នកទោស នៅក្នុងពន្ធនាគារខេត្តព្រះវិហារ,ខេត្តកោះកុង និងខេត្តកំពង់ធំ សរុប ២៨៣នាក់ដែរ។ ក្នុងចំណោមអ្នកទោសទាំងនោះ នៅសល់អ្នកទោសនៅពន្ធនាគារខេត្តកំពង់ធំ តែ៥៧នាក់ប៉ុណ្ណោះទេ ដែលមិនទាន់សះស្បើយ។  នេះបើតាមលោក ស្រី ឱ វណ្ឌឌីន។
 
បើទោះជារដូវកាលភ្ជុំបិណ្ឌ ដែលជាពេលវេលាមានការជួបប្រមូលផ្តុំ បានបញ្ចប់ទៅហើយក្តី តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈអត្ថបទរបស់លោកស្រី ឱ វណ្ឌឌីន  ដែលជាអ្នកនាំពាក្យ ក៏បានអំពាវនាវឲ្យពលរដ្ឋ អាចារ្យ យាយជី តាជី គណៈកម្មការវត្ត និងព្រះសង្ឃ ចូលរួមអនុវត្តវិធានការអនាម័យមួយចំនួន រួមមានអនាម័យខ្លួនប្រាណ និងកន្លែងរស់នៅ ពិសេសលាងសម្អាតដៃឲ្យបានស្អាតល្អតាមបច្ចេកទេស, ពាក់ម៉ាសក្នុងករណីចាំបាច់, រក្សាគម្លាតសុវត្ថិភាព និងត្រូវនៅដាច់ដោយឡែកក្នុងករណីឈឺ ឬមានអាពាធ ដើម្បីចៀសវាងការចម្លងជំងឺគ្រុនផ្តាសាយធំនេះ។ 
 
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានណែនាំឲ្យចៀសវាប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ និងសត្វបក្សីដោយផ្ទាល់ដែរ។ ក្នុងករណីប៉ះពាល់ហើយ ត្រូវឆាប់លាងដៃជាមួយសាប៊ូ មុនចាប់កាន់របស់របរផ្សេងៗ ឬមុនប៉ះពាល់ផ្ទៃមុខ។ 
 
ត្រូវពិសាឬឆាន់ ទឹកដាំពុះ និងបរិភោគអាហារដែលឆ្អិនល្អ ហើយចៀសវានៅកន្លែងត្រជាក់ខ្លាំង ឬចៀសវាងត្រូវទឹកភ្លៀង ព្រមទាំងមិនត្រូវចូលរួមពិធី ឬកម្មវិធីណាមួយឡើយប្រសិនបើមានបញ្ហាសុខភាព។ នេះជាការណែនាំរបស់រលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួចបញ្ជាក់ឲ្យពលរដ្ឋ អាចារ្យ យាយជី តាជី គណៈកម្មការវត្ត និងព្រះសង្ឃ រាយការណ៍ទៅលេខ ១១៥ ឬទៅមន្ទីរសុខាភិបាល ឬមណ្ឌលសុខភាព៕

Tag:
 គ្រុនផ្ដាសាយធំ
  ព្រះសង្ឃ
 អ្នកទោស
 ពលរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com