ជាតិ
នយោបាយជាតិ
លោក កែវ សម្បត្តិ អតីតតំណាងរាស្ត្រ CNRP ដែលជាប់បម្រាមនយោបាយ ទទួលមរណភាពក្នុងអាយុ៧៨ឆ្នាំ លោក កែវ សម្បត្តិ (សក់ស) នាពេលលោក កឹម សុខា ទៅកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៥
× លោក កែវ សម្បត្តិ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានទទួលមរណភាពក្នុងអាយុ៧៨ឆ្នាំ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមសាររំលែកទុក្ខពីសំណាក់លោក កឹម សុខា អតីតប្រធាន CNRP។
កើតនៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៤២ នៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ លោក លោក កែវ សម្បត្តិ ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ CNRP ១១៨រូប ដែលត្រូវបានតុលាការកំពូលហាមឃាត់សកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ដោយគិតចាប់តាំងពីចុងឆ្នាំ២០១៧។
លោក កែវ សម្បត្តិ សញ្ជាតិខ្មែរ-អាមេរិក ពីក្រុងឡូវែល បានក្លាយជាតំណាងរាស្ត្រមណ្ឌលភ្នំពេញរបស់គណបក្សសង្គ្រោះជាតិ តាំងពីការបោះឆ្នោតនាឆ្នាំ២០១៣។ លោកក៏ជាវេជ្ជបណ្ឌិតមួយរូបផងដែរ។
«ការបាត់បង់រូបលោកវេជ្ជបណ្ឌិត កែវ សម្បត្តិ គឺជាការបាត់បង់ស្វាមី ឪពុក ដែលជាទីស្រឡាញ់បំផុត និងជាបង្គោលដ៏រឹងមាំរបស់ក្រុមគ្រួសារ ក៏ប៉ុន្តែជាមួយគ្នានេះដែរ សម្រាប់ខ្ញុំ ការបាត់បង់លោកវេជ្ជបណ្ឌិត កែវ សម្បត្តិ គឺជាការបាត់បង់បញ្ញវន្ត បាត់បង់អ្នកស្នេហាជាតិខ្មែរ ជាពិសេសបាត់បង់សហការីដ៏ឆ្នើមរបស់ខ្ញុំមួយរូបផងដែរ»។ លោក កឹម សុខា បានសម្តែងការសោកស្តាយក្នុងសាររំលែកទុក្ខទៅកាន់លោកស្រី វង្ស សុខហែម ភរិយាលោក កែវ សម្បត្តិ។
លោក កែវ សម្បត្តិ ជាមន្ត្រីទីពីរដែលស្ថិតក្នុងបម្រាមនយោបាយ ហើយទទួលមរណភាព ពោលគឺបន្ទាប់ពីលោក ជាម ចន្ទនី អតីតអ្នកតំណាងរាស្ត្រ CNRP ប្រចាំខេត្តកំពង់ធំ ដែលបានទទួលមរណភាពក្នុងអាយុ៥៧ឆ្នាំ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។
បច្ចុប្បន្ន ក្រៅពីមន្ត្រីពីរនាក់ដែលបានទទួលមរណភាព អតីតមន្ត្រីជាន់ខ្ពស់ CNRP ចំនួន១២រូបហើយ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញក្នុងនោះរួមមាន លោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ,លោក រៀល ខេមរិន្ទ្រ ,លោក អ៊ូ ច័ន្ទរ័ត្ន ,លោក កង គឹមហាក់ ,លោក ជីវ កត្តា ,លោក ច័ន្ទ សិលា លោកស្រី ទេព សុទ្ធី លោក សុន ឆ័យ , លោក វ៉ា សាម៉ុន និងលោក តាវ គឹមឈុន៕
© រក្សាសិទ្ធិដោយ thmeythmey.com