កីឡាជាតិ
ជាតិ
អាង​ហែល​ទឹក​អូឡាំពិក ដែល​ចំណាយ​ថវិកា​ជួសជុល​ជិត​៣​លាន​ដុល្លារ នឹង​សម្ពោធ​នៅ​ចុងខែ​កញ្ញា​
22, Sep 2020 , 7:59 am        
រូបភាព
សកម្មភាពកីឡាករកីឡាការិនីហែលទឹកហ្វឹកហាត់នៅអាងហែលទឹកពហុកីឡដ្ឋានជាតិ, រូបភាពពីសហព័ន្ធខ្មែរកីឡាហែលទឹក
សកម្មភាពកីឡាករកីឡាការិនីហែលទឹកហ្វឹកហាត់នៅអាងហែលទឹកពហុកីឡដ្ឋានជាតិ, រូបភាពពីសហព័ន្ធខ្មែរកីឡាហែលទឹក
ដោយ:
​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន នឹង​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​២៨ កញ្ញា ក្រោយ​បញ្ចប់​ការជួសជុល និង​ស្តារឡើងវិញ​ជា​ស្ថាពរ​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០២០ ។ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ក៏​នឹង​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ដើម្បី​តេស្ត​ឧបករណ៍​បច្ចេកទេស​ផ្សេងៗ មុន​ថ្ងៃ​សម្ពោធ​អាង​ហែល​ទឹក​លំដាប់​អន្តរជាតិ​នេះ​ផងដែរ​។​

 
​អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក លោក ហែម គី​រី បាន​បញ្ជាក់ថា អាង​ហែល​ទឹក​នេះ នឹង​ក្លាយជា​ទីតាំង​ប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ដែល​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​២៦-២៨ ខែកញ្ញា ឆ្នាំ​២០២០​។ បើតាម​លោក គី​រី ការប្រកួត​នេះ ក៏​ជាការ​ធ្វើតេស្ត​ឧបករណ៍​បច្ចេកទេស​ទើ​ប​បំពាក់​ថ្មី និង​បង្ហាញ​ទស្សនិកជន​ពី​លទ្ធភាព​របស់​អាង​ហែល​ទឹក ក្នុង​ការរៀបចំ​ការប្រកួត​កម្រិត​ជាតិ និង​អន្តរជាតិ​ផងដែរ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​២១ ខែកញ្ញា លោក ហែម គី​រី បានលើកឡើង​ដូច្នេះ​ថា​៖«​គោលបំណង​សំខាន់​នៃ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ យើង​អាច​តេស្ត​លើ​សម្ភារ​បច្ចេកទេស​ផង និង​ដើម្បី​បញ្ជាក់ថា វា​អាច​ប្រើប្រាស់​សម្រាប់​រៀបចំ​ការ​ប្រកួត​កម្រិត​ខ្ពស់​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​បាន​ត្រឹមត្រូវ​ផង​»​។​
 
​តាមពិតទៅ សហព័ន្ធ​គ្រោង​សម្ពោធ​អាង​ហែល​ទឹក​នេះ តាំងពី​ក្រោយ​បញ្ចប់​ការជួលជុល និង​ស្តារឡើងវិញ​មកម្ល៉េះ ប៉ុន្តែ​ត្រូវបាន​លើក​ពេល​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​បើតាម​លោក ហែម គី​រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ពិធី​សម្ពាធ​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង​៣​រសៀល ក្រោម​វត្តមាន​របស់​សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​។ 
 
​អាង​ហែល​ទឹក​នេះ ត្រូវបាន​បើក​ការដ្ឋាន​ជួសជុល និង​ស្តារឡើងវិញ​នៅ​អំឡុង​ខែតុលា ឆ្នាំ​២០១៨ ហើយ​បានបញ្ចប់​ការជួសជុល​ជា​ស្ថាពរ​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០២០​។ តាម​គម្រោង​លោក ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​វាយតម្លៃថា ការជួសជុល​នឹង​បញ្ចប់​នៅ​ដំណាច់ខែ​មិថុនា​ឆ្នាំ​២០១៩​។ 
 
​ប៉ុន្តែ​ការជួសជុល ត្រូវបាន​អូសបន្លាយ​ពេល​ជិត​១​ឆ្នាំ ដោយសារ សហព័ន្ធ បាន​បន្ថែម​ឧបករណ៍​បច្ចេកទេស​មួយចំនួន ដើម្បី​ឲ្យ​អាង​ហែល​ទឹក​នេះ​មាន​គុណភាព​ស្របតាម​ស្តង់ដា​អន្តរជាតិ​។ ការជួសជុល​នេះ បាន​ចំណាយ​ថវិកា​អស់​ជិត​៣​លាន​ដុល្លារ ដែលជា​ជំនួយ​របស់​ក្រុមហ៊ុន​ចិន​។ 
 
​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ សាងសង់ឡើង​ចន្លោះ​ពី​ឆ្នាំ​១៩៦១-១៩៦៥ ជា​ស្នាដៃ​របស់​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ ក្រោម​ព្រះរាជ​តំរិះ​ផ្តួចផ្តើម​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ​។ អាង​ហែល​ទឹក​នេះ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​អំឡុង​ឆ្នាំ​១៩៦៧៕
 
 

Tag:
 ហែល​ទឹក​
  ហែម គី​រី​
  អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com