ជាតិ
គណៈកម្មការ​ទី​៧​សភា បន្ត​តាមដាន​ការអនុវត្ត​ដំណើរ​ការបើក​សាលា​ឡើងវិញ​
21, Sep 2020 , 5:27 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២១ កញ្ញា​នេះ លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ចុះ​ពិនិត្យ​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុងដំណាក់កាល​ទី​២ នៅ​វិទ្យាល័យ​បាក់​ទូក​។ ក្នុង​ពិធី​ចុះ​ពិនិត្យ​ដំណើរការ​ឡើងវិញ លោក ហ៊ុន ម៉ា​នី និង​លោក ហង់ ជួនណា​រ៉ុ​ន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ដំណើរ​ការបើក​សាលារៀន​ឡើងវិញ និង​ជំរុញ​ឲ្យ​សិស្សានុសិស្ស​ថ្នាក់​ទី​៩-១២ ខិតខំ​ប្រឹង​រៀនសូត្រ ដែល​ការប្រឡង​នឹង​ចាប់ផ្ដើម​នៅ​ខែវិច្ឆិកា និង​ខែធ្នូ​ខាងមុខ​។





​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​បន្ត​តាមដាន និង​ចុះ​ពិនិត្យ​ការបើក​ដំណើរការ​សាលារៀន​ក្នុងដំណាក់កាល​ទី​២ នៅ​វិទ្យាល័យ​បាក់​ទូក ដើម្បី​លើកទឹកចិត្ត គាំទ្រ និង​ផ្តល់យោបល់ ក្នុងការ​បំពេញការងា​រ និង​ដោះស្រាយ​នូវ​បញ្ហា​ទាំងឡាយ ដែល​ស្ថិតក្នុង​សមត្ថកិច្ច​របស់​គណៈកម្មកា​រ​ទី​៧​។ 
 
​លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ បញ្ជាក់ថា​៖ «​ការចុះពិនិត្យ​ដំណើរ​ការបើក​សាលារៀន​ឡើងវិញ​ក្នុងដំណាក់កាល​ទី​២ នៅ​វិទ្យាល័យ​បាក់​ទូក​ព្រឹក​នេះ មិន​ត្រឹមតែ ដើម្បី​ចុះ​ត្រួតពិនិត្យ​លើ​ការរៀបចំ​ឱ្យ​ដំណើរការ​សាលា​ឡើងវិញ​តែប៉ុណ្ណោះ​ទេ តែ​ជាការ​ឆ្លុះបញ្ចាំង​ពី​ការគាំទ្រ​ទាំង​ស្មារតី និង​កម្លាំង របស់​គណៈកម្មការ​ទី​៧ ចំពោះ​ក្រសួង​អប់រំ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​កន្លងមក ជាពិសេស​ការរៀបចំ​ត្រៀមខ្លួន​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ស្រប​ពេលដែល​ត្រូវ​បន្ត​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩»​។ 
 
​ជាមួយគ្នានេះ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​របស់លោក​គ្រូ​អ្នកគ្រូ សិស្សានុសិស្ស ដែល​បាន​អនុវត្ត​វិធានការ​សុវត្ថិភាព​អនាម័យ នៅពេល​ដំណើរ​ការបើក​សាលារៀន​ឡើងវិញ ក្នុងដំណាក់កាល​ទី​២​។ 


 
​រដ្ឋមន្ត្រីក្រសួង​អប់រំ លើកឡើង​យ៉ាង​ដូច្នេះ​៖ «​ការបើក​សាលា​ដំណាក់កាល​ទី​២​នេះ ធ្វើ​ឲ្យ​សាលា​រដ្ឋ និង​ឯកជន រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក និង​រៀបចំ​បរិស្ថាន​ឲ្យ​បានល្អ​ប្រសើរ​។ ក្នុងដំណាក់កាល​មួយ​ជំនាន់​ទៀត ក្រសួង នឹង​បន្ត​ពង្រឹង​ការគ្រប់គ្រង​សុខភាព និង​សុវត្ថិភាព​នៅតាម​គ្រឹះស្ថានសិក្សា​ទាំងអស់ រួមទាំង​ពង្រឹង​ការរៀនសូត្រ​របស់​សិស្សានុសិស្ស​»​។ 
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖   
 

 
 
​ក្នុងនាម​គណៈកម្មការ​ទី​៧ លោក ហ៊ុន ម៉ា​នី បាន​លើកទឹកចិត្ត​ឱ្យ​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ​អ្នកគ្រូ អាណាព្យាបាល និង​សិស្សានុសិស្ស​ទាំងអស់ បន្ត​ការយោគយល់ និង​សហការ​យ៉ាងសកម្ម​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​អនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​។​


លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា
 
​សូមបញ្ជាក់ថា បន្ទាប់ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ឱ្យមាន​ការបើក​គ្រឹះស្ថានសិក្សា​ឡើងវិញ​ក្នុងដំណាក់កាល​ទី​២ គណៈកម្មការ​ទី​៧ បាន​បំពេញ​តួនាទី​របស់ខ្លួន​ក្នុងការ​ពិនិត្យ តាមដាន ស្វែងយល់​ពី​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​ការងារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​ការជួបប្រជុំ​ពិភាក្សា​ជា​បន្តបន្ទាប់​ជាមួយ​ថា្នក់​ដឹកនាំ​ក្រសួង ការប្រជុំ​ផ្តល់យោបល់ និង​ការចុះ​បេសកកម្ម​ទៅតាម​បណ្តា​ខេត្ត ដើម្បី​ស្វែងយល់​បន្ថែម​ពី​ស្ថានភាព​អប់រំ​ក្នុង​ក្របខណ្ឌ​ខេត្ត ជាពិសេស​ការអនុញ្ញាត​ឱ្យ​បើក​សាលារៀន​ឡើងវិញ​នេះ​៕ 
 


លោក ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការទី៧

Tag:
 ហង់ ជួនណា​រ៉ុ​ន​
  ហ៊ុន ម៉ា​នី​
  ក្រសួង​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com