ជាតិ
សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រី រំពឹងទុក​មុន​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន នឹង​ទាញ​វិនិយោគិន​អាមេរិក មក​កម្ពុជា​
21, Sep 2020 , 10:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូនៅថ្ងៃទី២១កញ្ញា ២០២០។ (រូបពីទំព័រហ្វេសប៊ុករបស់ SPM)
សម្ដេច ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូនៅថ្ងៃទី២១កញ្ញា ២០២០។ (រូបពីទំព័រហ្វេសប៊ុករបស់ SPM)
​​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន រំពឹងទុក​មុន​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នឹង​អាច​ទាញ​ក្រុមហ៊ុន​អាមេរិក មក​វិនិយោគ​នៅ​កម្ពុជា​។ សម្ដេច បង្ហាញ​ក្តី​រំពឹង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ ជាមួយ​លោក អា​ឡិច​សាន់​ដឺ ហ្វែ​ល​ម៉េ​ន (Alexander Feldman) ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន នៅ​ថ្ងៃទី​២១ កញ្ញា​។​


​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន គ្រោង​នឹង​ចុះហត្ថលេខា នាពេល​ឆាប់ៗ​ខាងមុខនេះ​។ មុន​កិច្ចព្រមព្រៀង​នេះ លេចចេញ​ជា​រូបរាង នាយក​រដ្ដ​មន្ត្រី ហ៊ុន សែន រំពឹង​ខ្ពស់​ទុក​មុន ពី​ការទទួលបាន​ផលប្រយោជន៍ សម្រាប់​ភាគី​ទាំងសងខាង​។  សម្ដេច ហ៊ុន សែន មាន​ទស្សនវិស័យ​ថា ក្រុមហ៊ុន​អាមេរិក នឹង​មើលឃើញ​ការ​បោះទុន​រកស៊ី​នៅ​កម្ពុជា ក្រោយ​កិច្ចព្រមព្រៀង​ចូល​ជា​ធរមាន​។​
 
​ថ្លែងប្រាប់​លោក​លោក អា​ឡិច​សាន់​ដឺ ហ្វែ​ល​ម៉េ​ន (Alexander Feldman) ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន តាម​ប្រព័ន្ធ​វីដេអូ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​និយាយ​ដូច្នេះ​៖«​ខ្ញុំ​សង្ឃឹមថា ច្បាប់​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នឹង​ដើរតួ​ជា​កត្តា​ដ៏​សំខាន់​មួយ ជួយ​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន​អាមេរិក ដែល​កំពុង​រក​ទីតាំង​ផលិតកម្ម​ថ្មី នៅ​តំបន់​អាស៊ីអាគ្នេយ៍​»​។​
 
​សម្ដេច ហ៊ុន សែន ក៏បាន​អះអាង​ប្រា​ប់លោក អា​ឡិច​សាន់​ដឺ ថា រដ្ឋាភិបាល បានដាក់​ចេញ​វិធានការ​កែទម្រង់​ជា​បន្តបន្ទាប់ សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​វិនិយោគិន និង​ធុរកិច្ច​ជន កំពុង​ជួបប្រទះ ក្នុង​គោលបំណង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា តាមរយៈ​ការបង្ក​ភាពងាយស្រួល​និង​ការបង្កើត​បរិយាកាស​អំ​ណោ​យ​ផល ដល់​ការធ្វើ​អាជីវកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។ 
 
«​ជា​ទិសដៅ​ទៅមុខ​កម្ពុជា នឹងដាក់​ឲ្យ​អនុវត្ត​នូវ​វិធានការ​អន្តរាគមន៍​ស​ម​ស្រប និង​ទាន់ពេល គួបផ្សំ​និង​ការគិតគូរ​ជា​យុទ្ធសាស្ត្រ តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ គោលនយោបាយ​រូបិយវត្ថុ និង​វិធានការ​កែទម្រង់​រចនា​សម្ព័ន្ធ សំដៅ​សម្រេច​ឲ្យ​បាន​នូវ​គោលបំណង​ជា​អាទិភាព​ចំនួន​២ គឺ​ទី​១ ការរក្សា​លំនឹង​សេដ្ឋកិច្ច និង​សង្គម និង​ទី​២ ការជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន​។​
 
​បើតាម​នាយករដ្ឋមន្ត្រី ទោះបី​កម្ពុជា​រង​វិបត្តិ​កូ​វីដ​-១៩​ក៏ដោយ ក៏​រដ្ឋាភិបាល​កម្ពុជា​នៅ​បន្ត​កែទម្រង់​ច្បាប់​វិនិយោគ និង​ប្រព័ន្ធ​លើកទឹកចិត្ត​ថ្មី សម្រាប់​ទាក់ទាញ​ការវិនិយោគ​ដែរ​។ ការកែទម្រង់​ច្បាប់​វិនិយោគ​នេះ គឺ​ផ្ដោត​សំខាន់​សម្រាប់​ឧស្សាហកម្ម​អេឡិចត្រូនិក​, បង្គុំ​, ក​សិ​-​ឧស្សាហកម្ម និង​គ្រឿងបន្លាស់​ជាដើម​។​
 
​នៅក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២០ នៃ​វិបត្តិ​កូ​វីដ​-១៩​នេះ កំណើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មានការ​កើនឡើង​១៧​ភាគរយ ប្រើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លងទៅ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។ 
 
​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ដែរថា អាមេរិក​ជាទី​ផ្សារ​នាំចេញ​ធំជាងគេ​មួយ​របស់​កម្ពុជា ដោយ​ក្នុង​ឆ្នាំ​២០១៩​កម្ពុជា​បាន​នាំចេញ​ក្នុង​ទឹកប្រាក់​ជិត​៥.៤​ពាន់​លាន​ដុល្លារ​។ ទំនិញ​ដែល​នាំចេញ​ភាគច្រើន គឺ​ទំនិញ​សម្រាប់​ធ្វើដំណើរ ដូចជា​កាបូបដៃ​និង​កាបូបស្ពាយ​ជាដើម​៕ 

Tag:
 ​សេដ្ឋកិច្ច​
  កម្ពុជា​
  អាមេរិក​-​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com