កីឡាអន្តរជាតិ
អន្តរជាតិ
Barca យល់ព្រមឲ្យ Suarez ទៅ At-Madrid ក្រោយផ្លាស់ទៅ Juventus បរាជ័យដោយសារលិខិតឆ្លងដែន
23, Sep 2020 , 8:09 am        
រូបភាព
Barcelona យល់ព្រមអនុញ្ញាតឲ្យខ្សែប្រយុទ្ធ Luis Suarez ចាកចេញទៅចូលរួមជាមួយគូប្រជែង Atletico Madrid នៃក្របខណ្ឌ La Liga។ បើតាមការផ្សាយរបស់ BBC នៅថ្ងៃទី២២ ខែកញ្ញា Suarez នឹងទទួលបានប្រាក់ឈ្នួលពីក្រុមថ្មីតែពាក់កណ្តាលនៃក្រុមចាស់ប៉ុណ្ណោះ។


ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយវ័យ ៣៣ឆ្នាំរូបនេះ បានបង្ហាញការមិនចង់រួមរស់បន្តជាមួយ Barca តទៅទៀត ខណៈក្លិបរហស្សនាមអ្នកមានបុណ្យក៏យល់ព្រមឲ្យរូបគេចាកចេញដោយគ្មានតម្លៃខ្លួន ប៉ុន្តែមិនឲ្យទៅចូលរួមជាមួយក្លិបកំពូលផ្សេងទៀយក្នុងលីគជាមួយគ្នានោះទេ។
 
ប៉ុន្តែយ៉ាងណាក៏ដោយ Suarez នៅតែត្រូវទៅចូលរួមជាមួយ At-Madrid ដដែល ពីព្រោះការផ្លាស់ទៅលេងនៅ Juventus នៃលីគកំពូល Serie A ត្រូវបរាជ័យដោយសារបញ្ហាលិខិតឆ្លងដែនក្នុងប្រទេសអ៊ីតាលី។ មួយវិញទៀត អតីតខ្សែប្រយុទ្ធ Liverpool រូបនេះ ក៏បានរីករាយលើលក្ខខណ្ឌក្នុងការកាត់បន្ថយប្រាក់បៀវត្សរបស់ខ្លួនជាមួយក្រុមថ្មីនេះទៀតផង។ ជាមួយក្លិបដែលស្ថិតក្នុងក្រុងម៉ាឌ្រីដ Suarez នឹងទទួលបានប្រាក់ឈ្នួលត្រឹមជាង១៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំប៉ុណ្ណោះ ខណៈនៅ Barca រូបគេរកបានដល់ទៅ ៣៥លានដុល្លារក្នុងមួយឆ្នាំឯណោះ។
 
Suarez បានផ្លាស់ពី Liverpool ទៅចូលរួមជាមួយ Barca ក្នុងតម្លៃ ៧៤ លានផោន (ជិត១០០លានដុល្លារ) កាលពីឆ្នាំ ២០១៤ ដោយជួយក្លិបយក្សអេស្ប៉ាញមួយនេះឈ្នះពាន La Liga ចំនួន ៤លើក Copa del Reys ៤លើក ព្រមទាំង Champions League និង Club World Cup នៅឆ្នាំ ២០១៥។
 
រយៈពេល ៦ ឆ្នាំរបស់ Suarez រកបាន១៩៨គ្រាប់ ក្នុងការបង្ហាញខ្លួនឲ្យ Barca ចំនួន ២៨៣ប្រកួត និងថែមទាំងបង្កើតភាពអស្ចារ្យដែលមានឈ្មោះថា MSN នៅតំបន់ប្រយុទ្ធដ៏ខ្លាំងក្លា ជាមួយ Lionel Messi និង Neymar (កាលមិនទាន់ចាកចេញទៅ PSG)។
 
ដោយឡែក Barca ក៏បានអនុញ្ញាតឲ្យ Arturo Vidal ទៅចូលរួមជាមួយ Inter Milan ផងដែរក្នុងតម្លៃផ្ទេរតែ ១,១៧លានដុល្លារអាមេរិកប៉ុណ្ណោះ។ ខ្សែបម្រើសញ្ជាតិស៊ីលីវ័យ៣៣ឆ្នាំ បានផ្លាស់ពី Bayern Munich ទៅកាន់ទឹកដីអេស្ប៉ាញកាលពីឆ្នាំ២០១៨ ដោយបង្ហាញខ្លួនសរុបបាន៩៦ប្រកួត និងស៊ុតបញ្ចូលទី១១គ្រាប់៕
 


Tag:
 Barcelona
  Atletico Madrid
  Luis Suarez
© រក្សាសិទ្ធិដោយ thmeythmey.com