ឯកសារ​បែកធ្លាយ​របស់​ធនាគារ​បង្ហាញ​ការផ្ទេរ​លុយកខ្វក់​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ​ពិភពលោក​
សង្គមអន្តរជាតិ​
អន្តរជាតិ
ឯកសារ​បែកធ្លាយ​របស់​ធនាគារ​បង្ហាញ​ការផ្ទេរ​លុយកខ្វក់​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ​ពិភពលោក​
23, Sep 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ទិដ្ឋភាព​ពី​ខាងក្រៅ​នៃ​ក្រសួង​ហរិញ្ញវត្ថុ​សហរដ្ឋអាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ​២០១៩​។​
​រូប​ឯកសារ​៖ ទិដ្ឋភាព​ពី​ខាងក្រៅ​នៃ​ក្រសួង​ហរិញ្ញវត្ថុ​សហរដ្ឋអាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ​២០១៩​។​
ដោយ: VOA
​ឯកសារ​បែកធ្លាយ​បាន​ចោទប្រកាន់ថា ធនាគារ​ធំ​បំផុត​មួយចំនួន​នៅលើ​ពិភពលោក​បានអនុញ្ញាត​ឲ្យ​មាន​សកម្មភាព​គួរ​ឲ្យ​សង្ស័យ ឬ​ការបន្លំ​កើតមានឡើង​ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ ២ លាន​លាន​ដុល្លារ ដែល​ក្នុងនោះ​រួមមាន​ការលាង​លុយកខ្វក់​សម្រាប់​ក្រុម​ឧក្រិដ្ឋជន និង​ក្រុម​ភេរវ​ករ​ផងដែរ​។​

 
​ឯកសារ​ដែលមាន​ឈ្មោះថា «FinCEN Files» បានបង្ហាញ​របាយការណ៍​នៃ​សកម្មភាព​សង្ស័យ​ជាង ២.០០០ ករណី ដែល​បាន​កើតមានឡើង ហើយ​ដែល​ត្រូវបាន​ផ្ញើ​តាម​ធនាគារ មក​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក ដោយ​ប្រកាស​ឲ្យ​អាជ្ញាធរ​បានដឹង​និង​ប្រុង​ជើងការ ចំពោះ​សកម្មភាព​បទឧក្រិដ្ឋ​ដែល​អាច​កើតមានឡើង ពី​ចន្លោះ​ឆ្នាំ ១៩៩៩ ដល់​ឆ្នាំ ២០១៧​។ ឯកសារ​នេះ​ត្រូវបាន​បែកធ្លាយ​ទៅដល់​បណ្តាញ​ព័ត៌មាន​អន​ឡាញ Buzzfeed របស់​អាមេរិក និង​ត្រូវបាន​ចែក​ផ្សាយ​បន្ត​ក្នុង​បណ្តាញ​សាកល​នៃ​អ្នកសារព័ត៌មាន​ស៊ើបអង្កេត​ផងដែរ​។​
 
​ឯកសារ​នោះ​បន្ត​ចោទប្រកាន់ថា មហា​ធនាគារ HSBC របស់​អង់គ្លេស បាន​ផ្ទេរ​លុយ​បន្លំ​ចំនួន ៨០ លាន​ដុល្លារ តាមរយៈ​សហរដ្ឋអាមេរិក ទៅកាន់​ទីក្រុង​ហុងកុង ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​វិនិយោគ​បោកប្រាស់​ខុសច្បាប់ (Ponzi scheme) ទោះជា​មានការ​ព្រមាន​ជាមុន ដោយ​អាជ្ញាធរ​អាមេរិក​ក្តី​។​
 
​ឯកសារ​នោះ​ក៏បាន​បង្ហាញ​ផងដែរ​ថា ធនាគារ​អាមេរិក JP Morgan Chase បាន​ផ្ទេរ​លុយ​ចំនួន ១ ពាន់​លាន​ដុល្លារ តាមរយៈ​គណនី​ធនាគារ​ក្នុង​ទីក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស ដែល​ក្រោយមកទៀត​ត្រូវបាន​គេ​រកឃើញថា អាចជា​លុយ​របស់​បុគ្គល​ឈ្មោះ Semion Mogilevich ដែលជា​ថៅកែ​ក្រុម​ម៉ាហ្វីយ៉ា​របស់​រុស្សី ដែល​កំពុង​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ ដែល​ត្រូវបាន​តាមរក​បំផុតរ​បស់​ទីភ្នាក់ងារ​អាមេរិក FBI នោះ​។​
 
​ធនាគារ​អាល្លឺម៉ង់ Deutsche Bank ក៏បាន​រង​ការចោទប្រកាន់ថា បាន​ផ្ទេរ​លុយកខ្វក់​ពី​អ្នក​លាង​លុយ​ដែរ ប៉ុន្តែ​អ្នកនាំពាក្យ​ធនាគារ​នេះ និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ទាំងនេះ​បាន​កើតឡើង​កន្លងផុត​យូរ​មកហើយ​។​
 
​ចំណែក​ធនាគារ Standard Chartered របស់​អង់គ្លេស​ថា ខ្លួន​យកចិត្តទុកដាក់​យ៉ាងខ្លាំងបំផុត​ចំពោះ​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ក្នុងការ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com