កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​ខ្សែការពារ Evra រិះគន់​វិធីសាស្ត្រ​ទិញ​កីឡាករ​របស់ Man Utd
23, Sep 2020 , 10:03 am        
រូបភាព
អតីតខ្សែការពារ Patrice Evra និងលោក Ed Woodward។
អតីតខ្សែការពារ Patrice Evra និងលោក Ed Woodward។
Patrice Evra អតីត​ខ្សែការពារ​ឆ្នើម​ក្រុម Manchester United រៀ​រាប់​ពី​ការលំបាក​របស់​ក្លិប​នៅក្នុង​អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ ថា​លទ្ធផល​សម្រេច​គឺ​ស្ថិត​លើ​មេធាវី មិនមែន​អ្នកកីឡា​បាល់ទាត់​ជា​អ្នកចរចា​នោះទេ​។ Evra ថែមទាំង​បាន​រិះគន់​ក្លិប​ចាស់​របស់ខ្លួន​មួយ​នេះ​ថា ទៅ​ចរចា​ទិញ​រូបគេ​ពី AS Monaco អាក្រក់​ជាង CIA ឬ FBI សួរចម្លើយ​ទៅទៀត​។​


​នៅក្នុង​វីដេអូ​រយៈពេល​៥​នាទី​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Instagram អតីត​កីឡាករ​អន្តរជាតិ​បារាំង​វ័យ ៣៩ ឆ្នាំ​រូបនេះ បាន​និយាយ​ពី​ភាពផ្ទុយ​គ្នា​រវាង​វិធីសាស្ត្រ​បច្ចុប្បន្ន​របស់ Man Utd ក្រោម​ការគ្រប់គ្រង​រប​ស់​នាយក​ប្រតិបត្តិ​ក្លិប​លោក Ed Woodward ជាមួយនឹង​របៀប​ដឺ​ក​នាំ​របស់លោក David Gill កាល​នៅ​ជា​នាយក​ប្រតិបត្តិ និង​មាន​លោក Alex Ferguson ជា​អ្នកចាត់ការ​ទូទៅ​។​
 
 
​ការលើកឡើង​របស់ Evra បែបនេះ បន្ទាប់ពី​បិសាច​ក្រហម​បាន​ចាញ់ Crystal Crystal ៣-១ ក្នុង​ដី នា​ការប្រកួត​បើកឆាក​ក្របខណ្ឌ Premier League កាលពី​ចុង​សប្តាហ៍​មុន ស្របពេល​ក្លិប​យក្ស​អង់គ្លេស​មួយ​នេះ ទាក់ទង​ខ្សែបម្រើ Jadon Sancho ពី Borussia Dortmund ស្ទើ​ពេញ​អំឡុង​ទីផ្សារ​ដោះដូរ​រដូវ​កាល​នេះ ប៉ុន្តែ​ពួកគេ​នៅតែ​មិនទាន់​យល់ព្រម​លើ​កិច្ចព្រមព្រៀង​នៅឡើយ​។​
 
Evra បាន​និយាយ​ពីបទ​ពិសោធ​ខ្លួន​ជាមួយ​ក្លិប Man Utd ដូ​ច្នេ​ថា​៖« នៅពេល Man Utd ត្រូវការ​កីឡាករ​ណា​ម្នាក់ ពួកគេ​នឹង​ទៅ​ជួប​និយាយ​ទល់មុខ​គ្នា​ជាមួយ​កីឡាករ​នោះ​។ នៅពេល​លោក David Gill និង Ferguson មកជួប​ខ្ញុំ​នៅ Monaco វា​អាក្រក់​ជាង​ការផ្តល់​ចម្លើយ​ទៅកាន់​ភ្នាក់ងារ CIA ឬ FBI ទៅទៀត​។ ក្រោយមក​ពួកគេ​បញ្ជូន​មេធាវី​ទៅ​និយាយ​ជាមួយ​ខ្ញុំ​។ ដូច្នេះ​មេធាវី​និយាយ​តែ​អំពី​តួលេខ ពួកគេ​មិនមែនជា​មនុស្ស​ក្នុង​ពិភព​បាល់ទាត់​ទេ​។ មេធាវី​មួយចំនួន​មិន​និយាយ​ពី​រឿង​ប្រាក់​នោះទេ​»​។ 
 
​មិនតែប៉ុណ្ណោះ Evra ថែមទាំង​រិះគន់​លោក Ed Woodward ជុំវិញ​ការផ្ទេរ​កីឡាករ​នៅ​ដើមរដូវ​កាល​ថ្មី​នេះ​ដូចគ្នា​។ «​បញ្ហា​តែមួយគត់​ដែល​ខ្ញុំ​អាច​និយាយ​ទៅកាន់ Ed Woodward គឺថា​គាត់​ជឿជាក់​លើ​មនុស្ស ដែល​មិនគួរ​ជឿទុកចិត្ត​។ Woodward ថែមទាំង​ជឿជាក់​លើ​អ្នកដទៃ​មួយចំនួន​នៅ​ខាងក្រៅ​ក្លិប​ទៀតផង​»​។ នេះ​ជាការ​បន្ថែម​របស់ Evra ដែល​លេង​ឲ្យ Man Utd ពី​ឆ្នាំ ២០០៦ ដល់ ២០១៤ មុន​ចាក​ចេញទៅ Juventus​។​
 
​រហូតមកដល់​ពេលនេះ​មានតែ​ខ្សែបម្រើ Donny van de Beek ម្នាក់​ប៉ុណ្ណោះ ដែល​ម្ចាស់​ពាន​លី​គ​កំពូល​អង់គ្លេស​២០​សម័យ​ទិញ​ចូលមក​រួម​ក្រុម​រដូវ​កាល​នេះ​៕
 

Tag:
 Patrice Evra
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com