COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
EFL Cup៖ Moyes និង​កីឡាករ​២​រូប​ឆ្លង COVID-19 តែ West Ham នៅ​អាច​ឈ្នះ Hull ៥-១
23, Sep 2020 , 11:00 am        
រូបភាព
​​លោក David Moyes អ្នកចាត់ការ​ទូទៅ West Ham United រួមទាំង​កីឡាករ Issa Diop និង Josh Cullen ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញពី​កីឡដ្ឋាន London មុនពេល​ការប្រកួត EFL Cup នៅ​យប់​ថ្ងៃទី​២២ ខែកញ្ញា ក្រោយ​រកឃើញថា ពួកគេ​មាន​ផ្ទុក​ជំងឺ COVID-19​។ យ៉ាង​ក៏ដោយ ក្នុងជំនួប​នោះ West Ham នៅតែ​អាច​យកឈ្នះ Hull City ដល់​ទៅ ៥-១​។​



​ដំបូង​ឡើង លោក Moyes បានដាក់​ឲ្យ​ខ្សែការពារ Diop និង​ខ្សែបម្រើ Cullen ចូល​ប្រកួត​ពានរង្វាន់ EFL Cup នៅ​ជុំ​ទី​៣​នេះ ប៉ុន្តែ​ផ្ទុយទៅវិញ​អ្នក​ទាំង​៣​ត្រូវ​វិលត្រឡប់​ទៅផ្ទះ​វិញ​ដើម្បី​ដាក់​ឲ្យ​ដាច់ដោយឡែក នៅពេល​ដឹង​ពី​លទ្ធផល​វិជ្ជមាន​ជំងឺឆ្លង​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្លិប West Ham​។​
 
​យ៉ាងណាក៏ដោយ ការប្រកួត​បានចាប់ផ្តើម​តាម​ការគ្រោងទុក​ដោយ​កីឡាករ Harrison Ashby និង Jack Wilshere ត្រូវ​បញ្ចូល​ក្នុង​ជម្រើស​១១​នាក់​ដំបូង​របស់​ក្រុម​រហស្សនាម​ញញួរ រីឯ​ជំនួយការ​លោក Alan Irvine ត្រូវ​មើល​ការខុសត្រូវ​ក្រុម​ជំនួស Moyes​។ លទ្ធផល​ការប្រកួត​បញ្ចប់​ទៅដោយ West Ham ឈ្នះ Hull ៥-១​។ ៥​គ្រាប់​របស់​ម្ចាស់ផ្ទះ​ធ្វើបាន​ដោយ Robert Snodgrass, Sebastien Haller (២​គ្រាប់​) និង Andriy Yarmolenko (២​គ្រាប់​) ដោយឡែក មួយ​គ្រាប់​របស់​ក្រុម​ភ្ញៀវ​សម្រេច​ទី​ដោយ Mallik Wilks​។​
 
Moyes, Diop និង Cullen នឹងត្រូវ​តម្រូវ​ឲ្យ​ធ្វើតាម​គោលការណ៍​សុខភាព​សាធារណៈ​អង់គ្លេស និង​ក្របខណ្ឌ Premier League​។ រីឯ​សមាជិក​ក្លិប West Ham ទាំងអស់​បាន​ផ្ញើ​សារ​លើកទឹកចិត្ត និង​ជូនពរ​អ្នក​ទាំង​៣​ឆាប់​បាន​ត្រឡប់មក​រួម​ក្រុម​វិញ​។​
 
​ដោយឡែក ជំនួប Leyton Orient ទល់ Tottenham Hotspur ក្នុងជំនួប EFL Cup នេះ ក៏ត្រូវ​ពន្យារពេល​ប្រកួត​ផងដែរ ដ្បិត​ក្រុម​ម្ចាស់ផ្ទះ Leyton មាន​សមាជិក​ឆ្លង COVID-19 នេះ​។​
​កីឡាករ និង​បុគ្គលិក​របស់​ក្រុម​ទាំង​២០​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​សុទ្ធតែ​ត្រូវ​ទទួល​ការធ្វើ​តេស្ត​រក​ជំងឺ COVID-19 ជាប្រចាំ​។ ក្រោយ​ការធ្វើ​តេស្ត តែងតែ​ចេញ​លទ្ធផល​វិជ្ជមាន​លើ​បុគ្គលិក កីឡាករ​ជារឿយៗ​ផងដែរ​។​
 
​សម្រាប់​លទ្ធផល​ការប្រកួត EFL Cup ជុំ​ទី​៣​ដទៃទៀត West Bromwich ស្មើ​ជាមួយ Bredtford ២-២, Newport Coutry ឈ្នះ Watford ៣-១ និង Manchester United ឈ្នះ Luton Town ៣-០៕

Tag:
 West Ham United
  David Moyes
  EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com