សកម្មជន​អតីត​បក្សប្រឆាំង​៧​ទៀត ជាប់ទោស​ពី​៥​ទៅ​៧​ឆ្នាំ ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​]
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សកម្មជន​អតីត​បក្សប្រឆាំង​៧​ទៀត ជាប់ទោស​ពី​៥​ទៅ​៧​ឆ្នាំ ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​]
23, Sep 2020 , 1:40 pm        
រូបភាព
សាច់ញាតិនិងអ្នកគាំទ្រអតីតគណបក្សប្រឆាំង កាន់បដាផ្សេងៗ សុំឲ្យតុលាការខេត្តត្បូងឃ្មុំ ដោះលែង អ្នកទាំង៧នាក់ (រូបពីទំព័រហ្វេសប៊ុកទូរទស្សន៍ព្រះអាទិត្យ)
សាច់ញាតិនិងអ្នកគាំទ្រអតីតគណបក្សប្រឆាំង កាន់បដាផ្សេងៗ សុំឲ្យតុលាការខេត្តត្បូងឃ្មុំ ដោះលែង អ្នកទាំង៧នាក់ (រូបពីទំព័រហ្វេសប៊ុកទូរទស្សន៍ព្រះអាទិត្យ)
ដោយ: ថ្មីៗ
​សកម្មជន​និង​មន្ត្រី​៧​នាក់​ទៀត​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​ជាប់ពន្ធនាគារ​ពី​៥​ឆ្នាំ​ដល់​៧​ឆ្នាំ ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​] តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​។ តុលាការខេត្ត​ត្បូងឃ្មុំ បានប្រកាស​សាលក្រម​ស្តីពី​ការផ្តន្ទាទោស​នេះ នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០​។ 



​ទូរទស្សន៍​ព្រះអាទិត្យ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បង្ហោះ​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា អ្នក​ទាំង​៧​នាក់​នោះ គឺ លោក គង់ សំអាន កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ លោក ចក់ ហួរ កំពុងស្ថិត​នៅក្នុង​ប្រទេស លោក វ៉ាន់ សុផាត កំពុងស្ថិត​នៅក្នុង​ប្រទេស លោក ជឹម វណ្ណៈ កំពុងស្ថិត​នៅក្នុង​ប្រទេស លោក ស៊ឹម ស៊ា​ង​ទ្បេ​ង ភៀសខ្លួន​ទៅ​ក្រៅប្រទេស អ្នកស្រី យ៉ែម វណ្ណ​ណែ​ត ភៀសខ្លួន​ទៅ​ក្រៅប្រទេស និង អ្នកស្រី មាន ទ្បា កំពុងស្ថិត​នៅក្នុង​ប្រទេស​។ 
 
​បច្ចុប្បន្ន ក្នុងចំណោម​អ្នក​ទាំង​៧​នាក់​នោះ មានតែ​លោក គង់ សំអាន ម្នាក់​ប៉ុណ្ណោះ ដែល​កំពុង​ជាប់ឃុំ ខណៈ​អ្នក​ផ្សេងទៀត គេច​ទៅ​ក្រៅប្រទេស​ខ្លះ​និង​កំពុង​លាក់ខ្លួន​ក្នុងប្រទេស​ខ្លះ​។ 
 
​លោក​មេធាវី ហែម សុជាតិ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា​នេះ​ថា លោក ការពារ​ក្តី​ឲ្យ​លោក ជឹម វណ្ណៈ និង អ្នកស្រី មាន ឡា ចំណែក​៥​នាក់​ទៀត គឺ​លោ​កមេ​ធ​វី សំ សុ​គង់ ជា​អ្នកការពារ​ក្តី​។ លោក ហែម សុជាតិ លើកឡើង​ពី​ករណី​អ្នកស្រី មាន ឡា ថា អ្នកស្រី បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម តាំងពី​អំឡុង​ឆ្នាំ​២០១៩​មកម្ល៉េះ ដោយ​បង្ហាញ​ពី​ឆន្ទៈ​របស់​អ្នកស្រី ក្នុងការ​រង់ចាំ​ទទួល​ការវិលត្រឡប់​របស់លោក សម រង្ស៊ី មេដឹកនាំ​កំពូល​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ 
 
​លោក​មេធាវី ចាត់ទុក​ការ​បង្ហោះ​សារ​របស់​អ្នកស្រី មាន ឡា ថា​គ្រាន់តែ​ជាការ​សម្តែង​មតិ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ មិនមែនជា​ធាតុ​ផ្សំ​នៃ​បទល្មើស​រួមគំនិត​ក្បត់ [​ជាតិ​] ឬ​ជាការ​ចូលរួម​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ​។ លោក មានប្រសាសន៍ថា​៖«[​ចោទ​គាត់ ពីបទ​រួមគំនិត​ក្បត់ជាតិ​] គឺ​អត់​សម​ហេតុផល​ទេ​...​បទ​រួមគំនិត​ក្បត់ជាតិ មាន​ធាតុ​ផ្សំ​ផ្សេង [​ពី​ហ្នឹង​]...»​។  
 
​លោក​មេធាវី បន្ថែមថា ពេលនេះ លោក មិនទាន់​ដឹងថា កូនក្តី​របស់លោក​ទាំង​២​នាក់ ស្ថិត​នៅឯណា​នោះទេ​។ លោក និយាយថា បើ​លោក មិនអាច​ទាក់ទង​កូនក្តី​របស់លោក​បានទេ លោក នឹង​ទៅ​ពិភាក្សា​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគាត់ ដើម្បី​សម្រេច​ពី​ការប្តឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍ ឬ​យ៉ាងណា​។ 
 
​លោក​មេធាវី​រូបនេះ មិនបាន​បរិយាយ​លម្អិត​ពី​ករណី​របស់​អ្នក​ទាំង​៦​នាក់​ទៀត​នោះទេ ដោយ​លោក គ្រាន់តែ​បញ្ជាក់ថា បទល្មើស ដែល​តុលាការ​ចោទប្រកាន់​លើ​ពួកគាត់​ទាំងនោះ គឺ​មិន​ខុសពី​អ្នកស្រី មាន ឡា ប៉ុន្មាន​នោះទេ​។ 
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក​មេធាវី សំ សុ​គង់ បានឡើយ ដោយសារតែ​លោក កំពុង​រវល់​។ លោក បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្នុងចំណោម​អ្នក​ទាំង​៧​នាក់​នោះ មាន​៥​នាក់ ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៧​ឆ្នាំ ហើយ​២​នាក់​ទៀត ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ​។ លោក អះអាងថា ចំពោះ​ទោស​ជាប់ពន្ធនាគារ​៥​ឆ្នាំ លើ​អ្នក​ទាំង​២​នាក់ គឺ​ត្រូវ​ព្យួរ (​មិន​ជាប់ឃុំ​)​។ លោក ពុំបាន​បង្ហាញ​ឈ្មោះ​អ្នក​ទាំង​២​នាក់​នោះទេ​។ 
 
​កាលពី​ថ្ងៃទី​៩ ខែកញ្ញា អ្នកស្រី ប៉ែន មុំ អតីត​សមាជិកា​នៃ​ក្រុមប្រឹក្សាឃុំ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​កណ្តាល ស្រុក​ទឹកឈូ ខេត្តកំពត ត្រូវបាន​តុលាការ​ខេត្តកំពត ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​] នេះដែរ​។  
 
​តាមពិតទៅ រឿងក្តី​របស់​សកម្មជន​និង​មន្ត្រី​អតីត​គណបក្សប្រឆាំង​ខាងលើ មិនមែន​ទើប​កើតឡើង​នាពេល​ថ្មីៗ​នេះ​ទេ គឺ​កើតឡើង​តាំង​ចុងឆ្នាំ​២០១៩​មកម្ល៉េះ ដោយ​កាលនោះ ជា​ពេលដែល​លោក សម រង្ស៊ី ប្រកាស​ចូល​ស្រុក​លើក​ទី​១​។ ក្នុងអំឡុង​ពេលនោះ ពួកគេ រួមទាំង​សកម្មជន​និង​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​ប្រមាណ​៧០​ទៅ​៨០​នាក់​ទៀត ត្រូវ​ចាប់ខ្លួន​ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​]​។ 
 
​ភាគច្រើនបំផុត​ក្នុងចំណោម​អ្នក​ទាំង​៧០​ទៅ​៨០​នាក់​នោះ គឺ​ត្រូវ​ចាប់ខ្លួន ដោយសារ​បង្ហោះ​សារ​គាំទ្រ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី និង អ្នកខ្លះ ត្រូវ​ចោទថា បាន​ដើរ​បំផុសបំផុល​ឲ្យ​សកម្មជន​និង​អ្នកគាំទ្រ​ផ្សេងទៀត ត្រៀមចាំ​ទទួល​លោក សម រង្ស៊ី ដែរ ខណៈ​រដ្ឋាភិបាល​កម្ពុជា យល់ថា ការវិលត្រឡប់​របស់​លោក សម រង្ស៊ី គឺ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។ ប៉ុន្តែ​អ្នក​ទាំងអស់នោះ បាន​រួចខ្លួន​ពី​ពន្ធនាគារ​វិញ ដោយសារ​មានការ​ស្នើសុំ​ឲ្យ​ដោះលែង​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ 
 
​យ៉ាងណា ពួកគេ គ្រាន់តែ​ឲ្យ​រស់នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ប៉ុណ្ណោះ តែ​នៅតែ​ជាប់​បទ​ចោទ​ដដែល និង​ស្ថិតក្រោម​ការឃ្លាំមើល​រប​ស់​តុលាការ​។ ដោយសារតែ​បទ​ចោទ​លើ​ពួកគេ មិនទាន់​ត្រូវបាន​ទម្លាក់ចោល ដូច្នេះ គេ មិនដឹងថា ក្នុងចំណោម​ពួកគេ នឹង​អាចមាន​អ្នកណា​ផ្សេងទៀត​នោះទេ ដែល​ត្រូវ​តុលា​ការសើរើ​សំណុំរឿង​ឡើងវិញ​ដែរ​។ 
 
​លោក សម រង្ស៊ី ដែលជា​មេដឹកនាំ​របស់​ពួកគេ ទើបនឹង​ប្រកាស​ផែនការ​លើក​ទី​២​ថា លោក ប្តេជ្ញា​ចូល​ស្រុក​វិញ​ឲ្យ​បាន ក្នុងពេល​ខាងមុខ​ឆាប់ៗ​នេះ តែ​លោក ពុំទាន់​បង្ហាញ​កាលបរិច្ឆេទ​ច្បាស់លាស់​នោះទេ​។ កាលពី​លើក​ទី​១ លោក ប្រកាសថា ចូល​ស្រុក នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ តែ​ត្រូវ​បរាជ័យ ដោយ​លោក ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា មិន​អនុញ្ញាត​ឲ្យ​មាន​យន្តហោះ ដឹក​លោក​មក​កម្ពុជា។ កាលនោះ រដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ថា លោក សម រង្ស៊ី មិន​ហ៊ាន​ចូល​ស្រុក​ខ្លួនឯង​៕ 

Tag:
 បក្សប្រឆាំង​
  សកម្មជន​
  បទល្មើស​រួមគំនិត​ក្បត់​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com