ជាតិ
បទវិភាគ
សន្តិភាព ដែល​គ្មាន​យុត្តិធម៌ គឺ​ដូចជា​មនុស្ស គ្មាន​ព្រលឹង​
23, Sep 2020 , 12:39 pm        
រូបភាព
ពិភពលោក​បាន​ប្រារព្ធ​ទិវា​សន្តិភាព​អន្តរជាតិ​នា​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​។ គ្មាន​សង្គ្រាម ហៅថា​មាន​សន្តិភាព​។ ប៉ុន្តែ ដើម្បី​ឲ្យ​មាន​សន្តិភាព​ពេញលេញ ហើយ​មនុស្ស​គ្រប់រូប​អាច​រស់នៅ​ដោយ​សុខដុមរមនា គឺ​ដាច់ខាត ត្រូវមាន​យុត្តិធម៌​មួយទៀត​។ និយាយ​បែប​ផ្សេង បើ​ប្រទេស​មាន​សន្តិភាព ចាក​ឆ្ងាយ​ពី​សង្គ្រាម​ហើយ រដ្ឋាភិបាល​មិនត្រូវ​ព្រងើយកន្តើយ​ដាច់ខាត​អំពី​ការដោះស្រាយ​បញ្ហា​អយុត្តិធម៌​។​

 
​ស្ថានភាព​ប្រទេសជាតិ ពេលខ្លះ​ប្រៀបដូចជា ឡឥដ្ឋ ឬ​ឡក្បឿង​ជាដើម​។ គេ​អាច​យកដៃ​ប៉ះ​ជញ្ជាំង​ខាងក្រៅ​នៃ​ឡ​បាន ប៉ុន្តែ​គេ​មិនអាច​ដឹង​កម្តៅ​ពិតប្រាកដ​ក្នុង​ឡ​នោះឡើយ​។ បើសិនជា​គេ​មិន​យកចិត្តទុកដាក់ ក្នុងការដាក់​ឧបករណ៍​វាស់​កម្តៅ​នៅក្នុង​ឡ​នោះទេ កម្តៅ​ក្នុង​ឡ​នោះ​នឺង​អាច​កើនឡើង ឈានដល់​ធ្វើឲ្យ​ឡ​ផ្ទុះ​ទៀតផង​។ 

សន្តិភាព សំដៅ​ដល់​ភាព​សុខកាយ និង​សប្បាយចិត្ត​។ ជាការ​ពិត នៅក្នុង​ក្របខណ្ឌ​នៃ​ប្រទេសមួយ វា​លំបាក​នឹងធ្វើឲ្យមាន​ប្រជាពលរដ្ឋ​គ្រប់រូប​អាច​រីករាយ​សប្បាយចិត្ត​ស្មើៗ​គ្នា ឬ​ដូចគ្នា​។ ប៉ុន្តែ​អ្វីដែល​រដ្ឋាភិបាល ឬ​អ្នកដឹកនាំ​ប្រទេស​អាចធ្វើ​បាន គឺ​ការបង្ហាញ​ឆន្ទៈ និង​សកម្មភាព​ដោះស្រាយ​អំពើ​អយុត្តិធម៌​។ អយុត្តិធម៌ កើត​មាននៅ​កន្លែង​ណា ត្រូវ​លុបបំបាត់​នៅ​កន្លែង​នោះ​ភ្លាម​។ បុគ្គល​ណា ក្រុម​ណា រង​អំពើ​អយុត្តិធម៌ ត្រូវ​រក​យុត្តិធម៌​ឲ្យ​ពួកគេ​ជា​ប្រញាប់​។​
 
​អ្នកដឹកនាំ​រដ្ឋ តោង​ត្រិះរិះ​ថា បើ​គ្មាន​អំពើ​អយុត្តិធម៌ គ្មាន​អំពើពុករលួយ គ្មាន​បញ្ហាដីធ្លី គ្មាន​ការរំលោភ​ជិះជាន់ ។​ល​។ ក៏​គ្មាន​ការតវ៉ា​ឡើយ​។​

​ផ្ទុយទៅវិញ គេ​មិនគួរ​ចាត់ទុក​ប្រទេសជាតិ​ទាំងមូល​ថា គ្មាន​សន្តិភាព ដោយ​គ្រាន់​តែមាន​អំពើ​អយុត្តិធម៌​តិចតួច​នៅ​តំបន់​ណាមួយ ឬ​មាន​អំពើ​អយុត្តិធម៌​លើ​បុគ្គល​ណាមួយ លើ​ក្រុម​ណាមួយ​ ដែល​ពុំទាន់​ត្រូវបាន​ដោះស្រាយ​នោះទេ​។ 
 
​បើ​គ្រាន់​តែមាន​អំពើ​អយុត្តិធម៌​ដោយ​អន្លើៗ នៅ​កន្លែង​នេះ ឬ​នៅ​កន្លែង​នោះ ហើយ​គេ​នាំគ្នា​និយាយ​ចាត់ទុក ប្រទេសជាតិ​ទាំងមូល​ថា គ្មាន​សន្តិភាព ដូច្នេះ​នៅលើ​ពិភពលោក​នេះ ប្រាកដ​ជាមាន​ប្រទេស​ស្ទើរតែ​ទាំងអស់ ដែល​នឹង​ត្រូវបាន​ចាត់ទុកថា ជា​ប្រទេស​គ្មាន​សន្តិភាព ដ្បិត​បណ្តា​ប្រទេស​ទាំងនោះ គង់តែ​មាន​អំពើ​អយុត្តិធម៌​តិចតួច​ដូចគ្នា​។ 
 
​ប្រទេស​ខ្លះ​រីកចម្រើន ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង មាន​នីតិរដ្ឋ​ថែមទៀត តែ​ប្រទេស​ទាំងនោះ ប្រហែលជា​ចៀស​មិន​ផុតពី​ការ​នៅមាន​អំពើ​អយុត្តិធម៌​នោះទេ​។ គ្រាន់តែ​ថា ប្រទេស​គេ ស្រឡាញ់​យុត្តិធម៌​និង​ភាព​ស្អាតស្អំ ពេល​មាន​អំពើ​អយុត្តិធម៌ នឹង​ប្រញាប់​ដោះស្រាយ​ភ្លាម ដោយ​មិន​ទុកចោល​នោះទេ​។ 
 
​គេ​ពុំគួរ​ភ្លេច​លើកឡើង​នូវ​ចំណុច​សំខាន់​មួយទៀត​ឡើយ​។ ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស គ្មាន​ចេតនា​ចង់​ឲ្យ​កើតមាន​អំពើ​អយុត្តិធម៌​ឡើយ​។ តែ​មិនមែន​មន្ត្រី​គ្រប់រូប ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល ទាំង​ក្នុង​ស្ថាប័ន​តុលាការ សុទ្ធតែ​ស្អាតស្អំ​នោះទេ​។ នេះ ជាហេតុ​ផល​មួយ ដែល​អំពើ​អយុត្តិធម៌ នៅតែ​កើតមានឡើង​។ ប៉ុន្តែ​ភាពខុសគ្នា​រវាង​ប្រទេស​ដែលមាន​អំពើ​អយុត្តិធម៌​តិច និង​ប្រទេស​ដែលមាន​អំពើ​អយុត្តិធម៌​ច្រើន គឺ​នៅត្រង់ ការដោះស្រាយ ឬ​ការលុបបំបាត់​នេះឯង​។ ដោះស្រាយ ឬ​មិន​ដោះស្រាយ​? 
 
​ថ្វី​ដ្បិតថា វា​មិន​ងាយ​នឹង​លុបបំបាត់​អំពើ​អយុត្តិធម៌​ឲ្យ​បាន​ទាំងស្រុង តែ​ក្នុងនាម​ជា​អ្នកកាន់អំណាច​ដឹកនាំ​ប្រទេស ពួកគេ​ត្រូវតែ​ព្យាយាម​លុបបំបាត់​អំពើ​អយុត្តិធម៌​ឲ្យបាន​ច្រើន តាមតែ​អាចធ្វើ​ទៅបាន​។ មេដឹកនាំ ត្រូវ​ហ៊ាន​កម្ចាត់​មន្ត្រី​ពុករលួយ ហើយ​ត្រូវ​កសាង​ប្រព័ន្ធយុត្តិធម៌​មួយ​ដែល​រឹងមាំ​។ មេដឹកនាំ ដែល​បាន​ស្វែងរក​សន្តិភាព​ជូន​ប្រជាជន ហើយ​បាន​ព្យាយាម​កសាង អភិវឌ្ឍ​ប្រទេស និង​កាត់បន្ថយ​អំពើ​អយុត្តិធម៌​កាន់តែច្រើន នឹង​ក្លាយជា​វីរបុរស​របស់​ប្រទេស​នោះ​។

ម្តងទៀត យុត្តិធម៌ គឺជា​ព្រលឹង​នៃ​សន្តិភាព​។ សន្តិភាព ដែល​គ្មាន​យុត្តិធម៌ គឺ​ដូចជា​មនុស្ស គ្មាន​ព្រលឹង​៕ 
 
 

Tag:
 សន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com