ការប្រកួតបាល់ទាត់ជម្រើសជើងឯកនារីប្រចាំឆ្នាំ២០២០(Cambodian Women’s League)នឹងចាប់ផ្តើមប្រកួតនៅចុងខែកញ្ញា ឆ្នាំ២០២០នេះ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)បង្កើតពានរង្វាន់នេះឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍កីឡាបាល់ទាត់ផ្នែកនារីនៅកម្ពុជា សម្រាប់ត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
លោកស្រី ពុធ ធីតា ប្រធានគណៈកម្មការបាល់ទាត់នារី នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ជម្រើសជើងឯកនារី ជាផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធក្នុងការអភិវឌ្ឍបាល់ទាត់នារី ដើម្បីឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ មុនឈានដល់ស៊ីហ្គេមឆ្នាំ២០២៣ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាមានភារកិច្ចដ៏ធំមួយទៀតដោយពួកគេត្រូវប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម។
បើតាមលោកស្រី ពុធ ធីតា សហព័ន្ធ នឹងបញ្ជូនក្រុមបាល់ទាត់ជម្រើសជាតិនារីចំនួន២៥រូបទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេល៣ឆ្នាំ ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ធំៗទាំងពីរខាងលើ។ កីឡាការិនីទាំង២៥រូបនេះ នឹងត្រូវជ្រើសរើសចេញពីការប្រកួតជម្រើសជើងឯកនារីប្រចាំឆ្នាំ២០២០។
«យើងមានបោះជំរំហ្វឹកហាត់នៅចិន៣ឆ្នាំ(២០២១-២០២៣) មួយឆ្នាំយើងធ្វើ២លើក ដោយមួយលើកមានរយៈពេល៩០ថ្ងៃ ហើយមូលហេតុដែលយើងធ្វើលីគ(ជម្រើសជើងឯកនារី) គឺដើម្បីជម្រើសយក២៥នាក់ និងមន្ត្រី៤នាក់ អ៊ីចឹងសរុបទៅ២៩នាក់សម្រាប់ទៅចិន»។ នេះជាការបញ្ជាក់របស់លោកស្រី ពុធ ធីតា ដែលបានបន្ថែមថា រាល់ការចំណាយជាបន្ទុករបស់ភាគីចិន។
លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាននិយាយថា សហព័ន្ធគ្រោងបញ្ជូនក្រុមបាល់ទាត់នារីឲ្យទៅហ្វឹកហាត់នៅចិនជាយូរមកហើយ តែត្រូវបានអាក់ខានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ លោកបានបង្ហាញក្តីកង្វល់ទៀតថា គម្រោងចេញទៅហ្វឹកហាត់នៅចិនរបស់ក្រុមបាល់ទាត់នារីនៅឆ្នាំក្រោយ មិនទាន់ប្រាកដ១០០ភាគរយនោះទេ ដ្បិតការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្រៅប្រទេសនៅតែបន្តកើនឡើង។
លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, រូបភាពពី FFC
«យើងត្រៀមយូរហើយសម្រាប់គម្រោងទៅហាត់នៅចិន ប៉ុន្តែដោយសារបញ្ហាកូវីដបានរារាំងផែនការទៅហាត់នៅចិន។ តាមពិតទៅនៅសល់ពីរបីខែទៀត ដែលយើងមានពេលរៀបចំលីគនារីនេះ ដើម្បីជ្រើសរើសយកក្រុមទៅហាត់នៅចិន។ ប៉ុន្តែយើងហាក់ដូចជាសង្ឃឹមតិច ដោយសាបញ្ហាកូវីដនៅតែមានសន្ទុះនៅខាងក្រៅ ដូច្នេះយើងបានទៅ ឬមិនបានទៅ យើងចាំមើលទាំងអស់គ្នា»។ នេះជាការលើកឡើងរបស់លោក កែវ សារ៉េត។
លោកបានបន្ថែមថា៖«យើងនឹងមានគ្រូអមទៅហាត់នៅចិន គឺគ្រូខ្មែរយើងទៅជាមួយ ទៅហាត់រៀនក្បាច់គុនពីចិន ហើយពេលមក គាត់នឹងកាន់បាល់ទាត់នារីផ្ទាល់នៅពេលដែលយើងនាំក្រុមទៅលេងនៅស៊ីហ្គេម។ គ្រូខ្មែរយើងអ្នកចេញមុខ គេគ្រាន់តែជាអ្នកជួយទេ យើងអ្នកដឹកនាំទៅដោយខ្លួនឯងពេលទៅចូលរួមប្រកួតនៅស៊ីហ្គេម»។
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ជម្រើសជើងឯកនារីប្រចាំឆ្នាំ២០២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ តាមរូបមន្តប្រកួតវិលជុំ តែធ្វើឡើងតែមួយជើងប៉ុណ្ណោះ។ ពោលគឺក្រុមដែលមានពិន្ទុខ្ពស់ជាងគេក្នុងចំណោម១០ក្រុមដែលចូលរួមឆ្នាំនេះ នឹងទទួលបានជើងឯកតែម្តង។ សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តក្រុមជ័យលាភីឆ្នាំនេះ កើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុន ក្នុងនោះក្រុមជើងឯកទទួលបាន១២លានរៀល ជើងឯករង៦លានរៀល និងលេខ៣បាន៤លានរៀល ខណៈកាលពីឆ្នាំមុនក្រុមជើងឯកបាន៥លានរៀល ជើងឯករង៣លានរៀល និងលេខ៣បាន២លានរៀល៕