អន្តរជាតិ
Oxfam៖ អ្នកមាន​បំផុត​១​ភាគរយ​បញ្ចេញ​ឧស្ម័ន​ពុល​២​ដង​ច្រើនជាង​អ្នកក្រ​បំផុត​កន្លះ​ផែនដី​
23, Sep 2020 , 9:29 pm        
រូបភាព
ការបញ្ចេញឧស្ម័នពុលពីរោងចក្រឧស្សាហកម្ម។ រូបភាព៖AFP
ការបញ្ចេញឧស្ម័នពុលពីរោងចក្រឧស្សាហកម្ម។ រូបភាព៖AFP
ដោយ:
​របាយការណ៍​ស្រាវជ្រាវ​មួយ​របស់​អង្គការ Oxfam ចេញ​ថ្ងៃទី​២១ ខែកញ្ញា បង្ហាញថា ប្រជាជនមាន​បំផុត​មួយ​ភាគរយ​របស់​ពិភពលោក បញ្ចេញ​ឧស្ម័ន​ពុល​ពីរដង​ច្រើនជាង​ប្រជាជន​ក្រីក្រ​បំផុត​៥០​ភាគរយ​។ របាយការណ៍​នេះ ពិនិត្យ​លើ​ទិន្ន័យ​ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ ២០១៥ ដែល​ក្នុង​ពេលនេះ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក បាន​កើនឡើង​៦០​ភាគរយ​។​


​អង្គការ​មនុស្សធម៌ Oxfam និង​វិទ្យាស្ថាន​បរិស្ថាន​ស្តុក​ខុល កត់សម្គាល់ថា ប្រជាជន​អ្នកមាន​បំផុត ៦៣​លាន​នាក់ ឬ​១​ភាគរយ បញ្ចេញ​ឧស្ម័ន​ពុល​ច្រើនជាង​២​ដង ធៀប​នឹង​ប្រជាជន​ក្រីក្រ​៣,១​ពាន់​លាន​នាក់ ឬ​៥០​ភាគរយ​។ របាយការណ៍​នេះ បញ្ជាក់​ផងដែរ​ថា ការបញ្ចេញ​ឧស្ម័ន​ពុល​ពី​សំណាក់​អ្នកមាន​បំផុត​១​ភាគរយ​នោះ មានការ​កើនឡើង​៣​ដង​ច្រើនជាង​អ្នកក្រីក្រ​៥០​ភាគរយ​ផងដែរ​។​
 
​ស្របពេល​ជាមួយគ្នានេះដែរ របាយការណ៍​ដដែល​ប​ន្ត​ថា ប្រជាជន​ដែលជា​ជាប់​អ្នកមាន​១០​ភាគរយ ដែលមាន​ចំនួន​៦៣០​លាន​នាក់ ជា​អ្នក​បញ្ចេញ​ឧស្ម័ន​ពុល​ប្រមាណ​៥២​ភាគរយ​ទៅក្នុង​បរិយាកាស​ក្នុង​រយៈពេល​២៥​ឆ្នាំ​ចុងក្រោយ​។ ការសិក្សា​របស់ Oxfam កំណត់ថា អ្នកមាន​បំផុត​១​ភាគរយ សំដៅ​ទៅលើ​អ្នក​ដែល​រកចំណូលបាន​ច្រើនជាង​១​សែន​ដុល្លារ​ក្នុង​មួយឆ្នាំ ចំណែកឯ​អ្នកមាន​១០​ភាគរយ សំដៅលើ​អ្នករក​ប្រាក់ចំណូល​បាន​៣​ម៉ឺន​៥​ពាន់​ដុល្លារ​ក្នុង​មួយឆ្នាំ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Tim Gore ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​គោលនយោបាយ​របស់ Oxfam បាន​សង្កត់ធ្ងន់ថា​៖ «​ការបញ្ចេញ​ឧស្ម័ន​ពុល​យ៉ាងច្រើន​នៅ​ប្រទេស​អ្នកមាន ដែល​ធ្វើ​ឲ្យ​ពិភពលោក​ប្រឈម​នឹង​គ្រោះមហន្តរាយធម្មជាតិ បណ្តាលមកពី​ការប្រើប្រាស់​ផូស៊ីល​ឥន្ធនៈ នៅតែ​មិនអាច​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​រាប់ពាន់​លាន​នាក់​ប្រសើរ​ជាង​មុន​ឡើយ​»​។​
 
​លោក​បន្ថែមថា មូលនិធិ​កាបូន​ពិភពលោក​(Global Carbon Budget) ត្រូវបាន​ប្រើប្រាស់​ដោយ​មិន​សមស្រប​ពី​សំណាក់​ប្រទេស​អ្នកមាន ហើយ​មិន​ធ្វើ​ឲ្យ​ការរស់នៅ​មនុស្សជាតិ​ប្រសើរ​ជាង​មុន​។ មូលនិធិ​កាបូន​ពិភពលោក​នេះ សំដៅ​ទៅលើ​បរិមាណ​កាបូន​ក្នុង​ចំនួន​កំណត់​ណាមួយ​ដែល​គេ​អាច​បញ្ចេញ​ទៅក្នុង​បរិយាកាស ដើម្បី​បញ្ចៀស​ផលប៉ះពាល់​អាកាសធាតុ​ដ៏​អាក្រក់​បំផុត​។​
 
​ការ​បញ្ចេ​ឧស្ម័ន​កាបូ​និក​ទៅក្នុង​បរិយាកាស បណ្តាល​ឲ្យ​កើនឡើង​កម្តៅ​បរិយាកាស​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​។ ការកើនឡើង​កម្តៅ​ច្រើនជាង​១,៥​អង្សា នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​ពេញទំហឹង​លើ​ប្រព័ន្ធ​បរិស្ថាន​។ បើសិន​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក​នៅតែ​មិន​ត្រូវបាន​ដោះស្រាយ ក្នុង​រយៈពេល​១០​ឆ្នាំ​ទៅមុខ​ប្រជាជន​អ្នកមាន​១០​ភាគរយ នឹង​បញ្ចេញ​ឧស្ម័ន​កាបូ​និក​កាន់​ច្រើន ដែល​នឹងធ្វើ​ឲ្យ​កម្តៅ​ផែនដី​កើនឡើង​លើស​១,៥​អង្សា​។​
 
​ការបញ្ចេញ​ឧស្ម័ន​ពុល នៅ​បណ្តា​ប្រទេស​អ្នកមាន ត្រូវបាន​លោក Gore អះអាងថា បណ្តាលមកពី​ការធ្វើដំណើរ​ដូចជា​ការប្រើប្រាស់​រថយន្ត​ប្រភេទ​SUV ដែល​បញ្ចេញ​ឧស្ម័ន​ច្រើន និង​ការ​ជិះ​យន្តហោះ​ញឹកញាប់​។ ត្រង់ចំណុច​នេះ អង្គការ Oxfam ចង់​ឲ្យ​ប្រទេស​ទាំងនោះ យកពន្ធ​បន្ថែម​លើ​ការធ្វើដំណើរ​ប្រណិត​ដូចជា​ការហោះហើរ​ញឹកញាប់ ដើម្បី​យកលុយ​ទៅ​វិនិយោគ​ក្នុង​វិស័យ​ដែល​បញ្ចេញ​ឧស្ម័ន​តិច និង​ធ្វើ​ឲ្យ​ជីវភាព​អ្នកក្រីក្រ​ប្រសើរឡើង​។​
 
​លោក Gore អះអាង​បន្តថា រដ្ឋាភិបាល​ត្រូវដាក់​ការប្រយុទ្ធប្រឆាំង​ទៅនឹង​អាកាសធាតុ និង​បញ្ហា​វិសម​ភាពជា​ចំណុច​ស្នូល​នៃ​ផែនការ​ស្រោចស្រង់​សេដ្ឋកិច្ច​ក្រោយ COVID-19 ផងដែរ​៕
 
 
 
 

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com