COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ ប្រេ​ស៊ី​ល នឹង​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ខ្លះ​ចូល​កីឡដ្ឋាន​បាល់ទាត់​វិញ​
23, Sep 2020 , 4:07 pm        
រូបភាព
​ប្រេ​ស៊ី​ល នឹង​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​កីឡាបាល់ទាត់​វិលត្រឡប់​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន​វិញ​ក្នុង​ឆាប់ៗ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល នៅ​ថ្ងៃទី​២២ ខែកញ្ញា ដោយ​សង្កត់ធ្ងន់ថា​អ្នកគាំទ្រ​ត្រូវមាន​ចំនួន​ត្រឹម​៣០​ភាគរយ​ប៉ុណ្ណោះ ដើម្បី​បង្ការ​ការឆ្លង COVID-19​។


​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​បានចេញ​សេចក្តីប្រកាស​ខ្លី​ថា រឿង​ដែល​សំខាន់បំផុត​ដំបូង​គឺ​ត្រូវ​ឲ្យ​មាន​អ្នកគាំទ្រ​ត្រឹម ៣០ ភាគរយ​នៃ​ចំនួន​កៅអី​សរុប​ក្នុង​កីឡដ្ឋាន​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ស្ថានភាព​ល្អប្រសើរ​ជាង​នេះ នឹង​បន្ថែម​លើស​នេះ​ទៀត​ប្រសិនបើ​ចាំបាច់​។ ដូច្នេះ​មានន័យថា ប្រេ​ស៊ី​ល​នឹង​អនុញ្ញាត​ឲ្យ​មាន​ចំនួន​អ្នកគាំទ្រ​ប្រមាណ​២៥០០០ នាក់​នៅក្នុង​កីឡាដ្ឋាន Maracana ក្នុង​ក្រុង Rio de Janeiro ប៉ុណ្ណោះ​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ការសម្រេចចិត្ត​បែបនេះ កើតឡើង​បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​ប្រេ​ស៊ី​ល (BFC) បាន​ស្នើសុំ​មន្ត្រី​សុខាភិបាល​សម្រេច​លើ​សំណើ​របស់​ពួកគេ​ដើម្បី​ធ្វើ​ឲ្យ​អ្នកគាំទ្រ​វិលត្រឡប់​ទៅកាន់​ទីលាន​ដែល​បាន​បិទ​អស់​រយៈពេល​៦​ខែ​មកហើយ​នោះ​។ កម្មវិធី​ប្រកួត​បាល់ទាត់​ស្ទើ​ពេញ​ពិភពលោក​បាន​ផ្អាក​តាំងពី​ខែមីនា ស្របពេល​ការរីក​រាលដាល​ជំងឺ COVID-19 កំពុង​កើនឡើង​ខ្លាំង​។​
 
​យ៉ាងណាក៏ដោយ បើ​ទោះ​មានការ​អនុញ្ញាត​ដូច្នេះ​ក្តី តែ​ទីក្រុង​ខ្លះ​ដូចជា Belo Horizonte បាន បដិសេធ​ការវិលត្រឡប់​របស់​អ្នកគាំទ្រ​នេះ ដ្បិត​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​រាតត្បាត​សកល​នេះ​ច្រើន​នៅឡើយ​។​
 
​មកទល់ពេលនេះ ប្រេ​ស៊ី​ល​មាន​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 ជាង​១៣​សែន​នាក់ ស្របពេល​ប្រទេស​ស្ថិតក្នុង​តំបន់​អាមេរិក​ឡាទីន​មួយ​នេះ រង​ផលប៉ះពាល់​ធ្ងន់​ជាងគេ​លំដាប់​ទី​២​ពិភពលោក បន្ទាប់ពី​អាមេរិក​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com