អាជីវកម្ម​មួយ​នៅ​វៀតណាម​យក​ស្រោមអនាម័យ​ដែល​ប្រើ​រួច​ទៅ​សម្អាត​ដើម្បី​ដាក់លក់​ឡើងវិញ​
សង្គមអន្តរជាតិ​
អន្តរជាតិ
អាជីវកម្ម​មួយ​នៅ​វៀតណាម​យក​ស្រោមអនាម័យ​ដែល​ប្រើ​រួច​ទៅ​សម្អាត​ដើម្បី​ដាក់លក់​ឡើងវិញ​
23, Sep 2020 , 10:29 pm        
រូបភាព
ដោយ: ធីតា
​អាជ្ញាធរ​ផ្សារ​ក្នុង​ខេត្ត Binh Duong ប្រទេស​វៀតណាម កាលពីពេល​ថ្មីៗ​កន្លងមកនេះ រឹបអូស​បាន​ស្រោមអនាម័យ​ជាង​៣២​ម៉ឺន ដែលមាន​ទម្ងន់​ប្រមាណ​៣៦០​គីឡូក្រាម នៅ​ទីតាំង​មួយកន្លែង​ក្នុងស្រុក Tan Uyen ។ យោងតាម​ការផ្សាយ​រប​ស់ VN Express ស្រោមអនាម័យ​ទាំងនោះ សុទ្ធតែ​ត្រូវបាន​ប្រើប្រាស់​រួចហើយ ដោយ​ឈ្មួញ​យកទៅ​សម្អាត​ដើម្បី​លក់​ឡើងវិញ​ក្នុង​ទីផ្សារ​។​


​មុន​ឈានដល់​ការ​រឹបអូស សមត្ថកិច្ច​មូលដ្ឋាន បាន​បើក​ការស៊ើបអង្កេត ក្រោយ​រកឃើញថា ផលិតផល​ស្រោមអនាម័យ​នៅ​ផ្សារ Binh Duong នោះ  គ្មាន​ម៉ាក​យីហោរ និង​លិខិតអនុញ្ញាត​អាជីវកម្ម​ត្រឹមត្រូវ​នោះឡើយ​។​
 
​ទីតាំង​ដែល​សម្អាត​ស្រោមអនាម័យ​នោះ មាន​ស្ត្រី​ឈ្មោះ Pham Thi Thanh Ngoc អាយុ​៣៣​ឆ្នាំ ជា​អ្នក​ជួល​។ ក្នុង​ចម្លើយសារភាព​របស់ខ្លួន Thanh Ngoc បាន​បញ្ជាក់ថា ជា​រៀងរាល់ខែ ខ្លួន​ទទួលបាន​ស្រោមអនាម័យ​ដែល​ប្រើប្រាស់​រួច​រាប់ពាន់​ពី​សំណាក់​មនុស្ស​មិន​ស្គាល់ឈ្មោះ​ម្នាក់​។ ក្រោយ​ទទួលបាន គាត់​បាន​យក​ស្រោមអនាម័យ​ទៅ​ស​ម្ងួ​ត​ភ្លាមៗ ហើយ​យក​វា​ទៅ​បំពាក់​លើ​លឹ​ង្គ​សិប្បនិម្មិត​ដើម្បី​ធ្វើ​ឲ្យ​ដូច​រូបភាព​ដើម រួច​កែច្នៃ​បន្ត​ឲ្យ​ដូចជា​ស្រោមអនាម័យ​ថ្មី មុននឹង​យកទៅលក់​។​
 
​នា​អំឡុង​នៃ​ប្រតិបត្តិការ សមត្ថកិច្ច​រឹបអូស​បាន​ស្រោមអនាម័យ​ប្រមាណ​៣២៤ ០០០ ដែលមាន​ទម្ងន់​៣៦០​គីឡូក្រាម រួមទាំង​កៅស៊ូ​ដែល​បាន​ប្រើប្រាស់​រួច ក៏ដូចជា​ឧបករណ៍​សម្រាប់​កែច្នៃ​មួយចំនួន ដែល​សុទ្ធតែ​មិនមាន​ម៉ាក​សម្គាល់​ត្រឹមត្រូវ​។ 
 
​បើតាម VN Express សមត្ថកិច្ច​វៀតណាម មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត​ឡើយ​ទាក់ទង​នឹង​ប្រតិបត្តិការ​របស់ខ្លួន ដោយ​រង់ចាំ​លទ្ធផល​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដោយ​អ្នក​ទាំងនោះ សុទ្ធតែ​ប្រឈម​ជាប់ពន្ធនាគារ​ពីបទ​ផលិត​ផលិតផល​ក្លែងក្លាយ​៕
 

Tag:
 ស្រោមអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com