ជាតិ
សង្គមជាតិ
គ្រប់​សំណង់​លើ​ចំណីផ្លូវ​៣៨​ខ្សែ​នៅ​សៀមរាប ត្រូវតម្រូវ​ឲ្យ​រើចេញ​ដោយ​មិន​ផ្តល់​សំណង​
23, Sep 2020 , 4:31 pm        
រូបភាព
សម្តេច ទៀ បាញ់ ផ្ដល់បទសម្ពាសន៍ដល់ក្រុមសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។
សម្តេច ទៀ បាញ់ ផ្ដល់បទសម្ពាសន៍ដល់ក្រុមសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។
​សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​-​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​ផ្លូវ​៣៨​ខ្សែ​នៅ​ទី​រួម​ខេត្តសៀមរាប ផ្ញើ​សារ​ជូន​ប្រជាពលរដ្ឋ ដែល​សង់​លំនៅឋាន​ឬ​សំណង់​ផ្សេងៗ លយ​ចូលទៅក្នុង​ចំណីផ្លូវ​ទាំង៣៨​ខ្សែ​នោះ គឺ​ត្រូវ​ប្រញាប់​រុះរើ​ចេញ​ទាំងអស់​។ សម្តេច អះអាងថា ប្រជាពលរដ្ឋ នឹងមិន​ទទួលបាន​សំណងឡើយ ដ្បិត​សំណង់​ទាំងនោះ ត្រូវបាន​សង់​លើ​ចំណីផ្លូវ​ដោយ​ខុសច្បាប់​។



​ក្រោយ​ចាក​ចេញពី​កិច្ចប្រជុំ​គណៈកម្មការ​សាងសង់​ផ្លូវ​៣៨ខ្សែ នៅ​សាលា​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ សម្តេច ទៀ បាញ់ ថ្លែងទៅកាន់ក្រុមអ្នកកាសែត​ដូច្នេះ​ថា​៖«...​ត្រូវតែ​អនុវត្ត ត្រូវតែ​រើចេញ ដើម្បី​បង្ក​លក្ខណសម្បត្តិ ឲ្យ​ក្រុមការងារ ដែល​ធ្វើ​ផ្លូវ​ខាងមុខនេះ អាហ្នឹង គឺជា​បញ្ហា​បន្ទាន់​មួយ​សំខាន់បំផុត​»​។ 
 
​សម្តេច បន្តថា​៖«[​ប្រជាពលរដ្ឋ​] ពួកគាត់ មាន​កាត​ព្វ​កិច្ច​តែមួយ​មុខ គឺ​រួមជាមួយ​គណៈកម្មការ និង​ក្រុម​ធ្វើ​ផ្លូវ​ហ្នឹង ត្រូវតែ [​រើ​] ចេញ​ដោយ​គ្មាន​លក្ខខណ្ឌ​អី​ទាំងអស់ អាហ្នឹង គឺ​អត់​មាន​សំណង​អី​ទាំងអស់ ព្រោះ​ពួកគាត់​មក​នៅ គឺ​រំលោភ [​យក​ផ្លូវ​] ស្រេច​ទៅហើយ​...»​។ 

សំឡេង



 
​សម្តេច​ឧបនាយករដ្ឋមន្ត្រី លើកឡើងថា រដ្ឋបាល​ខេត្តសៀមរាប នឹង​ជូនដំណឹង​ជាក់លាក់​ដល់​ប្រជាពលរដ្ឋ អំពី​ការសាងសង់​ផ្លូវ​៣៨​ខ្សែ​ក្នុង​ទី​រួម​ខេត្តសៀមរាប និង​អំពី​ការស្នើ​ឲ្យ​រុះរើ​ចេញ​នូវ​រាល់​សំណង់ ដែល​ស្ថិត​លើ​ចំណីផ្លូវ​ទាំង​៣៨​ខ្សែ​។​
 
​ព័ត៌មានលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បង្ហាញថា ផ្លូវទាំង៣៨ខ្សែ មានប្រហែងសរុប១០០គីឡូម៉ែត្រ។ ប៉ុន្តែ គេ មិនទាន់​ដឹងថា នឹងមាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​នោះទេ ដែលមាន​លំនៅឋាន​ឬ​សំណង់ នៅលើ​ចំណីផ្លូវ​ទាំង​៣៨​ខ្សែ​នោះ ហើយនឹង​ត្រូវ​រុះរើ​ចេញ​វិញ​។ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបំភ្លឺ​បន្ថែម​ពី​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​បានទេ ដោយសារតែ​លោក ពុំ​ទទួល​ការហៅ​ចូល​។ 
 
​បើតាម​សម្តេច ទៀ បាញ់ ដដែល ការសាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ គឺ​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុង​ខេត្ត​សៀ​មរាប ដែលជា​តំបន់​ប៉ូល​មួយ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​។ សម្តេច មើលឃើញថា ក្រោយ​ចប់​វិបត្តិ​កូ​វីដ​-១៩ ក្រុង​សៀមរាប នឹង​ទទួលបាន​ភ្ញៀវទេចរ​យ៉ាងច្រើន​កុះករ​។  
 
​សម្តេច​រដ្ឋមន្ត្រី ដែល​ទទួល​ភារកិច្ច​ជា​ប្រធាន​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ មានប្រសាសន៍ថា​៖«​យើង រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ចាំបាច់​ឲ្យ​ហើយ ដើម្បី​ទទួល​ទេសចរ មក​ទស្សនា​ក្នុង​ខេត្តសៀមរាប​នេះ​»​។​
 
​សម្តេច បញ្ជាក់ថា ក្រុមការងារ នឹង​ប្រឹងប្រែង​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ ឲ្យ​បាន​លឿន​បំផុត ដោយ​តាម​គម្រោង គឺ​ត្រូវ​ឲ្យ​រួចរាល់​ទាំងស្រុង នៅត្រឹម​ឆ្នាំ​២០២១​។ សម្តេច បង្ហាញ​ក្តី​រំពឹងថា​៖«​និយាយ​ឲ្យ​មែនទែន ក្នុងរ​ង្វ​ល់​មួយឆ្នាំ​ហ្នឹង គឺ​ខេត្តសៀមរាប នឹង​ចេញ​មុខមាត់​ថ្មី តាម​តម្រូវការ ដែល​យើង​បានរៀបចំ​ជាក់​ជាមិនខាន​»​។​
 
​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០២០ អាជ្ញាធរ នឹង​រៀបចំ​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ ដោយមាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅធ្វើជា​អធិបតី​។ រដ្ឋាភិបាល បាន​បញ្ចេញ​ថវិកា​១៥០​លាន​ដុល្លារ សម្រាប់​សាងសង់​ផ្លូវ​៣៨​ខ្សែ​នោះ​។ 
 
​ដើម្បី​ងាយស្រួល​ដល់​ដំណើរការ​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ រដ្ឋាភិបាល បាន​បង្កើត​គណៈកម្មកា​រ​មួយ ដោយ​សម្តេច ទៀ បាញ់ ជា​ប្រធាន លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី​-​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ជា​អនុប្រធាន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​-​រដ្ឋមន្ត្រីក្រសួង​សាធារណការ ជា​អនុប្រធាន​អចិន្ត្រៃយ៍ និង​មាន​សមាជិក​១៥​នាក់​ទៀត​។ លោក ទៀ សីហា ក៏​ជា​សមាជិក​នៃ​គណៈកម្មការ​នេះដែរ​៕ 

Tag:
 ហេដ្ឋារចនាសម្ព័ន្ធ​
  គម្រោង​សង់​ផ្លូវ​៣៨ខ្សែ
  ទៀ បាញ់
© រក្សាសិទ្ធិដោយ thmeythmey.com